Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រី​​ការពារជាតិ​អាមេរិក Hegseth ត្រូវរាយការណ៍​ថា ​មានជម្លោះ​ជាមួយ​​មន្ត្រី​កងទ័ព Driscol

បានផុស

នៅ

កាសែត Washington Post កាលពីថ្ងៃទី ៧ ខែមេសា បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ ដោយលើកឡើងថា រដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth និងរដ្ឋលេខាធិការកងទ័ព លោក Dan Driscoll មាន «ជម្លោះស្រាប់» ហើយបានប៉ះទង្គិចសម្តី​គ្នាលើបញ្ហាជាច្រើននាពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រដ្ឋលេខាធិការកងទ័ព Dan Driscoll និង លោក Pete Hegseth (រូបភាព៖Reuters)

ប្រភពនៃភាពតានតឹង បានចាប់ផ្តើមកាលពីដើមឆ្នាំ ២០២៥មកម្ល៉េះ នៅពេលដែលលោក Driscoll ត្រូវបានលើកឡើងនៅ​ក្នុងរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ថាជា «បេក្ខជនដែលមានសក្តានុពលដើម្បីជំនួសលោក Hegseth»។ ​នៅពេលនោះ រដ្ឋមន្ត្រីក្រសួងសង្គ្រាមកំពុងព្យាយាមអះអាងជំហររបស់គាត់ក្នុងចំណោមភាពចម្រូងចម្រាសជាបន្តបន្ទាប់នៅក្នុងឆ្នាំដំបូងនៃការកាន់តំណែង។

ទោះជាយ៉ាងណាក៏ដោយ លោកត្រាំនៅពេលនោះបានបន្តគាំទ្ររដ្ឋមន្ត្រីក្រសួងសង្គ្រាម។ មេដឹកនាំអាមេរិករូបនេះទើបតែបានបញ្ជាក់ជាថ្មីថា Hegseth «កើតមកដើម្បីធ្វើតួនាទីនេះ»។

រដ្ឋលេខាធិការកងទ័ព និងរដ្ឋមន្ត្រីក្រសួងសង្គ្រាម កាលពីពេលថ្មីៗនេះមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន រួមទាំងការបដិសេធរបស់លោក Hegseth ក្នុងការអនុម័តការឡើងឋានៈឧត្តមសេនីយ៍កងទ័ពមួយចំនួន។ នេះបាននាំឲ្យមនុស្សជាច្រើនសួរថា តើមេដឹកនាំទាំងពីរអាចធ្វើការជាមួយគ្នាបានរយៈពេលប៉ុន្មានទៀត។ នេះបើយោងតាម ក្រុមមន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

ឆ្លើយតបទៅនឹងព័ត៌មាននេះ លោក Driscoll បាននិយាយថា ខ្លួនមិនមានគម្រោងចាកចេញ ឬលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងកងទ័ពទេ។ លោកថា វាគឺជា «កិត្តិយសដ៏អស្ចារ្យបំផុតនៃជីវិតរបស់ខ្ញុំ ដែលបានបម្រើការនៅក្នុងរដ្ឋបាលត្រាំ ហើយខ្ញុំនៅតែផ្តោតលើការជួយអាមេរិកឲ្យមានកម្លាំងជើងគោកដ៏រឹងមាំបំផុតដែលពិភពលោកធ្លាប់បានឃើញ»។

ដោយឡែក លោក Parnell Sean អ្នកនាំពាក្យរបស់លោក Hegseth ក៏បានបដិសេធរបាយការណ៍អំពីជម្លោះមួយ ដោយនិយាយថា រដ្ឋមន្ត្រីក្រសួងសង្គ្រាម រក្សាទំនាក់ទំនងការងារល្អជាមួយថ្នាក់ដឹកនាំនៃគ្រប់សេវាកម្មទាំងអស់ រួមទាំងរដ្ឋមន្ត្រីក្រសួងកងទ័ព Driscoll។

សេតវិមានក៏ហាក់ដូចជាបង្ហាញការគាំទ្រដល់លោក Driscoll ដែរ។ ជាក់ស្ដែង អ្នកនាំពាក្យសេតវិមានលោកស្រី Anna Kelly បានលើកសរសើរតួនាទីរបស់យោធាអាមេរិកនៅក្នុងជម្លោះជាមួយអ៊ីរ៉ង់ថា «ទេពកោសល្យដ៏អស្ចារ្យរបស់កងទ័ពអាមេរិកគឺជាក់ស្តែងនៅពេលដែលអ្នកចម្បាំងរបស់យើងបានជួបប្រជុំគ្នា ថែមទាំងលើសពីស្តង់ដារទៀតផងសូម្បីតែក្នុងអំឡុងពេលប្រតិបត្តិការ «Rage of Terror» សមត្ថភាពយោធារបស់អ៊ីរ៉ង់កំពុងធ្លាក់ចុះហើយ»។

ព័ត៌មាននេះត្រូវបានចេញផ្សាយ បន្ទាប់ពីប្រធានសេនាធិការកងទ័ពអាមេរិក Randy George រួមជាមួយឧត្តមសេនីយ៍ជាន់ខ្ពស់ពីររូបគឺ William Green Jr. និង David Hodne ត្រូវបានបណ្តេញចេញពីភារកិច្ចរបស់ពួកគេ។ ចំណែកលោក Parnell ត្រូវបានគេរាយការណ៍ថា បានប្រាប់មិត្តរួមការងារថា លោកចាប់អារម្មណ៍អំពីតំណែងរបស់លោក Driscoll ប្រសិនបើវាក្លាយជា «កៅអីទំនេរ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម