Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​ បង្ហាញ​ក្តី​បារម្ភ​​លើកដំបូង ចំពោះកិច្ចព្រមព្រៀង​​រវាង​អាមេរិក-អ៊ីរ៉ង់​​​ ដែល​នឹងដាក់​កំហិត​ខ្លួន​

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់​អ៊ី​ស្រាអែល​ បាន​សម្តែង​ការ​ព្រួយបារម្ភ​​លើ​កិច្ចព្រមព្រៀងរវាង​សហរដ្ឋអាមេរិកនិង​អ៊ីរ៉ង់​ដែល​កំពុង​លេច​ចេញ​កាន់តែ​ច្បាស់​ឡើង​​ដើម្បី​បញ្ចប់សង្គ្រាម​ ហើយ​​ ក៏​អាច​រឹតត្បិត​ដល់​​​លទ្ធភាព​អ៊ីស្រាអែលយ៉ាង​ខ្លាំង​​ប្រឆាំង​នឹង​ក្រុមហេសបូឡា​នៅក្នុងប្រទេស​លីបង់​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​សារព័ត៌មានអ៊ីស្រាអែល ​Channel 12 ចេញ​ផ្សាយ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៦។

​សេចក្តីរាយការណ៍​នោះ បាន​លើក​ឡើង​ថា កិច្ចព្រមព្រៀង​ដែល​បាន​ស្នើឡើង​នោះ​នឹងនាំមក​នូវការបញ្ចប់​នូវការ​ប្រយុទ្ធគ្នា​ទាំងស្រុង​ នៅក្នុងប្រទេស​លីបង់ រួមជាមួយ​នឹងការបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ លោក បេនចា​មីន ណេតាន់យ៉ាហ៊ូ លើកឡើង​ពីការ​ព្រួយ​បារម្ភនៅក្នុងការសន្ទនា​តាមទូរស័ព្ទជាមួយប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក លោក​ ដូណាល់ ត្រាំ កាលពីម្សិលមិញ[​ថ្ងៃ​ទី​២៣]។

នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល លោក ណេតាន់​យ៉ាហ៊ូ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម ​​Channel 12 លោក ណេតាន់​យ៉ាហ៊ូ បាន​ផ្តោតលើ​​កិច្ច​ខិតខំប្រឹង​ប្រែងរបស់​លោកលើការរក្សា​សេរីភាព​ប្រតិបត្តិការ​របស់​អ៊ីស្រាអែល​ក្នុង​ប្រទេស​លីបង់ ដោយ​អះអាង​ក្នុងសេចក្តីថ្លែងការណ៍​មួយរបស់មន្ត្រីជាន់​ខ្ពស់ម្នាក់​ថា​៖ « លោក ត្រាំ​ បាន​យល់ព្រមថា អ៊ីស្រាអែល​នឹងរក្សាសេរីភាព​លើ​សកម្មភាព​របស់​ខ្លួន​ប្រឆាំងនឹងការគំរាមកំហែង​នៅក្នុងគ្រប់ផ្នែក​ទាំងអស់ រួមទាំង​ប្រទេសលីបង់ផងដែរ»។

ដោយ​ឡែក មន្ត្រីជាន់ខ្ពស់អាមេរិក​ម្នាក់​និយាយថា៖ « ជា​ផ្នែកមួយនៃកិច្ចព្រមព្រៀង​ដែលបានស្នើឡើង ប្រសិន​បើ​ក្រុម​ហេសបូឡាព្យាយាម​វាយប្រហារ​អ៊ី​ស្រាអែល ឬបង្កើតអាវុធឡើងវិញ អ៊ីស្រាអែល​នឹងអាច​ការពារខ្លួនឯង​បាន ប៉ុន្តែ​ប្រសិន​បើ​ក្រុម​ហេសបូឡាប្រកាន់ខ្ជាប់​នូវបទឈប់បាញ់ អ៊ីស្រាអែល​ក៏នឹងត្រូវ​ប្រកាន់ខ្ជាប់ដែរ​»។

របាយការណ៍នោះ​ក៏បានលើក​ឡើង​ដែរថា លោក ណេតាន់​យ៉ាហ៊ូ បាន​ប្រាប់ លោក ត្រាំ​ ថា ខ្លួន​ជឿថាមេដឹកនាំកំពូល​អ៊ីរ៉ង់ លោក Mojtaba Khamenei អាច​នឹង​បដិសេធកិច្ចព្រមព្រៀងនេះ​។

យ៉ាង​ណា មន្ត្រីជាន់ខ្ពស់​អាមេរិកម្នាក់​តប​ថា លោក ណេតាន់​យ៉ាហ៊ូ​ ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាពពេញមួយ​លើការចរចា និង​សម្តែង​ការព្រួយបារម្ភ​ពីទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ចព្រមព្រៀង ប៉ុន្តែនៅទីបំផុត​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​រូប​នេះ​ទទួល​យក​​ការ​លើក​ឡើង​របស់​សហរដ្ឋ​អាមេរិក​ទាំង​​មិន​សប្បាយ​ចិត្ត​ ព្រោះ​ខ្លួន​គ្មាន​ជម្រើស​។

គួរ​បញ្ជាក់​ថា ការវាយប្រហាររួម​គ្នា​​ដែល​ចាប់​ផ្តើម​ដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល​ កាល​ពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ បាន​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នុយក្លេអ៊ែរនិងសមត្ថភាព​យោធារបស់​អ៊ីរ៉ង់​ ជា​ពិសេស​សម្លាប់​​មេដឹក​នាំ​កំពូល​ៗ​អ៊ីរ៉ង់​​ច្រើន​នាក់​ រួម​ទាំង​ជន​ស៊ីវិលយ៉ាង​ហោច​ណាស់ ៣ ៤៦៨នាក់ រួម​ទាំង​កុមារ បុគ្គលិក​ពេទ្យ​ផង​ដែរ​​៕

​សម្រួល៖ ណឺ ​មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម