Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ នឹង​បើកច្រកសមុទ្រហ័រមូសឡើងវិញ ក្នុង​ពេល​ ៣០ថ្ងៃ​ បើ​និយាយ​ត្រូវ​រ៉ូវ​ជាមួយ​អាមេរិក

បានផុស

នៅ

រដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានឈានដល់ការពិភាក្សាលើផែនការបើកច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញ ក្នុងរយៈពេលប្រហែល ៣០ ថ្ងៃ បន្ទាប់ពីកិច្ចព្រមព្រៀងបញ្ឈប់អរិភាពត្រូវបានអនុវត្ត។

ច្រក​សមុទ្រហ័រមូស (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៦ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលដកស្រង់ប្រភពពីកាសែត Nikkei និងមន្ត្រីការទូតប្រចាំតំបន់មជ្ឈិមបូព៌ា នេះជាជំហានថ្មីមួយ ក្នុងការកាត់បន្ថយភាពតានតឹងផ្នែកយោធា និងសេដ្ឋកិច្ចសកល។ វា​គឺជាសញ្ញាវិជ្ជមានមួយ ដែលអាចជួយសម្រួលដល់ការធ្វើដំណើរ និងការរកស៊ីតាមផ្លូវទឹកឡើងវិញ បន្ទាប់ពីមានភាពតានតឹងមួយរយៈ​ធំកន្លងមក។

នៅក្នុងអន្តរកាលនៃរយៈពេល ៣០ថ្ងៃនេះ ភាគីអ៊ីរ៉ង់ នឹងបន្តបោសសម្អាតមីននៅក្នុងច្រកសមុទ្រ ដើម្បីធានាសុវត្ថិភាពពេញលេញដល់នាវាចរណ៍អន្តរជាតិ។ បន្ទាប់ពីការបោសសម្អាត ត្រូវបានបញ្ចប់ នាវាដឹកជញ្ជូនមកពីគ្រប់បណ្តាប្រទេសទាំងអស់ នឹងអាចធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះ ដោយសុវត្ថិភាព ហើយមិនតម្រូវឱ្យបង់ថ្លៃសេវាឆ្លងកាត់ទៅឱ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់នោះទេ។ ទន្ទឹមនោះ បទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីដើមខែមេសា ក៏ត្រូវបានគ្រោងនឹងពន្យារពេលបន្ថែមចំនួន ៦០ថ្ងៃទៀតផងដែរ ដើម្បីទុកពេលឱ្យភាគីទាំងសងខាងដោះស្រាយបញ្ហាផ្សេងៗ។

នៅក្នុងអំឡុងពេលពីរខែដែលសង្រ្គាមត្រូវបានផ្អាក គេរំពឹងថា អាមេរិក និងអ៊ីរ៉ង់ នឹងអង្គុយតុចរចាគ្នាជាបន្តទៀត ដោយផ្តោតសំខាន់ទៅលើរឿងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលជាដើមហេតុនៃជម្លោះដ៏រ៉ាំរ៉ៃ។ ការចរចាបើកច្រកសមុទ្រហ័រមូស​នេះ គឺជារឿងដែលពិភពលោកទាំងមូលកំពុងតែអន្ទះសារតាមដានយ៉ាងខ្លាំង ព្រោះអីទីនេះជាផ្លូវដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុតក្នុងការដឹកជញ្ជូនប្រេង និងហ្គាសទៅកាន់ទីផ្សារអន្តរជាតិ។ ប្រសិនបើច្រកនេះអាចបើកដំណើរការឡើងវិញមែននោះ វានឹងជួយឱ្យតម្លៃថាមពលនៅលើទីផ្សារពិភពលោកមានស្ថិរភាពឡើងវិញជាមិនខាន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម