Connect with us

ព័ត៌មានអន្ដរជាតិ

ការ​លាក់ខ្លួនរបស់​មេដឹកនាំ​កំពូលអ៊ីរ៉ង់ ធ្វើឱ្យការចរចាជាមួយអាមេរិក ជួបភាពរអាក់រអួល

បានផុស

នៅ

ប្រភព​ចារកម្ម​អាមេរិក បានទម្លាយប្រាប់សារព័ត៌មាន CBS ថា មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei កំពុងតែលាក់ខ្លួន នៅក្នុងទីតាំងសម្ងាត់បំផុតមួយ ដោយស្ទើរតែដាច់ទំនាក់ទំនងទាំងស្រុងពីពិភពខាងក្រៅ ដែល​បច្ចុប្បន្ននេះ គ្មាននរណាម្នាក់អាចទាក់ទងលោក​បាន ដោយផ្ទាល់នោះទេ សូម្បីតែមន្ត្រីជាន់ខ្ពស់បំផុតនៅក្នុងរដ្ឋាភិបាលអ៊ីរ៉ង់ក៏មិនដឹងថា លោកកំពុងស្នាក់នៅទីណាដែរ ពោលគឺរាល់ការផ្ញើសារ ឬទំនាក់ទំនងទាំងឡាយ ត្រូវធ្វើឡើងតាមរយៈបណ្តាញអ្នកនាំសារសម្ងាត់ដ៏ស្មុគស្មាញ ដែលការណ៍នេះ បានបង្កជាផលវិបាក និងធ្វើឱ្យមានការយឺតយ៉ាវយ៉ាងខ្លាំង នៅក្នុងកិច្ចចរចាសន្តិភាពដែលកំពុងប្រព្រឹត្តទៅរវាងអាមេរិក និងអ៊ីរ៉ង់។

រូបគំនូរ​លោក Ali Khamenei និង​លោក Mojtaba Khamenei (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​​កាល​ពី​ថ្ងៃទី​២៥ ខែ​សភា ឆ្នាំ​២០២៦ របស់ NDTV ដោយដកស្រង់​ប្រភពចេញ​​ពីសារព័ត៌មាន CBS មន្ត្រីអាមេរិកម្នាក់ បានរៀបរាប់ថា ភាពកំបាំងមុខនេះហើយ ជាហេតុផលដែលធ្វើឱ្យគេតែងតែឮព័ត៌មានប្លែកៗ ដូចជា ភាគីខ្លះនិយាយថា «មេដឹកនាំកំពូលបានយល់ព្រមលើក្របខ័ណ្ឌហើយ» ឯខ្លះទៀតថា «កំពុងរង់ចាំការសម្រេចចិត្តលើចំណុចចុងក្រោយ» ពីព្រោះរាល់ព័ត៌មានដែលទៅដល់ដៃលោក សុទ្ធតែជាព័ត៌មានដែលហួសពេលបន្តិចទៅហើយ ហើយការឆ្លើយតបមកវិញ ក៏ត្រូវចំណាយពេលយូរដូចគ្នា។ ប្រភពដដែល បានបន្ថែមថា មិនមែនមានតែមេដឹកនាំកំពូលម្នាក់នោះទេ ប៉ុន្តែមេដឹកនាំសំខាន់ៗភាគច្រើនរបស់អ៊ីរ៉ង់ បានចំណាយពេលរាប់សប្តាហ៍សម្ងំរស់នៅក្នុង​បណ្តាញការពារក្រោមដី​ដ៏រឹងមាំ ដើម្បីគេចចេញពីការតាមកម្ទេច ដោយការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ ការព្យាយាមទាក់ទងគ្នារវាងមេដឹកនាំអ៊ីរ៉ង់ទាំងនោះ ត្រូវបានមន្ត្រីអាមេរិកប្រៀបប្រដូចទៅនឹងរឿងកំប្លែង ព្រោះពួកគេម្នាក់ៗហាក់បីដូចជាកំពុងអស់សង្ឃឹម និងទាល់តម្រិះ ក្នុងការស្វែងរកវិធីជជែកគ្នាឱ្យបានរហ័ស។

គួររំឮកផងដែរថា ភ្លាមៗបន្ទាប់ពីលោក Mojtaba Khamenei បានឡើងកាន់តំណែងជាមេដឹកនាំកំពូលបន្តពីឪពុករបស់លោក កាលពីដើមខែមីនា មានសេចក្តីរាយការណ៍ថា លោកបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសដ៏ធំមួយរបស់អាមេរិក និងអ៊ីស្រាអែល នៅក្នុងទីក្រុងតេហេរ៉ង់ ក្រោមប្រតិបត្តិការយោធា ដែលមានឈ្មោះថា Roaring Lion និង Epic Fury។ កាលណោះ ព័ត៌មានផ្ទៃក្នុង បានអះអាងថា ទោះបីជារងរបួស ប៉ុន្តែលោកនៅតែមានសមត្ថភាពពេញលេញ ក្នុងការដឹកនាំ និងចាត់ចែងកិច្ចការរដ្ឋបានដដែល។

យ៉ាង​ណាមិញ បើតាមប្រភពជិតដិតនឹងរង្វង់ការងារផ្ទៃក្នុងរបស់លោក បានលួចទម្លាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា តាមពិតទៅ លោក Mojtaba Khamenei កំពុងតែស្ថិតក្នុងដំណាក់កាលព្យាបាល និងស្តារនីតិសម្បទាឡើងវិញពីរបួសផ្ទៃមុខ និងជើងយ៉ាងធ្ងន់ធ្ងរ ដែលរបួសទាំងនេះ បង្កឡើងដោយការទម្លាក់គ្រាប់បែកកាលពីចុងខែកុម្ភៈ ដែលជាព្រឹត្តិការណ៍ដ៏រន្ធត់មួយ បានសម្លាប់ឪពុករបស់លោក គឺលោក Ayatollah Ali Khamenei មេដឹកនាំកំពូលជំនាន់មុន។ ទោះបីជាត្រូវលាក់ខ្លួន និងសម្រាកព្យាបាលរបួសរាងកាយយ៉ាងណាក៏ដោយ ក៏ប្រភពដដែល បានសង្កត់ធ្ងន់ថា ស្មារតីរបស់មេដឹកនាំថ្មីរូបនេះ នៅតែមានភាពវៃឆ្លាត និងរហ័សរហួនដដែល ហើយលោកនៅតែបន្តចូលរួមកិច្ចប្រជុំសំខាន់ៗ ជាមួយមន្ត្រីជាន់ខ្ពស់ តាមរយៈប្រព័ន្ធជជែកជាសំឡេងពីចម្ងាយជាប្រចាំ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម