ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល កំណត់«តំបន់ប្រយុទ្ធ» ថ្មី នៅលីបង់ និងតម្រូវឲ្យប្រជាជនភៀសខ្លួនចេញ
អ៊ីស្រាអែលដែលកំពុងជាប់ដៃក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ និង ក្រុមហេសបូឡានៅលីបង់ បានប្រកាសដាក់ការប្រយុទ្ធនៅគ្រប់តំបន់ទាំងអស់នៅខាងត្បូងទន្លេ សាហរ៉ានី (Zahrani) នៃប្រទេសលីបង់ ដែលហូរកាត់មានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីព្រំដែន ដោយប្រកាសឲ្យប្រជាជនជម្លៀសខ្លួនជាបន្ទាន់ មុនពេលមានការវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡាចាប់ផ្តើមទ្រង់ទ្រាយធំ។

ការព្រមានជម្លៀសខ្លួនជាទ្រង់ទ្រាយធំលើកដំបូងបំផុត ចាប់តាំងពីមានបទឈប់បាញ់កាលពីថ្ងៃទី១៧ ខែមេសាមកនេះ បានកើតឡើង ចំពេលដែលកងទ័ពអ៊ីស្រាអែល បានបើកការវាយឆ្មក់យ៉ាងខ្លាំងក្លានៅទូទាំងភាគខាងត្បូង និងភាគខាងកើតនៃប្រទេសលីបង់ ហើយចំពេលដែលក្រុមហេសបូឡា បានអះអាងថា យុទ្ធជនរបស់ខ្លួនបានប្រយុទ្ធគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល នៅហួស «ខ្សែបន្ទាត់» ដែលអ៊ីស្រាអែលបានកំណត់នៅភាគខាងត្បូង។
មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះក៏បានកើតឡើងចំពេលដែលប្រជាជនលីបង់ជាច្រើន កំពុងព្យាយាមប្រារព្ធពិធីបុណ្យ អ៊ីដ អាល់អាដហា (Eid al-Adha) ដែលជាបុណ្យសាសនាឥស្លាមផងដែរ។
នៅសប្តាហ៍នេះ អ៊ីស្រាអែលបានប្តេជ្ញាបង្កើនប្រតិបត្តិការនៅលីបង់ និងបានប្រកាសថាខ្លួនកំពុងពង្រីកប្រតិបត្តិការជើងគោកនៅទីនោះ។ ការផ្លាស់ប្តូរនេះកើតឡើងមុនកិច្ចពិភាក្សានៅថ្ងៃសុក្រខាងមុខ រវាងគណៈប្រតិភូយោធាលីបង់ និងអ៊ីស្រាអែល នៅមន្ទីរបញ្ចកោណ (សហរដ្ឋអាមេរិក) និងមុនការចរចាដោយផ្ទាល់ជុំថ្មីមួយទៀតនៅសប្តាហ៍ក្រោយ ក្នុងគោលបំណងបញ្ចប់ជម្លោះអរិភាពនេះ។
យោធាអ៊ីស្រាអែលបានប្រកាសនៅលើបណ្តាញសង្គម ដោយព្រមានថានឹង «ចាត់វិធានការដោយប្រើកម្លាំងខ្លាំងក្លាបំផុត» ប្រឆាំងនឹងក្រុមហេសបូឡា យ៉ាងដូច្នេះថា៖ «យើងសូមណែនាំដល់ប្រជាពលរដ្ឋនៅភាគខាងត្បូងលីបង់ ឲ្យជម្លៀសខ្លួនទៅភាគខាងជើងនៃទន្លេសាហរ៉ានី ព្រោះគ្រប់តំបន់ទាំងអស់នៅខាងត្បូងទន្លេនេះ ត្រូវបានចាត់ទុកជាតំបន់ប្រយុទ្ធគ្នា»។
មុននេះបន្តិច អ៊ីស្រាអែលក៏បានចេញការព្រមានជម្លៀសខ្លួនសម្រាប់ទីក្រុង Nabatieh ភាគខាងត្បូង និងផ្នែកខ្លះនៃទីក្រុងឆ្នេរសមុទ្រ Tyre ព្រមទាំងតំបន់ជុំវិញនោះផងដែរ។
ដោយឡែក អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារ AFP បានរាយការណ៍ថា ប្រជាជនមកពីតំបន់ដែលរងការគំរាមកំហែងនៅក្នុងទីក្រុង Tyre បាននាំគ្នាសម្រុកទៅកាន់ផ្នែកខ្លះនៃទីក្រុងដែលមិនមាននៅក្នុងការព្រមានជម្លៀសខ្លួន។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរបានព្រមានថា មជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្ន (ជម្រកភៀសខ្លួន) បានពេញអស់ហើយ និងបានជម្រុញឲ្យប្រជាជនធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីបេរូតវិញ។
សូមជម្រាបជូនថា បើទោះបីជាមានបទឈប់បាញ់ក៏ដោយ ការប្រយុទ្ធគ្នានៅតែបន្តកើតមានស្ទើរតែរាល់ថ្ងៃ ដោយភាគីទាំងសងខាងបានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភកិច្ចព្រមព្រៀង។ អង្គការសុខភាពពិភពលោក (WHO) បានកត់ត្រាថាមានមនុស្សជាង ៦០០ នាក់បន្ថែមទៀតបានស្លាប់នៅក្នុងប្រទេសលីបង់ ចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាស។ ចំណែកអ៊ីស្រាអែលក៏បានបាត់បង់ទាហាន ១០ នាក់ផងដែរ ដែលភាគច្រើនរងគ្រោះដោយសារដ្រូនអត្តឃាតរបស់ហេសបូឡា៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


