ព័ត៌មានអន្ដរជាតិ
ម្សិលមិញជាថ្ងៃថ្លុកឈាមបំផុត ៤២នាក់ស្លាប់ពីការវាយប្រហារអ៉ីស្រាអែលលើតំបន់ហ្គាហ្សា
ត្រឹមតែមួយថ្ងៃពោលគឺនៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា ម្សិលមិញនេះ ជនជាតិប៉ាឡេស្ទីន៤២នាក់ត្រូវបានអ៉ីស្រាអែលសម្លាប់តាមរយៈការបាញ់រ៉ុក្កែត និងមីស៊ីលលើអគារបីកន្លែងនៅតំបន់ហ្គាហ្សា។
ក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិត រូបភាពនៃសាកសពកុមារម្នាក់ត្រូវបានទាញចេញពីគំនរបាក់បែកពីការវាយប្រហារទៅលើអគាររបស់អ៉ីស្រាអែលនៅទីក្រុង ហ្គាហ្សា បានធ្វើឲ្យពិភពលោកមានរន្ធត់តក់ស្លុតយ៉ាងខ្លាំង។
តាមប្រភពសារព័ត៌មានផ្សាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលទៅលើទីតំបន់ហ្គាហ្សាបានបំផ្លាញអគារ៣កន្លែង និងហោចណាស់សម្លាប់មនុស្ស៤២នាក់ដែលបានក្លាយជាថ្ងៃថ្លុកឈាមបំផុតនាថ្ងៃអាទិត្យកន្លងទៅនេះ ចាប់តាំងពីការប្រយុទ្ធគ្នារវាង អ៉ីស្រាអែល និងសកម្មប្រយុទ្ធហាម៉ាសបានផ្ទុះឡើងកាលពីដើមសប្តាហ៍មុន។
ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា ស្ត្រី១៦នាក់ និងកុមារ១០នាក់ស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់នៅថ្ងៃអាទិត្យ និងមនុស្សជាង៥០នាក់បានរបួស ហើយក្រុមជួយសង្គ្រោះនៅតែបន្តប្រតិបត្តិការស្វែងរកទៀត។
យោធាអ៉ីស្រាអែលបាននិយាយថា ខ្លួនបានបំផ្លាញលំនៅដ្ឋានរបស់មេដឹកនាំកំពូលហាម៉ាសនៅទីក្រុងហ្គាហ្សាឈ្មោះ Yahiyeh Sinwar នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយនៅភាគខាងត្បូងទីប្រជុំជន Khan Younis។ នេះជាការវាយប្រងារទី៣ក្នុងរយៈពេល២ថ្ងៃចុងក្រោយទៅលើគេហដ្ឋានរបស់មេដឹកនាំហាម៉ាសជាន់ខ្ពស់។
អ៉ីស្រាអែលបានបង្កើនការវាយប្រហារក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដើម្បីបង្កការខូចខាតទៅលើក្រុមហាម៉ាស ខណៈអ្នកសម្របសម្រួលអន្តរជាតិបានកំពុងព្យាយាមដើរតួនាទីកណ្តាលដើម្បីឲ្យឈប់បាញ់គ្នា។
ប៉ុន្តែការដាក់គោលដៅទៅលើមេដឹកនាំក្រុមទាំងនោះអាចរារាំងដល់កិច្ចខិតខំប្រែងទាំងនោះ។ អ្នកការទូតអាមេរិកម្នាក់ស្ថិតនៅក្នុងតំបន់កំពុងព្យាយាមកាត់បន្ថយភាពតានតឹង ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំនៅថ្ងៃអាទិត្យ។
ការផ្ទុះឡើងនូវហិង្សាបានចាប់ផ្តើមនៅភាគខាងកើតយេរូសាឡឹមកាលពីខែមុន នៅពេលជនជាតិប៉ាឡេស្ទីនបានតវ៉ា និងការប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅក្នុងការឆ្លើយតបទៅនឹងប៉ូលិសអ៉ីស្រាអែលកំឡុងពេលពិធីបុណ្យរ៉ាម៉ាដន។
គោលដៅសំខាន់នៃការប៉ះទង្គិចគឺនៅទីគោរពបូជា Al-Aqsa Mosque របស់មូស្លីម និងជ្វីហ្វ។ ក្រុមសកម្មប្រយុទ្ធហាម៉ាសបានបាញ់រ៉ុក្កែតទៅលើយេរូសាឡឹមកាលពីថ្ងៃចន្ទសប្តាហ៍មុនដែលបណ្តាលឲ្យអ៉ីស្រាអែលវាយប្រហារទៅលើតំបន់ហ្គាហ្សាតែម្តង។
ការវាយប្រហារបានរាលដាលស្ទើរគ្រប់ទីកន្លែង បង្កឲ្យកើតមានការតវ៉ានៅតំបន់វេសប៊ែងដែលត្រូវបានកាន់កាប់ និងផ្ទុះហិង្សានៅអ៉ីស្រាអែលរវាងប្រជាជនជ្វីហ្វ និងអារ៉ាប់ ហើយមានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិថែមទៀត។
ចាប់តាំងពីការប្រយុទ្ធគ្នាជាងមួយសប្តាហ៍កន្លងទៅនេះ យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន១៨៨នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ក្នុងនោះមានកុមារ៥៥នាក់ និងស្រី៣៣នាក់ ហើយរបួស១២៣០នាក់។ ជាមួយគ្នាមានមនុស្ស៨នាក់នៅអ៉ីស្រាអែលត្រូវបានសម្លាប់ មានទាំងកុមារអាយុ៥ឆ្នាំម្នាក់ និងទាហានម្នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


