ព័ត៌មានអន្ដរជាតិ
ប៉ាឡេស្ទីនអបអរជ័យជម្នះគគ្រឹកគគ្រេង ធ្វើឲ្យអ៉ីស្រាអែលក្តៅព្រមានវ៉ៃប្រហារជាថ្មី
ពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់បានជួបជុំគ្នាដើម្បីអបអរសាទរកាលពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីបទឈប់បាញ់គ្នាត្រូវបានដាក់លើតុដើម្បីបញ្ចប់សង្គ្រាមចុងក្រោយបំផុតនៅតំបន់ហ្គាហ្សា ក្នុងនោះមនុស្សជាច្រើនយល់ឃើញថា នេះពិតជាមានតម្លៃណាស់ ប៉ុន្តែក្រុមសកម្មប្រយុទ្ធឥស្លាម ហាម៉ាស បានឃើញច្បាស់ក្រឡែតថាជាជ័យជម្នះសម្រាប់ខ្លួន។ ប្រការនេះបានធ្វើឲ្យភាគីអ៉ីស្រាអែលនៅមិនសុខទេដោយបានព្រមានឆ្លើយតបជាថ្មីដែលរឹតតែមានកម្រិតខ្លាំងជាងមុន។
ការវាយប្រហារគ្នារយៈពេល១១ថ្ងៃបានផ្តាច់ជីវិតមនុស្សជាង២០០នាក់ ដែលភាគច្រើនជាជនជាតិប៉ាឡេស្ទីន និងបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយពួកហាម៉ាសក្រីក្រ។ ប៉ុន្តែការបាញ់គ្រាប់រ៉ុក្កែតទៅកាន់លើអ៉ីស្រាអែលត្រូវបានជនជាតិប៉ាឡេស្ទីនមើលឃើញថា ជាការឆ្លើយតបយ៉ាងខ្លាំងក្លាលើការបំពានរបស់អ៉ីស្រាអែលនៅទីក្រុងយេរ៉ូសាឡឹមជាចំណុចកណ្តាលនៃជម្លោះ។
លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បានព្រមានកាលពីថ្ងៃសុក្រពីការវាយប្រហារជាថ្មី ដោយនិយាយថា ៖«ប្រសិនបើក្រុមហាម៉ាសគិតថា យើងចុះញ៉មពីការវាយប្រហារដោយរ៉ុក្កែតរបស់ពួកគេនោះ គឺខុសហើយ»។ លោកបានព្រមានឆ្លើយតបជាថ្មីដោយកម្លាំងកម្រិតខ្ពស់ប្រឆាំងនឹងការឈ្លាននៅកន្លែងណាមួយនៅក្នុងប្រទេសអ៉ីស្រាអែល។
មេដឹកនាំអ៉ីស្រាអែលបាននិយាយថា អ៉ីស្រាអែលបានធ្វើ«អ្វីដែលក្លាហាន និងថ្មី ហើយនេះមិនត្រូវបានអូសចូលទៅក្នុងដំណើរផ្សងព្រេងមិនចាំបាច់ទេ»។ លោកបន្ថែមថា កម្លាំងអ៉ីស្រាអែលបានបង្កការខូចខាតជាអតិបរមាទៅលើក្រុមហាម៉ាសដែលបានបង្កការខូតខាតដល់អ៉ីស្រាអែលកម្រិតអប្បរមាប៉ុណ្ណោះ។
លោក Netanyahu លោកបាននិយាយថា អ៉ីស្រាអែលបានសម្លាប់សកម្មប្រយុទ្ធជាង២០០នាក់ ក្នុងនោះមានមេបញ្ជាការជាន់ខ្ពស់២៥នាក់ និងបានបំផ្លាញផ្លូវក្រោមដីរបស់សកម្មប្រយុទ្ធជាង១០០គីឡូម៉ែត្រ។
ពលរដ្ឋរាប់ពាន់នាក់បានចេញព្រោងព្រាតតាមដងផ្លូវតំបន់ហ្គាហ្សា បន្ទាប់ពីបទឈប់បាញ់គ្នាត្រូវបានអនុវត្តចាប់ពីម៉ោង២ទៀបភ្លឺនៅថ្ងៃសុក្រ។ បុរសវ័យក្មេងបានគ្រវីទង់ជាតិប៉ាឡេស្ទីន និងហាម៉ាស ដើរឆ្លងកាត់តាមផ្លូវ ស្រែកច្រៀង និងដុតកាំជ្រួច។ ការអបអរដោយឯកឯងក៏បានធ្វើឡើងនៅទីក្រុងយេរ៉ូសាឡឹមខាងកើត និងទូទាំងតំបន់វេសប៊ែង។
ផ្សារវាលស្រឡះមួយកន្លែងនៅតំបន់ហ្គាហ្សា ស៊ីធី ដែលបានបិទចាប់តាំងពីការផ្ទុះអាវុធរហូតដល់ចប់ត្រូវបានបើកដំណើរការឡើងវិញ ហើយអ្នកផ្សារក៏បានរៀបចំរៀបចំបន្លែបង្ការ ត្រីសាច់ចាប់ផ្តើមលក់វិញ។
អ្នកលក់ម្នាក់ឈ្មោះ Ashraf Abu Mohammad បាននិយាយថា ៖«ជីវិតនឹងវិលត្រឡប់មកវិញ ពីព្រោះនេះមិនមែនជាសង្គ្រាមលើកទី១ទេ ហើយក៏វាមិនមែនចុងក្រោយដែរ។ បេះដូងឈឺចាប់ណាស់ កើតមានមហន្តរាយ គ្រួសារត្រូវបានលុបចេញពីបញ្ជីអត្រានុកូលដ្ឋាន ហើយនេះយើងពិតជាទុក្ខសោកណាស់។ ប៉ុន្តែនេះជាវាសនាយើងនៅលើទឹកដីនេះ នៅតែមានការឈឺចាប់ទៀត»។
ដូចសង្គ្រាម៣លើកមុនរវាងសត្រូវជូរចត់ទាំងពីរ សង្គ្រាមចុងក្រោយនេះត្រូវបានបញ្ចប់។ អ៉ីស្រាអែលបានអះអាងពីការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅលើក្រុមហាម៉ាសតាមរយៈការប្រហារតាមផ្លូវអាកាសរាប់រាយគ្រាប់ ប៉ុន្តែជាថ្មីម្តងទៀតមិនអាចបញ្ឈប់គ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាសបានឡើយ។
ក្រុមហាម៉ាសក៏បានអះអាងពីជ័យជម្នះ បើទោះជាសង្គ្រាមដ៏រន្ធត់បានឆកយកជីវិតមនុស្សរាប់រយនាក់ ខូចខាតផ្ទះសម្បែង និងអាជីវកម្មធ្ងន់ធ្ងរក៏ដោយ។
យោងតាមក្រសួងសុខាភិបាលងហ្គាហ្សាបានឲ្យដឹងថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន២៤៣នាក់ត្រូវបានសម្លាប់ក្នុងនោះមានកុមារ៦៦នាក់ និងស្ត្រី៣៩នាក់ ហើយរបួស១៩១០នាក់។ ចំណែកភាគីអ៉ីស្រាអែលវិញស្លាប់មនុស្ស១២នាក់ក្នុងនោះមានកុមារអាយុ៥ឆ្នាំម្នាក់ និងក្មេងស្រីអាយុ១៦ឆ្នាំម្នាក់។
ការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែឧសភា នៅពេលក្រុមសកម្មប្រយុទ្ធហាម៉ាសនៅហ្គាហ្សាបានបាញ់គ្រាប់រ៉ុក្កែតធុនវែងទៅលើតំបន់យេរ៉ូសាឡឹម ហើយក៏ផ្ទុះឡើងនូវសង្គ្រាមរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីនពេញបន្ទុកតែម្តង។
សង្គ្រាមត្រូវបានបញ្ចប់ដោយបទឈប់បាញ់គ្នាដែលផ្តួចផ្តើមឡើងដោយប្រទេសជិតខាងគឺអេហ្ស៊ីប បន្ទាប់ពីសហរដ្ឋអាមេរិក ក៏ដូចជាសហគមន៍អន្តរជាតិបានដាក់សម្ពាធលើអ៉ីស្រាអែល។ ទីបំផុតលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Netanyahu បានប្រកាសថា អ៉ីស្រាអែលទទួលយកសំណើរនៅយប់ជ្រៅថ្ងៃព្រហស្បតិ៍ ហើយបទឈប់បាញ់គ្នាក៏បានចាប់ផ្តើមឡើងនៅព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)