Connect with us

ព័ត៌មានអន្ដរជាតិ

កសិករ អ៊ុយក្រែន ពាក់អាវក្រោះការពារគ្រាប់បើកត្រាក់ទ័រភ្ជួរដីស្រែនៅ ព្រំដែនជួរមុខជម្លោះជាមួយ រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

កសិករអ៊ុយក្រែននៅតំបន់ភាគខាងត្បូង Zaporizhzhia ដែលជាប់ព្រំដែនជួរមុខនៃជម្លោះយោធាជាមួយរុស្ស៊ី ឥឡូវនេះកំពុងពាក់អាវក្រោះការពារគ្រាប់បើកត្រាក់ទ័រភ្ជួរស្រែរបស់ពួកគេ ក្រោយពេលគ្រាប់រ៉ុកកែតតូចៗបានចាប់ផ្តើមធ្លាក់នៅក្បែរវាលស្រែ បន្ទាប់ពីសង្រ្គាមបានចាប់ផ្តើមមួយសប្តាហ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាការបាញ់ផ្លោងនៅក្នុងតំបន់នេះបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ ក៏លោក Yuri វ័យ ៤១ ឆ្នាំ និងកសិករដែលធ្វើការជាមួយគាត់ឈ្មោះ Oleksii បានប្តេជ្ញាចិត្តក្នុងការភ្ជួរស្រែនៅនិទាឃរដូវនេះ ។

លោក Yuri បាននិយាយថា “យើង​បានពាក់អាវក្រោះការពារគ្រាប់ផ្លោងធ្វើដំណើរឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ទៅ​ធ្វើ​ការ ផឹក​តែ និង​កាហ្វេ យើងចូលចាក់​ហ្គាសរួចហើយក៏​ទៅ​វាល​ស្រែ” ។

ចំណែកលោក Oleksii អាយុ ៤៣ ឆ្នាំក៏បានពណ៌នាពីការវាយប្រហារដោយគ្រាប់រ៉ុកកែតរបស់រុស្ស៊ីដែរថា “វាគួរឲ្យខ្លាច ប៉ុន្តែយើងអាចគ្រប់គ្រងបាន ព្រោះដោយសារតែយើងដឹងថា វាតែងតែកើតឡើងនៅពេលយប់ប៉ុណ្ណោះ ។ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ មនុស្ស​ម្នា​ពិនិត្យ​មើល​វាលស្រែ ហើយ​បើ​ចាំបាច់យើងនឹង​ហៅ​អ្នក​ជំនាញ​ឲ្យជួយ​យក​គ្រាប់​រ៉ុកកែត និង​កម្ទេចកម្ទី​ចេញពីវាលស្រែ” ។

គួរបញ្ជាក់ថា អ៊ុយក្រែន​ជា​ប្រទេស​នាំចេញ​ស្រូវសាលី​ធំ​ជាង​គេ​ទី​ ៥ ​របស់​ពិភពលោក ហើយ​ស្ថិត​ក្នុង​លំដាប់​កំពូល​ទាំង ៣ ​សម្រាប់នាំចេញ​ពោត គ្រាប់ធញ្ញជាតិ និង​គ្រាប់​ផ្កាឈូករ័ត្ន ។ កង្វះ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​នៅលើ​ទីផ្សារ​ពិភពលោក ​ដោយសារ​សង្គ្រាម​បាន​និង​កំពុង​ជំរុញ​តម្លៃ​អាហារ​ជុំវិញ​ពិភពលោកឡើងថ្លៃផងដែរ ។

ទន្ទឹមនោះកាលពីសប្តាហ៍មុន ក្រសួងកសិកម្មរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា កសិករបានសាបព្រួសដំណាំនៅនិទាឃរដូវចំនួន ២.៥ លានហិកតានៃផ្ទៃដី ២០ ភាគរយ ពោលធ្លាក់ចុះ ២០ ភាគរយ ដោយសារតែសង្គ្រាមលុកលុយរបស់រុស្ស៊ី ។

ពាក់ព័ន្ធនឹងបញ្ហានេះ រុស្ស៊ី​បានហៅ​សកម្មភាព​របស់​ខ្លួន​នៅ​អ៊ុយក្រែន​ថា​ជា “ប្រតិបត្តិការយោធា​ពិសេស” ដើម្បី​កម្ចាត់កងទ័ព​អ៊ុយក្រែន និង​ការពារ​វា​ពី​ពួក​ហ្វាស៊ីសនិយម ខណៈអ៊ុយក្រែន និងលោកខាងលិចនិយាយថា នេះជាលេសមិនពិតសម្រាប់សង្គ្រាមលុកលុយរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ មកដឹងប្រវែងតុដែលលោក Putin តែងដាក់ចរចាជាមួយមេដឹកនាំកំពូលៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម