ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ផ្តល់ចម្លើយជាក់លាក់ ពេលសួរថា តើខ្លួននឹងប្រើប្រាស់នុយក្លេអ៊ែរដែរឬអត់
នៅថ្ងៃពុធទី២៩ខែមិថុនានេះ ស្ថានទូតរុស្ស៊ី បានរៀបចំសន្និសីទសារព័ត៌មានមួយស្តីពីស្ថានភាពបច្ចុប្បន្ន ពាក់ព័ន្ធជម្លោះរុស្ស៊ី-អ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា ត្រូវបានអនុញ្ញាតឲ្យដាក់សំណួរ ដើម្បីទទួលបានការបំភ្លឺយ៉ាងជាក់លាក់ ពីសំណាក់តំណាងស្ថានទូត។

ក្នុងនោះដែរ ឆ្លើយតបនឹងសំណួររបស់កម្ពុជាថ្មី ដែលសួរថា តើរុស្ស៊ីនឹងបាញ់អាវុធនុយក្លេអ៊ែរដាក់អ៊ុយក្រែន ឬប្រទេសណាមួយដែលគំរាមកំហែងអធិបតេយ្យភាពរបស់ខ្លួន ដែរឬទេ? លោកវរសេនីយ៍ឯក Sergei SHUMILIN អនុព័ន្ធយោធា អមស្ថានទូតសហព័ន្ធរុស្ស៉ី ប្រចាំនៅកម្ពុជា បានឆ្លើយតបថា “យើងមានគោលលទ្ធិយោធាដែលពិពណ៌នា អំពីប៉ារ៉ាម៉ែត្រ និងលក្ខខណ្ឌសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ខ្ញុំចង់បញ្ជាក់ការពិតដែលថា គំនិតនៃសង្គ្រាមនុយក្លេអ៊ែរ កំពុងដក់ជាប់នៅក្នុងគំនិតរបស់អ្នកនយោបាយលោកខាងលិច ប៉ុន្តែមិនស្ថិតនៅក្នុងចិត្តរបស់រុស្ស៊ីទេ”។
លោកបន្តថា “ថ្ងៃនេះ យើងមាន New START ដែលជាសន្ធិសញ្ញាស្តីពីវិធានការ កាត់បន្ថយបន្ថែមទៀត និងការកំណត់អាវុធវាយលុកជាយុទ្ធសាស្ត្រ។ ប្រាំថ្ងៃបន្ទាប់ពីការសម្ពោធចូលកាន់តំណែង ក្រោយមានសំណើរបស់រុស្ស៊ី ប្រធានាធិបតីអាមេរិក ចូ បៃដិន ដំបូងបានយល់ព្រមបន្តសន្ធិសញ្ញា New START ដោយគ្មានលក្ខខណ្ឌជាមុន។ សេចក្តីប្រកាសរៀងខ្លួន ត្រូវបានបញ្ចេញនៅខែមិថុនា ឆ្នាំ ២០២១ អំឡុងពេលជំនួបរបស់គាត់ ជាមួយលោកប្រធានាធិបតី ពូទីន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស”។

ក្នុងពេលជាមួយគ្នានោះ ឧបករណ៍គ្រប់គ្រងអាវុធផ្សេងទៀត និងឧបករណ៍មិនសាយភាយត្រូវបានបំផ្លាញ។ សន្ធិសញ្ញា ABM ដែលកំណត់ប្រព័ន្ធការពារមីស៊ីល និង INF ដែលជាសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម លែងមានទៀតហើយ។
សហរដ្ឋអាមេរិកបានបដិសេធសំណើរបស់យើង ក្នុងការណែនាំឲ្យមានការផ្អាកទៅវិញទៅមក ថ្វីបើយើងបានស្នើឲ្យយល់ព្រមលើយន្តការផ្ទៀងផ្ទាត់ជាផ្នែកនៃសំណើនេះក៏ដោយ។

សហរដ្ឋអាមេរិកបានលុបចោលទំនាក់ទំនងស្ទើរតែទាំងអស់ ដោយសារតែការពិតដែលថាយើងត្រូវបានគេបង្ខំឲ្យក្រោកឈរឡើងដើម្បីជនជាតិរុស្ស៊ីនៅអ៊ុយក្រែន ខណៈទីក្រុងវ៉ាស៊ីនតោនមិនអើពើនឹងសកម្មភាពបណ្តុះការស្អប់ខ្ពើមរុស្ស៊ីនិង លទ្ធិណាស៊ីនិយម ដោយរបបអ៊ុយក្រែននិងការរងទុក្ខវេទនារបស់ប្រជាជន Donbass នោះទេ។
ជាងនេះទៅទៀត នៅខែមករា ឆ្នាំ២០២២ សមាជិកអចិន្ត្រៃយ៍ទាំងប្រាំ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ និងការចៀសវាងការប្រកួតប្រជែងអាវុធ។ មេដឹកនាំទាំងប្រាំបានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍ថា សង្រ្គាមនុយក្លេអ៊ែរនឹងមិនត្រូវកើតឡើងនោះទេ។ នេះជាគោលជំហររបស់យើង ហើយយើងប្តេជ្ញាចំពោះវា។ សព្វថ្ងៃហានិភ័យគឺខ្ពស់ណាស់ ការគំរាមកំហែងនេះគឺធ្ងន់ធ្ងរ ពិតប្រាកដ និងមិនត្រូវមើលស្រាលឡើយ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ រុស្ស៊ី គំរាម ផ្ទុះសង្គ្រាមលោកលើកទី៣ បើណាតូ ហ៊ានតែធ្វើរឿងម្យ៉ាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


