Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ ទាហានស៊ីឈ្នួល ដែលប្រយុទ្ធឲ្យភាគីជម្លោះទទួលបានការការពារពី ច្បាប់យ៉ាងណាដែរ

បានផុស

នៅ

រហូតមកដល់ពេលនេះ​សង្គ្រាម​រវាង​រុស្ស៊ី-អ៊ុយក្រែននៅ​តែ​មាន​សភាព​តាន​តឹង​ ហើយភាគី​ទាំង​សងខាងក៏​បាន​ពឹង​ផ្អែក​លើ​យោធា​ឯកជន ឬ​ទាហាន​ស៊ីឈ្នួល​បន្ថែម​ដើម្បី​ជួយ​ធ្វើ​សង្គ្រាមផងដែរ ។ ទន្ទឹមនោះភាគី​ទាំង​ពីរ​ក៏បាន​កំណត់ និង​ចាប់ខ្លួន​ទាហាន​ស៊ី​ឈ្នួល​ជារឿយៗ ដូចនេះតើ​ទាហាន​ស៊ីឈ្នួល​គឺ​ជា​នរណា? ហើយ​មាន​គោល​បំណង​អ្វី? ក្រោយ​ការ​ចាប់​បាន តើ​ដោះ​ស្រាយ និង​កាត់ក្ដី​យ៉ាង​ដូចម្ដេច?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាហានស៊ីឈ្នួល គឺជាបុគ្គលដែលត្រូវបានគេជួលដើម្បីឲ្យមកធ្វើសង្គ្រាមជាមួយដៃគូនៃជម្លោះក្នុងសង្គ្រាមប្រដាប់អាវុធ ឬអាចហៅម៉្យាងទៀតថា ជាការជួលឯកជន ឬ​ជន​ស៊ីវិល​នៃ​ប្រទេស​ផ្សេង ​ក្រៅ​ពី​ភាគី​នៃ​ជម្លោះ ដើម្បី​ចូលរួម​ក្នុង​សង្គ្រាម​យោធា​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ ឬប្រទេស​ខ្លួន ហើយ​លក្ខណៈ​របស់​ពួក​គេគឺ​ផ្ទុយ​ពី​ទាហាន​ជាតិ ។

យោធា​ឯកជន​ ឬទាហានស៊ីឈ្នួលនេះ​មិនមែន​ជា​កម្មសិទ្ធិ​របស់​យោធា​នៃ​ភាគី​ជម្លោះ​ណា​មួយ​ឡើយ ។ទាហាន​ស៊ីឈ្នួល​ត្រូវ​បាន​សន្មត​ថា​​ជា​វីរបុរស ឬ​មនុស្ស​អាក្រក់ ដោយ​សារ​ពួក​គេ​ប្រយុទ្ធ​ដើម្បី​រង្វាន់ និង​មិន​មាន​ភក្ដីភាព​ចំពោះ​ភាគី​ណា​មួយ​នោះទេ ប៉ុន្តែ​ធ្វើការ​តាម​ការ​កំណត់​របស់​បេសកកម្ម​របស់​ខ្លួន ។ ចំពោះ​ការ​ផ្គត់ផ្គង់​ទាំង​ផ្នែក​សម្ភារៈ និង​ថវិកាវិញ​គឺ​អាស្រ័យ​លើ​ការព្រមព្រៀង​គ្នា​រវាង​ទាហាន​ស៊ីឈ្នួល និង​ភាគី​ដែល​ជួល ។

ទាហាន​ស៊ីឈ្នួល​ត្រូវ​បាន​សម្គាល់​ឃើញ​ថា​កើត​ឡើង​នៅ​ចន្លោះ​សតវត្ស​ទី ១២ និង​ទី ១៦ ដែល​រដ្ឋ​នានា​បាន​គ្រប់គ្រង​លើ​ទាហាន​ស៊ីឈ្នួល ហើយ​បាន​ទិញ និង​លក់​ទាហាន​ពី​គ្នា​ទៅ​វិញ​ទៅមក ទម្រង់​ជា​ប្រព័ន្ធ​ ឬ​ជា​ក្រុម​នៃ​ទាហាន​ស៊ីឈ្នួល​ដែល​បាន​ចាប់​ផ្ដើម​នៅ​ប្រហែល​សតវត្ស​ទី ១៥ ។

ទន្ទឹមនោះទាហាន​ស៊ីឈ្នួលគឺ​ប្រយុទ្ធ​ក្នុង​គោលបំណង​ទទួល​ប្រាក់ ឬ​ការ​បង់​ប្រាក់​ផ្សេងទៀត មិន​មែន​ដើម្បី​ផលប្រយោជន៍​នយោបាយ ឬ​ប្រយោជន៍​ជាតិ​ឡើយ ។ នៅ​ក្រោម​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ទាហាន​ស៊ីឈ្នួល​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​អ្នក​ប្រយុទ្ធ​ស្រប​ច្បាប់នោះ​ទេ ហើយ​មិន​ត្រូវ​ទទួល​បាន​ការ​ការពារ​ដូច​កងទ័ព​ជាតិ​នោះ​ទេ ។

ការ​កាត់ក្ដី​ទាហាន​ស៊ីឈ្នួល

ទាហាន​ស៊ីឈ្នួល​ត្រូវ​បាន​ចាត់​ទុក​ដូច​ជនស៊ីវិល​ធម្មតា​ដែរ គឺ​មិន​ចាត់​ទុក​ដូច​ទាហាន​ជាតិ ឬ​ចាត់​ទុក​ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម ឬ​អំពើ​ប្រល័យពូជសាសន៍​ឡើយ ។ ចំពោះ​នីតិវិធី​ការ​កាត់​ក្ដី​គឺ​ដូច​គ្នា​ទៅ​ក្នុង​រឿង​ក្ដី​ព្រហ្មទណ្ឌ និង​ស្រ័យ​លើ​ការកំណត់​របស់​ប្រទេស​នីមួយៗ​នៅ​លើ​សកល​លោក ។ ប៉ុន្ដែ​ការ​កាត់​ក្ដី​ជនស៊ីវិល ឬ​ទាហាន​ស៊ីឈ្នួល​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​សង្គ្រាម ឬ​ជម្លោះ​ប្រដាប់​អាវុធ គឺ​ត្រូវ​បាន​ការពារ​លើ​ការ​កាត់ក្ដី​ដោយ​យុត្តិធម៌​នៅ​ក្នុង​ច្បាប់​មនុស្សធម៌​អន្តរជាតិ រួម​ជាមួយ​ពិធីសារផ្សេងៗ ។

ពិធីសារ​បាន​កំណត់​ថា ទាហាន​ស៊ីឈ្នួល​មិន​មាន​សិទ្ធិ​ក្នុង​ឋានៈ​ជា​អ្នក​ប្រយុទ្ធ ឬ​អ្នកទោស​សង្គ្រាម​ទេ ។ ពួកគេ​នឹង​មិន​ត្រូវ​បាន​កាត់​ទោស​នោះ​ទេ ប្រសិន​បើ​អំពើ​ដែល​បាន​ប្រព្រឹត្ត​មិន​មាន​ចែង​នោះ​ក្នុង​ច្បាប់​ជាតិ ឬ​ប្រព្រឹត្ត​មុន​ពេល​មាន​ច្បាប់​ចែង ។

ទាហាន​ស៊ីឈ្នួល​នឹង​ទទួល​បាន​ការ​ការពារ​ដោយ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ឬ​ច្បាប់​ស្ដីពី​សង្គ្រាម រួម​ជាមួយ​ពិធីសារ​បន្ថែម​ក្នុង​មាត្រា ៧៥ នៃ​ពិធីសារ​បន្ថែម ។ ទោះបី​ជា​មិន​មាន​ឯកសារ​យោង​ច្បាស់លាស់​នៅ​ក្នុង​មាត្រា ៤៧ នៃ​ពិធីសារ​បន្ថែម​ទី ១ ក៏ដោយ ទាហាន​ស៊ីឈ្នួល​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដែល​នឹង​ទទួល​បាន​សិទ្ធិ និង​ទទួល​បាន​ការ​ធាន​ដូច​ដែល​បាន​ចែង​ក្នុង​មាត្រា ៧៥ នេះ ។

យោង​តាម​ច្បាប់​នេះ រដ្ឋ​នានា​មាន​សេរីភាព​ក្នុង​ការ​ផ្តល់​ឋានៈ​ជា​អ្នក​ទោស​សង្គ្រាម​ដល់​ទាហាន​ស៊ីឈ្នួល ឬ​ឃុំឃាំង ប៉ុន្តែ​ទាហាន​ស៊ីឈ្នួល​មិន​មាន​សិទ្ធិ​ទាមទារ​ឋានៈ​បែប​នេះ​ជា​ការ​ការពារ​ប្រឆាំង​នឹង​ការ​កាត់​ទោស​នោះ​ទេ ។

ពិធីសារ​នឹង​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​មនុស្សធម៌​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ ហើយ​នឹង​ទទួល​បាន​នូវ​ការ​ការពារ​ដែល​ផ្ដល់​ដោយ​មាត្រា​ខាងលើ ដោយ​មិន​មាន​ការ​បែងចែក​ណា​មួយ​ដោយ​ផ្អែក​លើ​ជាតិ​សាសន៍ ពណ៌​សម្បុរ ភេទ ភាសា សាសនា ​ជំនឿ នយោបាយ ជាតិ ឬ​សង្គម ។  ភាគី​នីមួយៗ​ត្រូវ​គោរព​បុគ្គល កិត្តិយស ការ​ផ្ដន្ទាទោស និង​ការ​អនុវត្ត​សាសនា​របស់​បុគ្គល​ទាំងនោះ ។

គួបញ្ជាក់ថា គ្មាន​បទប្បញ្ញត្តិ​នៃ​មាត្រា​ខាង​លើនេះ​អាច​ត្រូវ​បាន​បកស្រាយ​ថា​ជា​ការ​កំណត់ ឬ​រំលោភ​លើ​ការ​ផ្ដល់​ផលប្រយោជន៍​ផ្សេងទៀត ដែល​ផ្ដល់​ការ​ការពារ​កាន់​តែ​ច្រើន ក្រោម​វិធាន​ជា​ធរមាន​នៃ​ច្បាប់​អន្តរជាតិ​លើ​ទាហាន​ស៊ីឈ្នួល​នោះទេ ៕

អត្ថបទ​ដោយ ៖ សេម វាសនា

ចុចអាន ៖ អ៊ុយក្រែន បញ្ចេញទិន្នន័យថ្មីចំនួនទាហានស្លាប់ក្នុងសង្គ្រាមរាល់ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម