ព័ត៌មានអន្ដរជាតិ
មេដឹកនាំកំពូលអ៊ីរ៉ង់ ជំទាស់ដាច់អហង្ការចំពោះសំណើរបស់អាមេរិក ប្ដេជ្ញាបន្តចម្រាញ់អ៊ុយរ៉ាញ៉ូម
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃទី៤ខែមិថុនានេះបានច្រានចោលយ៉ាងដាច់អហង្ការចំពោះសំណើររបស់សហរដ្ឋអាមេរិកដែលមានគោលបំណងទប់ស្កាត់សកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងស្រុងរបស់ទីក្រុងតេហេរ៉ង់។ លោក Khamenei អះអាងថា ការទាមទារបែបនេះធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងប្រឆាំងផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់។

នៅក្នុងសុន្ទរកថាដែលថ្លែងនៅឯទីបញ្ចុះសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ Ruhollah Khomeini លោក Khamenei បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅក្នុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយបញ្ជាក់ថា «ប្រសិនបើយើងមានរោងចក្រថាមពលនុយក្លេអ៊ែរ១០០កន្លែង ខណៈពេលដែលមិនមានការចម្រាញ់(អ៊ុយរ៉ាញ៉ូម) នោះវាមិនអាចប្រើប្រាស់បានសម្រាប់យើងទេ»។ លោកបានរិះគន់សំណើរបស់អាមេរិក ដែលបញ្ជូនតាមរយៈអ្នកសម្រុះសម្រួលអូម៉ង់ ថាជាការប៉ុនប៉ងដើម្បីរុះរើឧស្សាហកម្មនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងធ្វើឲ្យប្រទេសខ្លួនពឹងផ្អែកលើមហាអំណាចបរទេសសម្រាប់តម្រូវការថាមពលក្នុងស្រុក។
លោក Khamenei បាននិយាយថា «ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមគឺជាគន្លឹះនៃកម្មវិធីនុយក្លេអ៊ែររបស់យើង ហើយសត្រូវបានផ្តោតទៅលើការចម្រាញ់នោះ»។ លោកបន្តថា សំណើរបស់អាមេរិក «ផ្ទុយពីជំនឿរបស់ប្រជាជាតិយើងក្នុងការពឹងផ្អែកលើខ្លួនឯង និងគោលការណ៍ “យើងអាចធ្វើបាន”»។
លោកក៏បានបន្ថែមទៀតថា «ក្រុមមេដឹកនាំដ៏ឈ្លើយ និងក្រអឺតក្រទមរបស់អាមេរិក ទាមទារម្តងហើយម្តងទៀតថា យើងមិនគួរមានកម្មវិធីនុយក្លេអ៊ែរ។ តើអ្នកជានរណាក្នុងការសម្រេចថាតើប្រទេសអ៊ីរ៉ង់គួរតែមានការចម្រាញ់ឬក៏អត់»។
ក្រុងតេហេរ៉ង់ និយាយថា ខ្លួនចង់ធ្វើជាម្ចាស់លើបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិវិធី ហើយបានបដិសេធជាយូរមកហើយនូវការចោទប្រកាន់របស់មហាអំណាចលោកខាងលិចដែលថា ខ្លួនកំពុងស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
សូមរឭកថា ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២ខែមិថុនា បានប្រកាសជាសាធារណៈថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអនាគតណាមួយជាមួយប្រទេសអ៊ីរ៉ង់ នឹងហាមឃាត់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងស្រុង។ លោក ត្រាំ បង្ហោះសារនៅលើ Truth Social ថា «ក្រោមកិច្ចព្រមព្រៀងសក្តានុពលរបស់យើង – យើងនឹងមិនអនុញ្ញាតឲ្យមានការចម្រាញ់អ៊ុយរ៉ានីញ៉ូមណាមួយឡើយ»។
ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅតែជាចំណុចសំខាន់នៃការឈ្លោះប្រកែកគ្នានៅក្នុងកិច្ចចរចាចំនួន៥លើកគិតចាប់តាំងពីខែមេសា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ជំនួសឲ្យកិច្ចព្រមព្រៀងចាស់ដែលលោក ត្រាំ ធ្លាប់បានបោះបង់ចោលជាឯកតាភាគីក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់កាលពីឆ្នាំ២០១៨។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នាពេលថ្មីៗនេះ បានរាយការណ៍ថា អ៊ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតភាពសុទ្ធ ៦០% ដែលកៀកជិតដល់កម្រិត ៩០% ក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ របាយការណ៍នេះបានបង្កើនការព្រួយបារម្ភក្នុងចំណោមមន្ត្រីអាមេរិក និងអ៊ីស្រាអែល ដោយលោក ត្រាំ បានព្រមានអំពីសកម្មភាពយោធាដែលអាចកើតមាន ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូតត្រូវបរាជ័យ៕
ដោយ៖ ឈាង
ចុចអាន៖ លោក ត្រាំ ប្រកាសថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដាច់ខាតមិនឲ្យមានការចម្រាញ់អ៊ុយរ៉ាញ៉ូម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


