Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកដំណើរជាង៨០០០នាក់ ជាប់គាំងនៅអាកាសយានដ្ឋានកូរ៉េខាងត្បូង ដោយសារព្រឹលធ្លាក់ខ្លាំង

បានផុស

នៅ

អាកាសធាតុត្រជាក់ខ្លាំងនៅកូរ៉េខាងត្បូង កំពុងបន្តផលលំបាកទូទាំងប្រទេស រួមទាំងរំខានដល់ប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ Jeju ផងដែរ ដោយកាលពីថ្ងៃសុក្រទី២២ខែធ្នូ អ្នកដំណើរជាង៨០០០នាក់ ត្រូវជាប់គាំងនៅអាកាសយានដ្ឋាន បន្ទាប់ពីការបិទផ្លូវយន្តហោះ ដោយសារតែព្រឹលធ្លាក់និងខ្យល់បក់ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Mothership)

គិតត្រឹមរសៀលថ្ងៃសុក្រ ព្រឹលធ្លាក់បានបណ្តាលឲ្យជើងហោះហើរជាង២៦០ជើង ទៅនិងមកកោះ Jeju ត្រូវលុបចោល។

ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន The Korea Herald បានដកស្រង់សម្តីមន្ត្រីនៅព្រលានយន្តហោះ Jeju ដែលនិយាយថា អាកាសយានដ្ឋានបានដំណើរការផ្នែកខ្លះឡើងវិញបន្ទាប់ពីការជាប់គាំងអស់រយៈពេលជាង៧ម៉ោង។

(រូបថត៖ Yonhap)

កាលពីសប្តាហ៍មុន អាកាសធាតុនៅទីក្រុងសេអ៊ូល បានចុះត្រជាក់រហូតដល់ -១២.៤ អង្សាសេ ហើយនៅសប្តាហ៍នេះ តំបន់ខ្លះបានចុះត្រជាក់ដល់ -២០អង្សាសេឯណោះ។

ឥទ្ធិពលនៃការចុះ​ត្រជាក់ បានគ្រប់ដណ្តប់ទៅ​លើតំបន់សេអ៊ូល ប៊ូសាន ដាជុន និង​ដេហ្គូ ហើយអាជ្ញាធរក៏បានព្រមានពីការធ្លាក់ព្រឹលខ្លាំង សម្រាប់តំបន់ភាគកណ្តាល និងភាគខាងលិចផងដែរ។

(រូបថត៖ Yonhap)

ព្រឹលធ្លាក់ខ្លាំង ក៏ប៉ះពាល់ដល់ប្រតិបត្តិការកប៉ាល់ដឹកអ្នកដំណើរចំនួន៤៦គ្រឿង ស្ថិតនៅលើផ្លូវទឹកចំនួន៣៨ និងផ្លូវគោកចំនួន៩១ខ្សែ ដែលចូលទៅឧទ្យានជាតិចំនួន៦ផងដែរ។

មិន​តែ​ប៉ុណ្ណោះ​ អាកាសធាតុបែបនេះ ក៏​បាន​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលឲ្យមនុស្សរងរបួសទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាកាសធាតុនៅ ទីក្រុងសេអ៊ូល ចុះត្រជាក់ខ្លាំងដល់ -១៨ អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម