ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ក្រុមហ៊ូធី ចូលក្នុងបញ្ជីភេរវករជាថ្មី ខណៈគូជម្លោះទាំង២ បាញ់គ្នារឹតខ្លាំង
ក្រោយត្រូវដកចេញពីបញ្ជីភេរវករក្នុងឆ្នាំ២០២១ នៅទីបំផុត រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានសម្រេចដាក់ក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែន ចូលទៅក្នុងបញ្ជីនេះសាជាថ្មី បន្ទាប់ពីចលនាប្រដាប់អាវុធមួយនេះ នៅតែបន្តបើកការវាយប្រហារយ៉ាងគឃ្លើនលើកប៉ាល់ដឹកទំនិញក្នុងសមុទ្រក្រហម ហើយបច្ចុប្បន្ន ភាគីទាំងកំពុងបាញ់គ្នារឹតខ្លាំង។

តាមការចុះផ្សាយរបស់ Reuters, មន្ត្រីអាមេរិកនិយាយថា ច្បាប់ចាត់តាំងក្រុមភេរវករសកលដែលកំណត់ជាពិសេស (SDGT) មានគោលបំណងកាត់ផ្តាច់ការផ្តល់មូលនិធិ និងអាវុធដល់ក្រុមហ៊ូធី ដែលប្រើដើម្បីវាយប្រហារ ឬប្លន់កប៉ាល់ក្នុងផ្លូវដឹកជញ្ជូនដែនសមុទ្រដ៏សំខាន់។ មិនត្រឹមប៉ុណ្ណឹង ច្បាប់នេះ ក៏ហាមឃាត់សមាជិកក្រុមហ៊ូធី មិនឲ្យចូលសហរដ្ឋអាមេរិកផងដែរ។
តាមការបញ្ជាក់ពីទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan, “ការកំណត់សាជាថ្មីនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីរារាំងការផ្តល់មូលនិធិដល់ក្រុមភេរវករហ៊ូធី, រឹតត្បិតពួកគេមិនឲ្យចូលទីផ្សារហិរញ្ញវត្ថុ និងឲ្យពួកគេទទួលខុសត្រូវចំពោះសកម្មភាពដែលខ្លួនធ្វើ ប៉ុន្តែប្រសិនបើក្រុមហ៊ូធី ឈប់បាញ់នៅសមុទ្រក្រហមនិងឈូងសមុទ្រ Aden, សហរដ្ឋអាមេរិក ប្រហែលធ្វើការវាយតម្លៃឡើងវិញ ហើយអាចបន្ធូរបន្ថយខ្លះ”។

ដោយសារតែ ការគាំទ្ររបស់ខ្លួនចំពោះក្រុមហាម៉ាសប៉ាឡេស្ទីន ក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា, ក្រុមហ៊ូធីបានចេញមុខឈឺឆ្អាល ដោយបាញ់ទៅលើកប៉ាល់ដឹកទំនិញទាំងឡាយណាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅសមុទ្រក្រហម។
ដោយមិនអាចឱបដៃឈរមើលបាន នៅដើមខែមករា អាមេរិក ក៏បបួលអង់គ្លេសដែលជាសម្ព័ន្ធមិត្ត បង្កើតក្រុមចម្រុះមួយបើកការសងសឹកលើទីតាំងចលនាហ៊ូធី ក្នុងប្រទេសយេម៉ែន ដោយកំណត់គោលដៅជាពិសេសលើឃ្លាំងអាវុធរបស់ក្រុមនេះតែម្តង។

ចាប់តាំងពីពេលនោះមក អាមេរិក មិនបន្ធូរដៃឡើយ ដោយបាញ់សន្ធាប់សម្លាប់សមាជិកក្រុមនេះជាច្រើននាក់ ហើយថែមទាំងគំរាមទៀតថា នឹងវាយប្រហារកាន់តែសាហាវ បើពួកគេនៅតែរឹងទទឹង។
ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បានប្រាប់ CBS កាលពីសប្តាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោន មិនចង់ប្រែក្លាយប្រតិបត្តិការរបស់ខ្លួននៅសមុទ្រក្រហម ទៅជាជម្លោះជាមួយយេម៉ែនឡើយ។

ពេលនោះ នៅពេលសួរថាតើសហរដ្ឋអាមេរិក កំពុងប្រថុយនឹងការបង្កជាជម្លោះដោយបើកចំហ មួយផ្សេងទៀតនៅក្នុងតំបន់ដែរឬទេ? អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានឆ្លើយតបថា “ទីក្រុងវ៉ាស៊ីនតោនចង់ចៀសវាងរឿងបែបនេះណាស់។ គ្មាននរណាចង់មានជម្លោះជាមួយក្រុមហ៊ូធីទេ។ យើងមិនចង់បង្កជម្លោះជាមួយយេម៉ែននៅទីនេះឡើយ។ យើងកំពុងព្យាយាម បញ្ឈប់រាល់ការវាយប្រហារ តាមដែលអាចធ្វើទៅបាន”។
សហរដ្ឋអាមេរិក បញ្ជាក់ថា ប្រទេសជាង៥០ត្រូវរងផលប៉ះពាល់ ដោយការវាយប្រហាររបស់ ក្រុមហ៊ូធី ជិត៣០លើកលើកប៉ាល់ទាំងអស់គិតត្រឹមពាក់កណ្តាលខែមករាឆ្នាំ២០២៤៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កំពុងបាញ់ក្រុមហ៊ូធី ឥតប្រណីដៃ តែអាមេរិក ប្រកាសមិនចង់មានសង្គ្រាមជាមួយ យេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


