ព័ត៌មានអន្ដរជាតិ
យន្តហោះយោធា មីយ៉ាន់ម៉ា ទៅដឹកទាហានជិត ៣០០ នាក់ដែលភ័យរត់ចូល ឥណ្ឌា ជួបហេតុការណ៍បើកធ្លាក់ផ្លូវ
មនុស្ស ១២ នាក់បានរងរបួសនៅក្នុងហេតុការណ៍យន្តហោះយោធាមីយ៉ាន់ម៉ារត់ធ្លាក់ផ្លូវ អំឡុងពេលចុះចតទៅដឹកទាហានរបស់ខ្លួនដែលភ័យរត់ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា ក្រោយការបាញ់បោះរបស់ក្រុមបះបោរប្រដាប់អាវុធជនជាតិភាគតិចដែលកំពុងប្រយុទ្ធតតាំងជាមួយនឹងរដ្ឋាភិបាលយោធា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានមីយ៉ាន់ម៉ា The Irrawaddy នៅថ្ងៃទី២៤ ខែមករានេះ ។

មន្ត្រីអាជ្ញាធរអាកាសយានដ្ឋានឥណ្ឌា (AAI) បានប្រាប់សារព័ត៌មាន AFP ថា យន្តហោះ Shaanxi Y-8 ផលិតនៅប្រទេសចិន បានរអិលធ្លាក់ពីលើផ្លូវរត់ភ្លាមៗកាលពីថ្ងៃអង្គារនៅឯអាកាសយានដ្ឋាន Lengpui ជាអាកាសយានដ្ឋានដ៏សំខាន់មួយនៃរដ្ឋ Mizoram ភាគឦសានប្រទេសឥណ្ឌា ខណៈជើងហោះហើរនេះគឺទៅដឹកទាហានប្រមាណ ៩២ នាក់ក្នុងមួយជើង ។
មន្ត្រីដែលបានសុំមិនបញ្ចេញឈ្មោះបានបន្ថែមទៀតថា យន្តហោះដែលនឹងត្រូវដឹកទាហានមីយ៉ាន់ម៉ាសរុបចំនួន ២៧៦ នាក់ដែលភ័យរត់ចេញពីតំបន់ព្រំដែនមីយ៉ាន់ម៉ាឆ្លងចូលប្រទេសឥណ្ឌាកាលពីសប្តាហ៍មុន ក្រោយការបាញ់បោះរបស់ក្រុមឧទ្ទាមទ័ពព្រៃ គឺមានបញ្ហាផ្នែកម៉ាស៊ីនភ្លាមៗ អំឡុងពេលចុះចត ហើយបានរត់ធ្លាក់ផ្លូវបាក់តួយន្តហោះស្ទើរតែដាច់ជាពីរ បណ្ដាលឲ្យមនុស្ស ១២ នាក់រងរបួស ខណៈ ៤ នាក់រងរបួសធ្ងន់ធ្ងរ ។
ក្នុងរយៈពេល ២ ខែចុងក្រោយនេះ ទាហានមីយ៉ាន់ម៉ាជិត ៧០០ នាក់បានរត់ឆ្លងចូលទៅភាគឦសានប្រទេសឥណ្ឌា បន្ទាប់ពីក្រុមប្រឆាំងរដ្ឋាភិបាលយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រកាសវាយដណ្ដើមកាន់កាប់ទីក្រុង Paletwa និងបន្ទាយទ័ពចំនួន ៦ ទៀតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសឥណ្ឌាកាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ កន្លងទៅ ។

ទន្ទឹមនោះ ចាប់តាំងពីផ្ទុះការបាញ់បោះដាក់គ្នារវាងកងទ័ពអារ៉ាកាន់ (AA) ទៅលើកងកម្លាំងរក្សាសន្តិសុខរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ មក តំបន់មួយចំនួនរបស់មីយ៉ាន់ម៉ាដែលនៅជិតព្រំដែនឥណ្ឌា ក៏ផ្ទុះការប៉ះទង្គិចគ្នា ក៏ដូចជាបណ្ដាលឲ្យប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំផងដែរ ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ខណៈសមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានទម្លាក់អាវុធសុំចុះចាញ់ ក៏ដូចជាត្រូវបានចាប់ខ្លួនផងដែរក្នុងការប្រយុទ្ធគ្នាតាមតំបន់ព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធា ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


