ព័ត៌មានអន្ដរជាតិ
ហេតុផលទាំងនេះនាំថៃក្លាយជាគោលដៅសម្រាប់អ្នកទេសចរចូលនិវត្តពីលោកខាងលិច
និវត្តជន ឬជនដល់អាយុឈប់សម្រាកតាមច្បាប់ការងារ ជាច្រើនមកពីបណ្តាប្រទេសលោកខាងលិចកំពុងជ្រើសយកតំបន់អាស៊ីត្រូពិច (ប្រទេសតំបន់ក្តៅ) ជាទីកន្លែងចំណាយពេលវេលាចុងក្រោយរបស់ពួកគេ ហើយមានមូលហេតុមួយចំនួនដែលធ្វើឲ្យបណ្តាប្រទេសអាស៊ីក្លាយជាជម្រើសទី ១ ក្នុងពេលវេលាចូលនិវត្តនោះ ។

សារព័ត៌មានអាមេរិក Business Insider បានលើកករណីលោក Jeffrey Ogden ជនជាតិអង់គ្លេស ជាអតីតបុគ្គលិកក្រុមហ៊ុនផ្នែកប្រឹក្សាយោបល់លើជំនាញរកប្រេង និងឧស្ម័នធម្មជាតិ បានជ្រើសយកប្រទេសថៃ ជាជម្រើសចុងក្រោយ បន្ទាប់ពីចំណាយពេល ២ ឆ្នាំស៊ើបរកកន្លែងសមគួរសម្រាប់ចំណាយពេលចូលនិវត្តនេះ ។
លោក Jeffrey Ogden មានវ័យ ៧៥ ឆ្នាំបានរៀបរាប់ប្រាប់សារព័ត៌មានថា កាលពីអាយុ ៧៣ ឆ្នាំ លោកក៏ដូចជាជនចូលនិវត្តពីប្រទេសផ្សេងៗទៀតដែរ ដូចជាអាមេរិក អាល្លឺម៉ង់ ស្វីស បារាំង តែងចំណាយពេលដើរកម្សាន្តទៅប្រទេសនានា ។ ក្នុងនោះប្រទេសអេស្ប៉ាញជាកន្លែងដែលលោកចំណាយពេលច្រើននៅទីនោះ និងចាប់ផ្តើមគិតគូរពីការចំណាយពេលចូលនិវត្តចុងក្រោយនៃជីវិត ។ ទោះបីជាលោកមានកន្លែងសម្រាប់ស្នាក់នៅនៅអេស្ប៉ាញ មានបរិក្ខារសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ប៉ុន្តែចំណាយថ្លៃ គឺជាអ្វីដែលធ្វើឲ្យលោក មិនសម្រេចចិត្តចាយពេលចូលនិវត្តនៅទីនោះ ។
និវត្តជន ជនជាតិអង់គ្លេសរូបនេះ ក៏បានបន្ថែមថា លោកក៏ធ្លាប់ស៊ើបមើលពីការចំណាយផ្សេងៗនៅអាមេរិក អូស្រ្តាលី និងនូវែលហ្សេឡង់ ជាក់ស្តែងលោកទទួលបានសេវាល្អ ប៉ុន្តែការចំណាយនៅតែថ្លៃខ្ពស់សម្រាប់និវត្តជនទេសចរដូចជារូបលោក ។ បន្ថែមពីនោះនៅតំបន់អាស៊ី លោកបានធ្វើដំណើរទៅវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡាស៊ី ចុងក្រោយលោកសម្រេចចិត្តជ្រើសយកប្រទេសថៃ ជាកន្លែងស័ក្តិសមបំផុតសម្រាប់លោកផ្ទាល់។

អ្វីដែលទាក់ទាញចិត្តលោកឲ្យផ្លាស់ពីអឺរ៉ុបមកទឹកដីថៃនោះ គឺប្រជាជននៅទីនោះមានការគោរព ពិសេសគឺចំពោះមនុស្សចាស់ ដែលស្ថានភាពនេះពុំសូវមានឡើយនៅទឹកដីប៉ែកអឺរ៉ុបមួយចំនួនឡើយ ។ លោកបានលើកឧទាហរណ៍ ពីការសម្តែងសុជីវធម៌គួរឲ្យគោរព នៅពេលដែលលោកឡើងជិះឡានក្រុងពេញ ក្មេងៗអនុញ្ញាតឲ្យលោកអង្គុយកន្លែង ឯពួកគេនៅឈរជាដើម។ បើនិយាយពីអាហារហូបចុក សម្រាប់លោកផ្ទាល់គឺមានលទ្ធភាពចំណាយលើអាហារបានយ៉ាងសំបូរបែប ។
មិនតែប៉ុណ្ណោះ នៅប្រទេសថៃ គេមានវីសាប្រភេទផ្សេងៗផ្តល់ជាច្រើនជម្រើស សម្រាប់អ្នកដែលចង់ផ្លាស់មកថៃ ជាក់ស្តែងលោក Jeffrey Ogden មានជាប្រភេទវីសាសម្រាប់ចូលនិវត្ត។ បើនិយាយពីសេវាថែទាំសុខភាពវិញ លោកបញ្ជាក់ថា នៅថៃពិតជាផ្តល់ភាពងាយស្រួលដល់លោក សម្រាប់សេវានេះ។ បើទោះបីមន្ទីរពេទ្យច្រើនសហការជាមួយធានារ៉ាប់រងឯកជន ប៉ុន្តែពួកគេយកចិត្តទុកដាក់ថែទាំ ផ្តល់ភាពងាយស្រួល ជួយជ្រោមជ្រែងសម្រួលបញ្ហា មិនថាអតិថិជន ឬមនុស្សចាស់បានយ៉ាងល្អ ហើយការចំណាយទៀតនោះគឺសមរម្យសម្រាប់លទ្ធភាពរបស់លោក។

លោកបានលើកពី មន្ទីរពេទ្យមួយនៅ Hua Hin ដែលលោកសម្រាកព្យាបាលបានផ្តល់នូវសេវាជាកញ្ចប់ រួមមានទាំងបន្ទប់សម្រាក VIP ការសម្រួលមធ្យោបាយធ្វើដំណើរទៅមក អាងហែលទឹក កន្លែងញ៉ាំ សម្រួលកន្លែងស្នាក់នៅជាដើមខណៈសេវាទាំងនេះ លោកមិនអាចចំណាយបានឡើយ បើធៀបនឹងប្រទេសកំណើតនៅលោកខាងលិច ។
ត្រឡប់ទៅនិយាយពីប្រទេសកំណើតរបស់លោកវិញ ការចូលនិវត្តនៅអង់គ្លេស អាចមានរឿងល្អ និងអាក្រក់ទន្ទឹមគ្នា ពោលគឺវាជាផ្ទះប្រទេសមាតុភូមិកំណើតរបស់លោក នៅជិតសាច់ញាតិគ្រួសារបំផុត ប៉ុន្តែអ្វីៗសុទ្ធតែថ្លៃខ្ពស់ សម្រាប់និវត្តជនដូចជារូបលោក។ ពិសេសទៅទៀតនោះ លោកបារម្ភពីនិន្នាការថ្មីនៅអង់គ្លេសគឺ ក្មេងៗមិនសូវគោរព និងយកចិត្តទុកដាក់លើមនុស្សចាស់ឡើយ ហើយករណីនេះ មានដូចគ្នាក្នុងសេវាថែទាំសុខភាព ដែលមិនសូវមានការយកចិត្តទុកដាក់ឡើយ ៕
ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


