Connect with us

ព័ត៌មានអន្ដរជាតិ

អាកាសធាតុនៅថៃ កំពុងក្ដៅខ្លាំង អំណោយផលដល់ទីផ្សារលក់ម៉ាស៊ីនត្រជាក់

បានផុស

នៅ

ខណ:ដែលប្រទេសថៃកំពុងជួបប្រទះអាកាសធាតុក្តៅខ្លាំង ក៏មានរបាយការណ៍ពីក្រុមហ៊ុនផ្នែកលក់ម៉ាស៊ីនត្រជាក់បង្ហាញថា វាជារដូវកាលអំណោយផលខ្លាំងក្នុងការធ្វើទីផ្សារ និងការលក់មានកំណើនខ្ពស់ ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤ ។

រូបថតដោយ÷ Khaosod
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍ថា សីតុណ្ហភាពអតិបរមាជាមធ្យមអាចឡើងដល់ ៤៥ អង្សាសេ ក្ដៅខ្លាំងជាងឆ្នាំមុន ដែលជាហេតុនាំឱ្យមានកំណើននៃការលក់ម៉ាស៊ីនត្រជាក់ខ្ពស់ ។ ជាពិសេសចំពោះម៉ាស៊ីនត្រជាក់ផលិតផលចិនដែលមានតម្លៃសមរម្យ ។

លោក Amnaj Singhanchan ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន LG Electronics (Thailand) Co., Ltd. បាននិយាយថា ទីផ្សារម៉ាស៊ីនត្រជាក់នៅឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថានឹងមានកំណើន ២០ ភាគរយបើធៀបកាលពីឆ្នាំ ២០២៣ ។ នេះគឺជាឆ្នាំទីពីរនៃកំណើនបន្ទាប់ពីទីផ្សារម៉ាស៊ីនត្រជាកើបានធ្លាក់ចុះរយៈពេល ៣ ឆ្នាំជាប់ៗគ្នា (ឆ្នាំ ២០២០-២០២២) ដោយសារជំងឺរាតត្បាត COVID-19។

ប្រភពបានឱ្យដឹងថា ក្រុមហ៊ុន LG ប៉ាន់ប្រមាណថា ម៉ាស៊ីនត្រជាក់ដែលសន្សំសំចៃថាមពលនឹងមានតម្រូវការខ្ពស់ ជាពិសេសបន្ទាប់ពីអាជ្ញាធរអគ្គិសនីថៃ (EGAT) បានផ្សព្វផ្សាយណែនាំអំពីការប្រើប្រាស់ផលិតផលសន្សំសំចៃថាមពលថ្មី។ ប្រការនេះបានធ្វើឱ្យអ្នកប្រើប្រាស់យល់ដឹងកាន់តែច្បាស់អំពីភាពខុសគ្នានៃតម្លៃអគ្គិសនីរវាងម៉ាស៊ីនត្រជាក់ចាស់ និងម៉ូដែលថ្មី។ ដូច្នេះហើយទើបជម្រុញឱ្យមានការដូរគ្រឿងចាស់ ក៏ដូចជាការទិញម៉ាស៊ីនត្រជាក់ថ្មីជំនួស ឬបន្ថែម។

ជាមួយគ្នានេះ លោក Warut Lekajirakul ជំនួយការអ្នកគ្រប់គ្រងទូទៅផ្នែកទីផ្សារនៃក្រុមហ៊ុន Siam Daikin Sales Co., Ltd. បាននិយាយថា ផ្នែកម៉ាស៊ីនត្រជាក់តម្លៃទាបនឹងក្លាយជាផ្នែកមួយទៀតដែលមានតម្រូវការខ្ពស់ ។ មូលហេតុមួយផ្នែកគឺដោយសារម៉ាកម៉ាស៊ីនត្រជាក់ចិនថ្មីៗ បានបង្កើតរោងចក្រនៅក្នុងប្រទេសថៃ ហើយកំពុងលក់ផលិតផលរបស់ពួកគេក្នុងតម្លៃទាបតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដោយនេះស្របពេលជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច និងកម្លាំងទិញខ្សោយ ដែលបណ្តាលឱ្យអ្នកប្រើប្រាស់ទាំងមហាជន និងវណ្ណៈកណ្តាលមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចំណាយរបស់ពួកគេ។ ជាលទ្ធផលពួកគេកំពុងងាកទៅរកម៉ាស៊ីនត្រជាក់ដែលមានតំលៃធូថ្លៃ។

ការស្ទង់មតិរបស់ Prachachat Business បានបង្ហាញថា បច្ចុប្បន្ននេះមានម៉ាកម៉ាស៊ីនត្រជាក់របស់ចិនមួយចំនួនធំនៅលើទីផ្សារដូចជា Gree, Haier, Candy, Midea, Hisense ជាដើម ហើយពួកគេបានចាប់ផ្តើមវិនិយោគយ៉ាងខ្លាំងលើទីផ្សារដើម្បីបង្កើនការយល់ដឹង និងអនុវត្តសកម្មភាពផ្សព្វផ្សាយ ដើម្បីជំរុញការលក់ ៕

ដោយ÷ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម