ព័ត៌មានអន្ដរជាតិ
វៀតណាម ទម្លាក់ដៃទិញអាវុធពីបរទេស ទោះកំពុងមានភាពតានតឹងក្នុងតំបន់
ការនាំចូលអាវុធរបស់វៀតណាមកាលពីឆ្នាំ ២០២៣ កន្លងទៅបានធ្លាក់ចុះដល់កម្រិតទាបមួយ ស្របពេលដែលប្រទេសនេះងាកចេញឆ្ងាយពីការផ្គត់ផ្គង់របស់រុស្ស៊ី ខណៈអ្នកជំនាញព្រមានថា វៀតណាមអាចនឹងរងហានិភ័យធ្ងន់ធ្ងរ ប្រសិនបើជម្លោះក្នុងតំបន់ផ្ទុះឡើង ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃទី១៤ ខែមីនា ។

ចំណែកបើតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) បានឲ្យដឹងដែរថា កាលពីឆ្នាំមុន វៀតណាមមិនបានដាក់ចេញបទបញ្ជា ឬគម្រោងទិញអាវុធទំនើបថ្មីនោះទេ បើទោះបីជារដ្ឋាភិបាលទីក្រុងហាណូយមានគោលការណ៍បញ្ចេញថវិកាប្រមាណជាង ១ ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់មុខព្រួញលើការទិញអាវុធក៏ដោយ ។
ទិន្នន័យបង្ហាញទៀតថា ការនាំចូលអាវុធក្នុងឆ្នាំ ២០២៣ របស់វៀតណាម មានបរិមាណទាបបំផុតមិនធ្លាប់មានឡើយ ចាប់តាំងពីឆ្នាំ ២០០៧ មក ពោលខុសប្លែកខ្លាំងពីឆ្នាំ ២០២០ ដែលកំពុងផ្ទុះជំងឺរាតត្បាតកូវិដ ១៩ ទៅទៀត ដែលនៅពេលនោះ ឥណ្ឌាបានចែកចាយអាវុធយ៉ាងសម្បើមដៃដល់កងនាវាចរវៀតណាម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលវៀតណាមបានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញមូលហេតុនៃការធ្លាក់ដៃទិញអាវុធចូលប្រទេសនោះទេ ប៉ុន្តែមន្ត្រីកំពូលម្នាក់ក្នុងក្រសួងការពារជាតិបានលួចបង្ហើបកាលពីខែមករាថា ប្រទេសវៀតណាមបានឈានដល់កិច្ចព្រមព្រៀងនាំចូលអាវុធជាច្រើននៅឯពិព័រណ៍យោធាកាលពីខែធ្នូ ឆ្នាំ២០២២ ។
ទោះយ៉ាងណា ក្រសួងការពារជាតិវៀតណាមមិនបានបញ្ជាក់ពីព័ត៌មានលម្អិតណាមួយនោះទេ ដោយគ្រាន់តែលើកឡើងថា វៀតណាមកំពុងឈ្មុសឈ្មុលកែមុខមាត់ឧស្សាហកម្មយោធារបស់ខ្លួន ទោះមិនទាន់អាចផលិតអាវុធធំៗដូចជា យន្តហោះ ឬនាវាចម្បាំងក៏ដោយ ។

ទាក់ទិននឹងបញ្ហានេះទៀតសោត ទិន្នន័យរបស់ SIPRI បង្ហាញបន្ថែមថា រុស្សីដែលជាបងធំផ្តល់អាវុធរបស់វៀតណាមអស់រយៈពេលជាច្រើនទសវត្សរ៍ បានទម្លាក់ដៃនាំចេញសព្វាវុធជាសាកលរបស់ខ្លួនតាំងតែពីឆ្នាំមុនមក ហើយប្រទេសវៀតណាមសុខចិត្តចេញថ្លៃចំណាយទិញអាវុធរុស្ស៊ីដោយមិនបំពានលើទណ្ឌកម្មដែលដាក់ដោយអាមេរិក ខណៈអ៊ីស្រាអែល ដែលក៏ជាខ្នងបង្អែកលក់អាវុធធំទី ២ របស់វៀតណាមដែរនោះ ក៏មិនបានដឹកសព្វាវុធណាមួយដល់ទីក្រុងហាណូយផងដែរក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ។
គួរបញ្ជាក់ថា វៀតណាមដែលគ្រប់គ្រងដោយគណបក្សកុម្មុយនិស្តកំពុងខ្វះសព្វាវុធទំនើបគ្រប់គ្រាន់ដើម្បីការពារខ្លួន ប្រសិនបើផ្ទុះ ក៏ដូចជាធ្លាក់ចូលទៅក្នុងជម្លោះទ្រង់ទ្រាយធំណាមួយ ចំពេលមានភាពតានតឹងកំពុងក្ដៅរោលរាលរវាងចិន និងកោះតៃវ៉ាន់ ស្របពេលដែលក៏មានការប៉ះទង្គិចគ្នាជាញឹកញាប់ផងដែរនៅសមុទ្រចិនខាងត្បូងរវាងនាវាចិន និងនាវាមកពីមហាអំណាចក្នុងតំបន់ផ្សេងទៀត ៕
ដោយ ៖ សុខ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ