ព័ត៌មានអន្ដរជាតិ
លោក គីម ប្រកាសថា ដល់ពេលត្រៀមខ្លួនច្បាំងសង្គ្រាមហើយ
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃព្រហស្បតិ៍ទី១១ខែមេសា, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសក្តែងៗថា ស្ថានភាពភូមិសាស្ត្រនយោបាយដ៏តានតឹងនៅជុំវិញប្រទេសរបស់លោក គឺមានន័យថា ឥឡូវដល់ពេលដែលត្រូវត្រៀមខ្លួនសម្រាប់ច្បាំងសង្គ្រាមមែនទែនហើយ។

ប៉ុន្មានឆ្នាំមកនេះ គេដឹងថា កូរ៉េខាងជើងបានបង្កើនការអភិវឌ្ឍអាវុធខ្លាំងមែនទែន ក្រោមការដឹកនាំរបស់លោកគីម ហើយថែមទាំងពង្រឹងទំនាក់ទំនងយោធានិងនយោបាយ កាន់តែជិតស្និទ្ធជាមួយរុស្ស៊ីផងដែរ ខណៈមានការសង្ស័យថា ទីក្រុងព្យុងយ៉ាង កំពុងជួយទីក្រុងមូស្គូក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ជាថ្នូរនឹងជំនួយសម្រាប់គម្រោងយោធាជាយុទ្ធសាស្ត្ររបស់ខ្លួន។
ក្នុងអំឡុងពេលចុះទៅពិនិត្យសកលវិទ្យាល័យយោធានិងនយោបាយគីមជុងអ៊ីល លោក គីម បានប្រាប់បុគ្គលិកនិងនិស្សិតសាកលវិទ្យាល័យថា “ប្រសិនបើសត្រូវរើសយកការប្រឈមមុខដាក់គ្នាខាងយោធាជាមួយកូរ៉េខាងជើង នោះកូរ៉េខាងជើងនឹងធ្វើការវាយប្រហារសម្លាប់សត្រូវតាមគ្រប់មធ្យោបាយ ដោយមិនស្ទាក់ស្ទើរឡើយ”។

ស្របពេលជាមួយគ្នានោះដែរ ដោយគូសបញ្ជាក់ស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញ ព្រមទាំងស្ថានភាពយោធានិងនយោបាយមិនប្រាកដប្រជា ជុំវិញប្រទេសកូរ៉េខាងជើង, លោក គីម គូសបញ្ជាក់ថា ឥឡូវនេះ គឺជាពេលវេលាដែលត្រូវរៀបចំឲ្យបានហ្មត់ចត់ជាងមុនសម្រាប់សង្រ្គាម។
សូមបញ្ជាក់ជាថ្មី កាលពីដើមខែនេះ លោក គីម បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទថ្មី ដើរដោយឥន្ធនៈរឹង ដែលអ្នកវិភាគជឿថា នឹងជំរុញសមត្ថភាពរបស់កូរ៉េខាងជើងកាន់តែខ្លាំងក្លាជាងមុន។

កាលពីឆ្នាំមុន កូរ៉េខាងជើងថែមទាំងសម្ពោធ នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនទៀតផង ដោយនាវាមុជទឹកនោះ ហាក់ដូចជាច្នៃពីនាវាមុជទឹកដែលមានស្រាប់ ដើម្បីបំពាក់មីស៊ីលផ្លោង។
ម្យ៉ាងវិញទៀត កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ពីបទបង្កភាពតានតឹងផ្នែកយោធា ជាមួយការធ្វើសមយុទ្ធសង្គ្រាម ហើយប្តេជ្ញាតបតវិញយ៉ាងចាស់ដៃជាទីបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


