Connect with us

ព័ត៌មានអន្ដរជាតិ

បន្ទាប់ពីអ៊ីស្រាអែល ពេលនេះលោក Biden ចេញមុខធានាការពារសម្ព័ន្ធមិត្តមួយទៀត នៅអាស៊ីអាគ្នេយ៍

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី១២ខែមេសា លោកប្រធានាធិបតី Joe Biden បានប្តេជ្ញាថា ជាការគាំទ្ររឹងដូចដែកថែប, សហរដ្ឋអាមេរិក នឹងការពារសម្ព័ន្ធមិត្តនៅអាស៊ីអាគ្នេយ៍គឺហ្វីលីពីន ពីការវាយប្រហារណាមួយនៅក្នុងសមុទ្រចិនខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ AP)

ការអត្ថាធិប្បាយរបស់លោក Biden កើតឡើងចំពេលមានការប៉ះទង្គិចគ្នាជាប្រចាំ និងភាពតានតឹងហក់ឡើងខ្ពស់ រវាងនាវាឆ្មាំសមុទ្រចិនជាមួយហ្វីលីពីន ក្នុងផ្លូវទឹកដែលមានជម្លោះ។

ថ្លែងពេលចាប់ផ្តើមកិច្ចចរចាត្រីភាគីនៅសេតវិមានជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr, លោក Biden និយាយថា “ការវាយប្រហារណាមួយលើយន្តហោះ នាវា ឬកងកម្លាំងប្រដាប់អាវុធហ្វីលីពីននៅសមុទ្រចិនខាងត្បូង នឹងនាំឲ្យមានគាស់កកាយយកសន្ធិសញ្ញាការពារគ្នាឆ្នាំ១៩៥១ មកប្រើប្រាស់មិនខានឡើយ”។

(រូបថត៖ Bloomberg)

ដំណើរទស្សនកិច្ចរបស់លោក Marcos ទៅកាន់ទីក្រុងវ៉ាស៊ីនតោន កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសរបស់លោក ចោទប្រកាន់នាវាចិនថា ធ្វើសមយុទ្ធដ៏គ្រោះថ្នាក់ នៅជិតថ្មប៉ប្រះទឹក Second Thomas Shoal ដែលជាដែនទឹកមានជម្លោះក្បែរប្រជុំកោះ Spratly។

នោះគឺជាឧបទ្ទវហេតុមួយ ក្នុងចំណោមឧបទ្ទវហេតុជាច្រើន ដែលនាវាចិនត្រូវបានចោទប្រកាន់ថា យាយីនៅក្នុងតំបន់ រួមមានដូចជាការបាញ់ទឹក និងបើកបុកកប៉ាល់ហ្វីលីពីន ជាដើម។

(រូបថត៖ Getty)

សូមបញ្ជាក់ថា មួយថ្ងៃមុននេះ លោក ចូ បៃដិន ​ក៏បានអះអាងពី​ការ​ប្តេជ្ញា​ចិត្តរឹងដូចដែកថែប​របស់​អាមេរិក ដើម្បីការពារ​អ៊ីស្រាអែលផងដែរ ​ក្នុង​ករណី​សម្ព័ន្ធមិត្តមួយនេះ ​ត្រូវ​វាយ​ប្រហារ​ដោយ​អ៊ីរ៉ង់ឬចលនាប្រដាប់អាវុធដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលទីក្រុងតេហេរ៉ង់។

ក្នុងសន្និសីទកាសែតនៅខាងក្រៅជំនួបកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នាទីក្រុងវ៉ាស៊ីនតោន, លោក បៃដិន អះអាងថា “ខ្ញុំបានបញ្ជាក់ទៅកាន់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ថា សហរដ្ឋអាមេរិក នៅតែរក្សាការប្តេជ្ញាចិត្តរឹងដូចដែកថែប ចំពោះសន្តិសុខរបស់អ៊ីស្រាអែល ប្រឆាំងរាល់ការគំរាមកំហែងពីអ៊ីរ៉ង់ និងកងកម្លាំងដែលខ្លួនគាំទ្រ”។

លោក Fumio Kishida និងលោក Joe Biden (រូបថត៖ Bloomberg)

ថ្មីៗនេះ អ៊ីរ៉ង់បានគំរាមមិនដាច់ពីមាត់សងសឹកអ៊ីស្រាអែល បន្ទាប់ពីការវាយឆ្មក់លើស្ថានកុងស៊ុលនៅទីក្រុងដាម៉ាស ដែលបានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ចំនួន៧នាក់ រួមទាំងមេទ័ពកំពូលមួយរូបឈ្មោះ Mohammad Reza Zahedi ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល មិនទទួលស្គាល់ថា នេះជាទង្វើរបស់ខ្លួនឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ចូ បៃដិន ចេញមុខធានាការពារអ៊ីស្រាអែល បើអ៊ីរ៉ង់ ហ៊ានវាយប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម