Connect with us

ព័ត៌មានអន្ដរជាតិ

អាកាសយានដ្ឋានប្រណិតបំផុតលើលោកនៅ ឌូបៃ ត្រលប់មកហោះហើរដូច​ធម្មតាក្នុងរយៈពេល ២៤ ម៉ោង

បានផុស

នៅ

អាកាសយានដ្ឋានអន្តរជាតិឌូបៃនឹងវិលត្រលប់មកដំណើរការហោះហើរពេញលេញដូចធម្មតាវិញក្នុងរយៈពេល ២៤ ម៉ោងនៅថ្ងៃសុក្រនេះ បន្ទាប់ពីអាកាសធាតុរាងធូរស្បើយបន្តិច ។ នេះបើយោងតាមការលើកឡើងរបស់លោក Majed Al Joker ប្រធានផ្នែកប្រតិបត្តិការរបស់អាកាសយានដ្ឋានឌូបៃ និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រលានយន្តហោះដ៏ប្រណិតបំផុតនៅលើពិភពលោករបស់ប្រទេសអារ៉ាប់រួមមួយនេះកំពុងសម្រួលជើងហោះហើរឡើងវិញ បន្ទាប់ពីត្រូវបានជាប់គាំងឡើងក្រោយរងការវាយប្រហារយ៉ាងចាស់ដៃពីជំនន់ទឹកភ្លៀងភ្លាមៗកាលពីថ្ងៃអង្គារ ដោយបង្ខំឲ្យជើងហោះហើរដែលតភ្ជាប់ទៅកាន់គ្រប់ទ្វីបទាំងអស់ត្រូវលុបចោល ឬពន្យារពេល ខណៈក្នុងករណីចាំបាច់ខ្លះបានបង្វែរទៅអាកាសយានដ្ឋានផ្សេងទៀត ។

ស្របពេលជាមួយគ្នានេះ លោក Al Joker បានប្រាប់ទូរទស្សន៍ Al Arabiya TV នៅក្នុងបទសម្ភាសន៍មួយថា “បច្ចុប្បន្នស្ថានីយ​អ្នកដំណើរទី​១ និងទី៣ ​បាន​ចាប់​ផ្តើម​ដំណើរការ​ធម្មតា​ជា​បណ្តើរៗហើយ ដូច្នេះនៅពេលដែលប្រតិបត្តិការហោះហើរត្រលប់មកដូចដើមទាំងស្រុង យើងនឹងវាយតម្លៃការខូចខាត ហើយនៅពេលនោះយើងនឹងអាចផ្តល់តួលេខច្បាស់ការសម្រាប់ទំហំនៃការខាតបង់ទាំងប៉ុន្មាននេះ” ។

ប្រធានផ្នែកប្រតិបត្តិការរបស់អាកាសយានដ្ឋានឌូបៃរូបនេះបញ្ជាក់ទៀតថា “ក្រុមឆ្លើយតប និងសង្គ្រោះបន្ទាន់របស់អាកាសយានដ្ឋាន រួមជាមួយនាយកដ្ឋាន ដៃគូយុទ្ធសាស្ត្រផ្សេងៗ និងក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតបានធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងឲ្យមានជើងហោះហើរវិលមករកភាពប្រក្រតីវិញ ពោលដៃម្ខាងជួយដល់អ្នកដំណើរ និងភ្ញៀវដែលរងផលប៉ះពាល់ ឯដៃម្ខាងទៀតកំពុងធ្វើការឥតឈប់ឈរដើម្បីកែលម្អស្ថានភាពនៅអាកាសយានដ្ឋាន” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជើងហោះហើរនៅព្រលានយន្តហោះឌូបៃសរុបចំនួន ១,២៤៤ ជើងត្រូវបានលុបចោល ហើយ ៤១ ជើងផ្សេងទៀតបានបង្វែរទិសដៅក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅលើផ្លូវរត់របស់យន្តហោះ ខណៈអាកាសយានដ្ឋានក៏បានផ្អាកប្រតិបត្តិការរយៈពេល ២៥ នាទីផងដែរកាលពីថ្ងៃពុធ ។

ដោយឡែកក្រៅពីដំណើរការជើងហោះហើរឡើងវិញមួយចំនួន, អាជ្ញាធរផ្លូវថ្នល់ និងដឹកជញ្ជូនរបស់ទីក្រុងឌូបៃក៏បានប្រកាសដែរថា តាក់ស៊ី និងរថយន្តក្រុងបានចាប់ផ្ដើមដំណើរការឡើងវិញដូចគ្នា បន្ទាប់ពីស្ថានភាពទឹកជន់បានស្រកជាបណ្ដើរៗ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សេវាកម្មរថយន្តក្រុងរត់ឆ្លងក្រុងទាំងអស់របស់អារ៉ាប់រួមនៅតែផ្អាក រហូតដល់មានការជូនដំណឹងបន្ថែម ដោយសារតែអាកាសធាតុមិនទាន់អំណោយផលពេញទីនៅឡើយ ។

គួរបញ្ជាក់ថា អារ៉ាប់រួមកាលពីថ្ងៃអង្គារបានជួបប្រទះភ្លៀងធ្លាក់យ៉ាងចាស់ដៃក្នុងកម្រិត ២៥៤ មិល្លីម៉ែត្រនៅតំបន់ Al-Ain ហើយនេះក៏ជាកម្រិតដ៏ច្រើនបំផុតមិនធ្លាប់មានផងដែរក្នុងរយៈពេល ៧៥ ឆ្នាំ ខណៈជាទូទៅប្រទេសវាលខ្សាច់មួយនេះមានកម្រិតទឹកភ្លៀងធ្លាក់ជាមធ្យមក្នុងមួយឆ្នាំត្រឹម ១៤០ ទៅ ២០០ មិល្លីម៉ែត្រ ឯចំពោះទីក្រុងឌូបៃវិញមានត្រឹម ៩៧ មិល្លីម៉ែត្រ ខណៈសម្រាប់ក្នុងខែមេសាគឺប្រមាណ ៨ មិល្លីម៉ែត្រប៉ុណ្ណោះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ជំនន់ទឹកភ្លៀងនៅ ឌូបៃ វាយប្រហារទាំងព្រលានយន្តហោះដ៏ប្រណិតបំផុត​លើ​លោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម