ព័ត៌មានអន្ដរជាតិ
ថៃ រុះរើគណៈរដ្ឋមន្ត្រី ឯលោក ថាក់ស៊ីន ក្ដោបក្ដាប់ចាត់ចែងតួនាទីទាំងអស់
នៅទីបំផុតការរុះរើគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានឈានចូលមកដល់ហើយ បន្ទាប់ពីមានការវិវត្តចុងក្រោយកាលពីរសៀលថ្ងៃព្រហស្បតិ៍ ជាពិសេសគឺការជួបពិភាក្សាគ្នារវាងលោក សេដ្ឋា ជាមួយលោក ភូមិថាំ វិឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅសណ្ឋាគារមួយកន្លែងក្នុងទីក្រុងបាងកក ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន MGR Online នៅថ្ងៃទី២៦ ខែមេសានេះ ។

ក្រោយបញ្ចប់កិច្ចពិភាក្សានោះហើយ ការរុះរើគណៈរដ្ឋមន្ត្រីទំនងជានឹងបិទបញ្ចប់ក្នុងសប្ដាហ៍នេះ ខណៈសកម្មភាពដែលកើតមានឡើងទាំងប៉ុន្មានបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ទាំងរដ្ឋាភិបាល និងទាំងការរុះរើគណៈរដ្ឋមន្ត្រីសុទ្ធសឹងតែស្ថិតក្រោមកណ្ដាប់ដៃគ្រប់គ្រងរបស់លោក ថាក់ស៊ីន នៅគ្រប់ដំណាក់កាលទាំងអស់ ។
អ្វីដែលកាន់តែច្បាស់ការណ៍អំពីការរុះរើគណៈរដ្ឋមន្ត្រីនេះដែរ ក្រោយមានសេចក្ដីរាយការណ៍ថា លោក Pichai Chunhavajira ទីប្រឹក្សានាយករដ្ឋមន្ត្រីដែលបច្ចុប្បន្នកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារហ៊ុនថៃបានលាលែងពីតំណែងប្រធានក្រុមប្រឹក្សាភិបាលផ្សារហ៊ុនកាលពីថ្ងៃទី២៤ ខែមេសា ខណៈក្រុមហ៊ុន Bangchak Corporation Limited ក៏បានជូនដំណឹងដែរថា លោក Pichai សម្រេចចិត្តដកខ្លួនចេញពីតួនាទីមួយនេះ ដោយសារតែមានបេសកកម្មជាច្រើនដែលត្រូវបំពេញ ចាប់ពីថ្ងៃទី២៥ ខែមេសាតទៅ ។

ទន្ទឹមនោះ ការលាលែងពីតំណែងរបស់លោក Pichai នេះទៀតសោត ក៏ដោយសារតែទីប្រឹក្សានាយករដ្ឋមន្ត្រីរូបនេះគឺទៅទទួលតំណែងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជំនួសលោកនាយករដ្ឋមន្ត្រី សេដ្ឋា បន្ទាប់ពីមានការរុះរើគណៈរដ្ឋមន្ត្រីនាពេលឆាប់ៗខាងមុខនេះ ។
សម្រាប់គណៈរដ្ឋមន្ត្រីដែលនឹងមានការរុះរើជាថ្មីខាងមុខនេះត្រូវបានគេរំពឹងថា លោក សេដ្ឋា អាចនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីតែមួយមុខប៉ុណ្ណោះ ហើយលោក Pichai នឹងចូលមកកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជំនួសលោក សេដ្ឋា ។

ក្រៅពីនេះ លោក Somsak Thepsuthin ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី នឹងទៅកាន់ការជារដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈជំនួសលោកវេជ្ជបណ្ឌិត Chonnan Srikaew ខណៈលោក Suriya Juangroongruangkit រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នឹងក្លាយជាឧបនាយករដ្ឋមន្ត្រី ។ ចំណែកលោក Panpree Phittanukorn ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស នឹងនៅសល់តែតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសមួយមុខប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ការរុះរើគណៈរដ្ឋមន្ត្រីនេះមានហេតុផលជាច្រើន ហើយនេះក៏អាចជាស្ទីលរបស់គណបក្សភឿថៃផងដែរ ខណៈការផ្លាស់ប្ដូរនេះអនុវត្តតាំងតែពីសម័យបក្សថៃស្រលាញ់ថៃក្រោមការដឹកនាំរបស់លោក ថាក់ស៊ីន ដូចគ្នា ដើម្បីឆ្លើយតបចំពោះក្រុមនយោបាយ ក៏ដូចជាការចរចាផលប្រយោជន៍ជាមួយក្រុមមូលធន ហើយស្ទីលនេះជាមធ្យមនឹងមានការរុះរើគណៈរដ្ឋមន្ត្រីនៅរៀងរាល់ ៦ ខែ ឬ ១ ឆ្នាំម្តង ៕

ដោយ ៖ គង់ សំអាន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


