Connect with us

ព័ត៌មានអន្ដរជាតិ

ប្រភពមួយទម្លាយថា សប្តាហ៍នេះ ICC នឹងចេញដីកាចាប់ខ្លួនលោក Netanyahu

បានផុស

នៅ

យោងតាមប្រភពពីសារព័ត៌មាន NBC News កាលពីថ្ងៃចន្ទទី២៩ខែមេសា, តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) អាចនឹងចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីកំពូលរបស់គាត់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនិងចេញដីកាចាប់ខ្លួនតែម្តងនៅសប្តាហ៍នេះ ពាក់ព័ន្ធអំពើហិង្សានៅប៉ាឡេស្ទីន។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​លើក​យកសម្តី​មន្ត្រី​អ៊ីស្រាអែល បណ្តាញសារព័ត៌មានរបស់សហរដ្ឋអាមេរិកខាងលើហ៊ាន​អះអាង​ថា ​ដីកា​នោះអាច​​ចេញដើម្បីចាប់ខ្លួន​លោក Netanyahu, រដ្ឋមន្ត្រី​ការពារជាតិ Yoav Gallant និង​មន្ត្រី​យោធា​ជាន់​ខ្ពស់ផ្សេងទៀតតែ​មិន​បញ្ចេញ​ឈ្មោះ ខណៈអ៊ីស្រាអែលកំពុងធ្វើការតាមរយៈបណ្តាញការទូត ដើម្បីព្យាយាមបញ្ឈប់រឿងនេះ។

ទន្ទឹមនោះ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល, មេទ័ព Herzl Halevi ក៏ស្ថិតក្នុងចំណោមមន្ត្រីយោធាដែលប្រឈមមុខនឹងការចោទប្រកាន់ផងដែរ។

មេទ័ពអ៊ីស្រាអែលលោក Herzl Halevi (រូបថត៖ Flash 90)

ទោះបីជាយ៉ាងណាក៏ដោយ ICC មិនបញ្ជាក់ ឬបដិសេធចំពោះរបាយការណ៍នេះទេ ដោយគ្រាន់តែប្រាប់ NBC ថា ខ្លួនកំពុងបើកការស៊ើបអង្កេតឯករាជ្យ ទាក់ទងនឹងស្ថានភាពក្នុងរដ្ឋប៉ាឡេស្ទីន។

សូមបញ្ជាក់ ការស៊ើបអង្កេតរបស់ ICC ចាប់ផ្តើមឡើងក្នុងឆ្នាំ២០២១ ហើយជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មសង្រ្គាមដែលប្រព្រឹត្តដោយយោធាអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ West Bank និង Gaza ចាប់តាំងពីឆ្នាំ២០១៤មក ពេលដែលអ៊ីស្រាអែល ធ្វើសង្គ្រាមរយៈពេលមួយខែប្រឆាំងនឹងក្រុមហាម៉ាស។

(រូបថត៖ AFP)

យ៉ាងណាមិញ ការស៊ើបអង្កេតនេះ គឺដាច់ដោយឡែកពីករណីប្រល័យពូជសាសន៍ស៊ើបអង្កេតដោយអាហ្រ្វិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល ដែលបច្ចុប្បន្នកំពុងបើកសវនាការដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ទីក្រុង Pretoria ចោទថា កងកម្លាំងអ៊ីស្រាអែល បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងអំឡុងប្រតិបត្តិការកម្ចាត់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

ICC និង ICJ សុទ្ធតែមានមូលដ្ឋាននៅទីក្រុងឡាអេ នៃប្រទេសហូឡង់។ នៅក្រោមលក្ខន្តិកៈទីក្រុងរ៉ូមឆ្នាំ២០០២, ICC មានភារកិច្ចកាត់ទោសបុគ្គលនានាចំពោះអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មនៃការឈ្លានពាន។ ម្យ៉ាងវិញទៀត ICJ គឺជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ ដែលមានភារកិច្ចដោះស្រាយវិវាទរវាងប្រទេសនានា។

(រូបថត៖ Atlantic Council)

ប្រសិនបើ ICC ចេញដីកាចាប់ខ្លួនលោក Netanyahu មែននោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ទំនងជាមិនត្រូវបាននាំទៅទីក្រុងឡាអេ ដើម្បីប្រឈមមុខនឹងការកាត់ក្តីទេ ព្រោះថា អ៊ីស្រាអែលក៏ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី និងចិនដែរ គឺមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមឡើយ ហើយក៏មិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះដែរ។

យ៉ាងណាក្តី ដីកាអាចដាក់លោក Netanyahu ឲ្យប្រឈមនឹងការចាប់ខ្លួន ប្រសិនបើគាត់ធ្វើដំណើរទៅកាន់ប្រទេសណាមួយក្នុងចំណោមរដ្ឋជាសមាជិកទាំង១២៤ ដែលទទួលស្គាល់តុលាការនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តួកគី៖ ថ្ងៃណាមួយ ICC នឹងចោទប្រកាន់លោក Netanyahu ពីបទឧក្រិដ្ឋកម្មសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម