ព័ត៌មានអន្ដរជាតិ
អាមេរិក ដកផែជំនួយនៅហ្គាហ្សា ហើយប្រហែលមិនដាក់វិញទេ
ផែដែលសង់ដោយយោធាអាមេរិកដើម្បីនាំយកជំនួយទៅកាន់តំបន់ហ្គាហ្សា ត្រូវបានដកចេញហើយដោយសារតែបញ្ហាអាកាសធាតុ ខណៈទីក្រុងវ៉ាស៊ីនតោនពិចារណាមិនដំឡើងវាឡើងវិញទេ លុះត្រាតែជំនួយចាប់ផ្តើមចូលដល់ប្រជាជនម្តងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP នៅថ្ងៃទី ២៩ ខែ មិថុនា។
ផែនេះប្រើដើម្បីចែកចាយអាហារទៅកាន់តំបន់ដែលរងផលប៉ះពាល់ ប៉ុន្តែបច្ចុប្បន្នទីភ្នាក់ងារជំនួយមានការលំបាកក្នុងការបញ្ជូនស្បៀងអាហារចូលទៅតំបន់ហ្គាហ្សា ដោយសារតែក្បួនរថយន្តមនុស្សធម៌ ត្រូវរងការវាយប្រហារ ខណៈអង្គការសហប្រជាជាតិ មិនបានចែកចាយស្បៀងអាហារ និងការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ផ្សេងទៀតតាមកំពង់ផែនេះ ចាប់តាំងពីថ្ងៃទី ៩ ខែមិថុនាមកម្ល៉េះ។
ការផ្អាកនេះកើតឡើង បន្ទាប់ពីយោធាអ៊ីស្រាអែលប្រើប្រាស់តំបន់ក្បែរកំពង់ផែ ដើម្បីបើកប្រតិបត្តិការតាមរកចំណាប់ខ្មាំងជាហេតុជំរុញឲ្យមានការត្រួតពិនិត្យសន្តិសុខរបស់អង្គការសហប្រជាជាតិ លើបញ្ហាសុវត្ថិភាព និងអព្យាក្រឹតភាពរបស់បុគ្គលិកជំនួយ។
គួរបញ្ជាក់ថា ផែនេះត្រូវបានគេប្រើប្រាស់ដើម្បីផ្ដល់ជំនួយអាហារជាង៨.៦ លានគីឡូក្រាមទៅកាន់ហ្គាហ្សា ប៉ុន្តែត្រូវបានរារាំងមិនត្រឹមតែដោយសារការផ្អាកជំនួយប៉ុណ្ណោះទេ រួមទាំងអាកាសធាតុមិនអំណោយផលផងដែរ។ សមុទ្រ ក៏ធ្លាប់ធ្វើឲ្យកំពង់ផែនេះខ្ទេចផង ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្នុងប្រតិបត្តិការដំបូងរបស់វា ដោយបង្ខំឱ្យយោធាដកវាចេញជាបណ្តោះអាសន្ន ដើម្បីជួសជុលនិងដំឡើងឡើងវិញ។ មិនត្រឹមប៉ុណ្ណឹង កាលពីថ្ងៃសុក្រសប្ដាហ៍មុនក៏មានបញ្ហាម្ដងទៀតដែលបានបង្ខំឱ្យយោធាដកវាចេញជាលើកទី២ ហើយយកវាទៅកាន់កំពង់ផែអ៊ីស្រាអែលនៅ Ashdod វិញ។
ស្របពេលជាមួយគ្នានោះ មន្ត្រីអាមេរិកជាច្រើននាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថា យោធាអាចដំឡើងផែឡើងវិញ នៅពេលបញ្ហាអាកាសធាតុបាត់ទៅប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែការសម្រេចចិត្តចុងក្រោយមិនទាន់ធ្វើឡើងនៅឡើយទេ។
គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនកំពុងប្រឈមមុខនឹងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ដោយសារតែការប្រយុទ្ធគ្នាក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ជិតប្រាំបួនខែ ការរឹតបន្តឹងអ៊ីស្រាអែលលើច្រកព្រំដែននិងការវាយប្រហារលើក្បួនជំនួយអាហារ ថ្នាំពេទ្យ និងការផ្គត់ផ្គង់ផ្សេងៗទៀត៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


