ព័ត៌មានអន្ដរជាតិ
មេក្រុមហាម៉ាសថ្មី ជាអ្នកធ្លាប់ត្រូវអ៊ីស្រាអែល កាត់ទោសដាក់គុក ៤ជាតិ
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី៧ខែសីហា, ក្រុមហាម៉ាស បានសម្រេចតែងតាំងលោក Yahya Sinwar ធ្វើជាប្រធានការិយាល័យនយោបាយថ្មីរបស់ខ្លួន ហើយបុរសម្នាក់នេះ ធ្លាប់ត្រូវអ៊ីស្រាអែលកាត់ទោសឲ្យជាប់គុក៤ជាតិ។
ក្រុមនេះបានចេញសេចក្តីថ្លែងការណ៍ថា «ចលនាតស៊ូឥស្លាម (ហាម៉ាស) សូមប្រកាសពីការជ្រើសរើសលោក Yahya Sinwar ឲ្យកាន់តំណែងជាប្រធានការិយាល័យនយោបាយថ្មីរបស់ខ្លួន។ ការជ្រើសរើសលោក Sinwar គឺជាការផ្ញើសារដ៏រឹងមាំមួយទៅកាន់អ៊ីស្រាអែលថា យើងនឹងបន្តនៅលើផ្លូវនៃការតស៊ូមួយនេះ»។
លោក Sinwar អាយុ៦១ឆ្នាំមកពីទីក្រុង Khan Younis គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកក្រុមហាម៉ាស ដែលអ៊ីស្រាអែល ដាក់ក្នុងបញ្ជីខ្មៅ ដោយចោទថា គាត់ជាមេខ្លោងនៃការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។
ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គាត់ត្រូវបានអ៊ីស្រាអែល ចាប់ខ្លួនជាច្រើនលើកច្រើនសា ដោយសារចូលរួមក្នុងបាតុកម្មប្រឆាំងការគ្រប់គ្រងរបស់ទីក្រុងហ្ស៊េរុយសាឡិម លើតំបន់ហ្គាហ្សាស្ទ្រីប។ ក្រោយរៀនចប់សកលវិទ្យាល័យ, លោក Sinwar បានជួយបង្កើតបណ្តាញសកម្មប្រយុទ្ធមួយប្រឆាំងអ៊ីស្រាអែល ដែលក្រោយមកបានក្លាយទៅជាកងបញ្ជាការ al-Qassam ដែលជាសម្ព័ន្ធប្រដាប់អាវុធរបស់ហាម៉ាស។
គាត់បានក្លាយជាមេដឹកនាំកំពូលម្នាក់របស់ហាម៉ាស បន្ទាប់ពីលោក Ahmad Yasin បង្កើតក្រុមនេះក្នុងឆ្នាំ១៩៨៧។ មួយឆ្នាំក្រោយមក លោក Sinwar ត្រូវអ៊ីស្រាអែលចាប់ខ្លួន ហើយកាត់ទោសឲ្យជាប់គុក៤ជាតិ ពីបទឃាតកម្មលើទាហានអ៊ីស្រាអែល២នាក់ និងប៉ាឡេស្ទីន៤នាក់ដែលសង្ស័យ ជាចារកម្ម។
បន្ទាប់ពីជាប់គុកអ៊ីស្រាអែលបាន២៣ឆ្នាំ គាត់ត្រូវដោះលែងវិញនៅឆ្នាំ២០១១ ក្នុងកិច្ចព្រមព្រៀងដោះដូរអ្នកទោសរវាងភាគីទាំងពីរ។ អំឡុងពេលនោះ គាត់បានរៀនភាសា Hebrew និងស្រាវជ្រាវនយោបាយក្នុងស្រុករបស់អ៊ីស្រាអែល។
លោក Sinwar បានក្លាយជាមេដឹកនាំថ្មីរបស់ក្រុមហាម៉ាស ពោលគឺជិតមួយសប្តាហ៍បន្ទាប់ពីអ្នកស្នងតំណែងមុន Ismail Haniyeh ត្រូវគេធ្វើឃាតនៅទីក្រុង តេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់។ ការធ្វើឃាតនោះ បានដុតបញ្ឆេះស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាឲ្យក្តៅឆួល ខណៈអ៊ីរ៉ង់ និងក្រុមហាម៉ាស សុទ្ធតែចោទអ៊ីស្រាអែល ថាជាអ្នកនៅពីក្រោយការធ្វើឃាតនេះ និងប្តេជ្ញាសងសឹកឥតប្រណីដៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ ចាប់ខ្លួនមនុស្សជាង២០នាក់ ពាក់ព័ន្ធការធ្វើឃាត មេក្រុមហាម៉ាស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា