ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលយល់ព្រមបន្តកិច្ចចរចាបទឈប់បាញ់ឡើងវិញនៅសប្ដាហ៍ក្រោយ
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រកាសកាលពីថ្ងៃទី៨ខែសីហាថា អ៊ីស្រាអែលបានយល់ព្រមបន្តកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សាជាថ្មីម្ដងទៀតនៅថ្ងៃទី១៥ខែសីហាសប្ដាហ៍ក្រោយ តាមការទាមទាររបស់ក្រុមអ្នកសម្របសម្រួលរួមមាន សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប។

បន្ទាប់ពីការផ្អាកអស់រយៈពេលជាយូរតាំងពីខែវិច្ឆិកា អាមេរិក កាតា និងអេហ្ស៊ីប បានខិតខំប្រឹងប្រែង ដើម្បីទទួលបានបទឈប់បាញ់ជាលើកទី២នៅក្នុងសង្រ្គាមរយៈពេល១០ខែ ដែលបង្កឡើងដោយការវាយប្រហារមិនធ្លាប់មានពីមុនមករបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសទៅលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី៨ខែសីហា មេដឹកនាំប្រទេសអាមេរិក កាតា និងអេហ្ស៊ីប បានអញ្ជើញភាគីជម្លោះឲ្យចាប់ផ្តើមការចរចាឡើងវិញនៅថ្ងៃទី១៥ខែសីហានៅរដ្ឋធានី Doha ឬរដ្ឋធានី Cairo «ដើម្បីបិទចន្លោះប្រហោងដែលនៅសល់ទាំងអស់ ហើយចាប់ផ្តើមការអនុវត្តកិច្ចព្រមព្រៀងដោយគ្មានការពន្យារពេលបន្ថែមទៀត»។
ប្រទេសទាំង៣ បាននិយាយថា កិច្ចព្រមព្រៀងក្របខ័ណ្ឌ «ឥឡូវនេះនៅលើតុ ដោយនៅសល់តែព័ត៌មានលម្អិតនៃការអនុវត្ត» ប៉ុណ្ណោះដែលត្រូវបញ្ចប់ ហើយអ្នកសម្របសម្រួល «បានរៀបចំដើម្បីបង្ហាញសំណើផ្សះផ្សាចុងក្រោយ» ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់។
ការិយាល័យរបស់លោក Netanyahu បានបញ្ជាក់ថា អ៊ីស្រាអែលនឹងបញ្ជូនក្រុមអ្នកចរចានៅថ្ងៃទី១៥ខែសីហា «ទៅកាន់កន្លែងដែលបានព្រមព្រៀងគ្នាដើម្បីបញ្ចប់ព័ត៌មានលម្អិតនៃការអនុវត្តកិច្ចព្រមព្រៀង»។
ការបញ្ឈប់អរិភាពនាពេលខាងមុខ មានពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្គាហ្សា និងការចែកចាយជំនួយ ដូចដែលមានចែងនៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលរៀបចំឡើងដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន តាមសំណើរបស់អ៊ីស្រាអែល កាលពីចុងខែឧសភាកន្លងទៅ។
មន្ត្រីជាន់ខ្ពស់អាមេរិករបស់លោក បៃដិន បាននិយាយក្រោយពីការសន្ទនាតាមទូរសព្ទរវាងលោក បៃដិន, មេដឹកនាំអេហ្ស៊ីប និងមេដឹកនាំកាតា ក្នុងសប្ដាហ៍នេះថា៖ «កិច្ចព្រមព្រៀងនេះទំនងជាមិនអាចរួចរាល់ ដើម្បីចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍ក្រោយទេ។ វានៅមានកិច្ចការចាំបាច់ជាច្រើនទៀតត្រូវធ្វើ»។
មន្ត្រីអ៊ីស្រាអែលមួយរូប បានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការលើកឡើងដែលថា លោក Netanyahu កំពុងជាប់គាំងលើកិច្ចព្រមព្រៀងបទឈប់បាញ់ គឺជារឿងមិនពិតនោះទេ។ ការបញ្ជាក់បែបនេះរបស់មន្ត្រីអ៊ីស្រាអែល ធ្វើឡើងបន្ទាប់ពីក្រុមហាម៉ាសចាត់តាំងលោក Yahya Sinwar ដែលជាមេខ្លោងនៃការវាយប្រហារថ្ងៃទី៧ខែតុលា ឲ្យធ្វើជាមេដឹកនាំថ្មីរបស់ខ្លួន ដែលជាហេតុបង្កការភ័យខ្លាចថា កិច្ចចរចានឹងកាន់តែលំបាកជាងមុនមិនខាន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


