ព័ត៌មានអន្ដរជាតិ
ត្រឹម១សប្ដាហ៍ កូរ៉េខាងជើងសាកល្បងការបាញ់២លើកមានទាំងរ៉ុកកែត និងដ្រូនអត្តឃាត
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី២៨ខែសីហានេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបាញ់សាកល្បងប្រព័ន្ធគ្រាប់រ៉ុកកែតប្រវែង២៤០មិល្លិម៉ែត្របំពាក់បច្ចេកវិទ្យាស្វ័យប្រវត្តិថ្មី ដោយមានការចូលរួមត្រួតពិនិត្យដោយផ្ទាល់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un)។ ការតេស្តប្រព័ន្ធរ៉ុកកែតថ្មីនេះ ធ្វើឡើងមិនបានប៉ុន្មានថ្ងៃផងបន្ទាប់ពីកូរ៉េខាងជើងកាលពីដើមសប្ដាហ៍បានសាកល្បងនូវប្រភេទដ្រូនអត្តឃាតថ្មីរបស់ខ្លួនដោយជោគជ័យ។

KCNA បានផ្សាយថា គ្រាប់រ៉ុកកែតដែលបាញ់សាកល្បង បានធ្វើបច្ចុប្បន្នភាពបច្ចេកទេសនៅក្នុងភាពបត់បែន និងសមត្ថភាពបាញ់កំណត់គោលដៅ ក៏ដូចជាការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិថ្មី និងទំហំថាមពលវាយប្រហារដ៏ខ្លាំងក្លា។
នៅឯការបាញ់សាកល្បង លោក គីម ជុងអ៊ុន បាន «ដាក់ចេញនូវគោលនយោបាយដ៏សំខាន់មួយ ដែលត្រូវអនុវត្តក្នុងការផលិតកាំភ្លើងធំថ្មី និងបំពាក់វានៅក្នុងអង្គភាពកងទ័ព»។
កាលពីដើមសប្ដាហ៍ របាយការណ៍របស់ KCNA បានបង្ហាញផងដែរថា ក្រុងព្យុងយ៉ាងបានតេស្តដ្រូនអត្តឃាតរបស់ខ្លួនដោយជោគជ័យ ហើយលោក គីម បានជំរុញឲ្យក្រុមអ្នកស្រាវជ្រាវអភិវឌ្ឍដ្រូនប្រភេទនេះឲ្យបានកាន់តែច្រើនថែមទៀត ដោយចាត់ទុកវាគឺជារឿងចាំបាច់ក្នុងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍សង្គ្រាម ដើម្បីប្រើប្រាស់នៅក្នុងកងពលថ្មើរជើងយុទ្ធសាស្ត្រ និងអង្គភាពប្រតិបត្តិការពិសេស។
កាលពីខែកុម្ភៈ កូរ៉េខាងជើង ធ្លាប់បានប្រកាសថា ខ្លួននឹងបំពាក់ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតប្រភេទ២៤០មិល្លិម៉ែត្រឲ្យកងកម្លាំងយោធារបស់ខ្លួន ដែលរ៉ុកកែតទាំងនេះនឹងមានសមត្ថភាពវាយប្រហារដល់ទីក្រុងសេអ៊ូល និងតំបន់ក្បែរនោះ។
ចំណែកឯនៅក្នុងខែឧសភា កូរ៉េខាងជើង បានប្រកាសថា គ្រាប់រ៉ុកកែតដែលបានធ្វើបច្ចុប្បន្នភាព នឹងត្រូវបានដាក់ពង្រាយទៅកាន់អង្គភាពនៃកងទ័ពប្រជាជនកូរ៉េ សម្រាប់ប្រើប្រាស់ចាប់ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៦។

ភាពតានតឹងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង
កូរ៉េខាងជើង និង រុស្ស៊ី បានពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅកាលពីឆ្នាំមុន ហើយមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង បានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាបានជួយរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនគ្រាប់កាំភ្លើង និងមីស៊ីលរយៈចម្ងាយខ្លីចំនួន ១២ ០០០កុងតឺន័រ ទៅកាន់ប្រទេសរុស្ស៊ីគិតចាប់ពីឆ្នាំ២០២៣រហូតដល់ថ្ងៃទី៤ខែសីហានេះ។
យ៉ាងណា ទាំងរុស្ស៊ី និងកូរ៉េខាងជើងបានបដិសេធការចោទប្រកាន់អំពីការជួញដូរអាវុធនេះ។
ទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង បានស្ថិតក្នុងកម្រិតទាបមួយនាពេលបច្ចុប្បន្ន ដោយទីក្រុងព្យុងយ៉ាងបានប្រកាសថាកូរ៉េខាងត្បូងជា «សត្រូវដ៏សំខាន់» របស់ខ្លួន។
កូរ៉េខាងជើងបានគំរាមកំហែងធ្វើសង្គ្រាម និងសងសឹក ឲ្យតែមានការឈ្លានពានពីកូរ៉េខាងត្បូង ទោះនោះជាការឈ្លានពានតិចតួចបែបណាក៏ដោយ។
អាមេរិក និងកូរ៉េខាងត្បូងបច្ចុប្បន្នកំពុងធ្វើសមយុទ្ធយោធារួមដ៏ធំប្រចាំឆ្នាំរបស់ពួកគេ ដែលនឹងត្រៀមបញ្ចប់នៅថ្ងៃទី២៩ខែសីហា៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ