ព័ត៌មានអន្ដរជាតិ
តើមានប្រមុខរដ្ឋណាដែលធ្លាប់ប្រឈមដីកាចាប់ខ្លួនពី ICC ដូចលោកពូទីន ហើយអនុវត្តយ៉ាងណា?
ដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលចេញកាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២៣ ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលនេះ ស្របពេលលោកពូទីនចេញបំពេញទស្សនកិច្ចលើកដំបូងក្នុងរដ្ឋហត្ថលេខីនិងសមាជិករបស់ ICC។
ជុំវិញដំណើរទស្សនកិច្ចរបស់លោកពូទីនដែលបានបញ្ជាកងទ័ពរបស់ខ្លួនចូលលុកលុយប្រទេសអ៊ុយក្រែនដែលបានបង្កើតសង្គ្រាមជិត១០០០កន្លងមកនេះ និងការប្រឈមមុខនឹងដីកាចាប់ខ្លួនដែលបានចេញកាលពីថ្ងៃទី១៧ខែមីនា២០២៣ តើលោកពូទីនពិតជាត្រូវចាប់ខ្លួនក្នុងដំណើរទស្សនកិច្ចនៅរដ្ឋជាសមាជិក ICC ដូចជាម៉ុងហ្គោលីនោះមែនឬយ៉ាងណា?

តទៅនេះ កម្ពុជាថ្មី សូមទាញអារម្មណ៍មិត្តអ្នកអានមកតាមដានករណីស្រដៀងគ្នានេះ ដែលមានប្រមុខរដ្ឋក្នុងអំណាចធ្លាប់ប្រឈមដីកាចាប់ខ្លួនដែរ ដើម្បីបានជ្រាបពីដំណើររឿងថាតើមានការចាប់ខ្លួនឬទេ?
ប្រធានាធិបតីស៊ូដង់ លោក Omar al-Bashir ឡើងកាន់អំណាចដោយរដ្ឋប្រហារយោធា ជាប្រមុខរដ្ឋដំបូងដែលប្រឈមដីកាចាប់ខ្លួន។

តាមការចុះផ្សាយមួយចំនួន បានលើកឡើងករណីរបស់ប្រមុខរដ្ឋស៊ូដង់ដែលបានទទួលដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្ម ដោយចោទប្រកាន់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាម។
ក្រុមប្រឹក្សាជម្រះមុនសវនាការនៃ ICC បានចេញដីកាចាប់ខ្លួនលោក Omar al-Bashir នៅថ្ងៃទី៤ខែមីនា ឆ្នាំ២០០៩ ដោយចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំនួន៥ករណី និងឧក្រិដ្ឋកម្មសង្គ្រាមចំនួន២ករណី ដែលសំដៅទៅលើការសម្លាប់ជនស៊ីវិលនៃទីក្រុង Darfur។
តាមរយៈការធ្វើរដ្ឋប្រហារយោធាមួយ លោក Omar al-Bashir បានឡើងកាន់អំណាចកាលថ្ងៃទី៣០ខែមិថុនាឆ្នាំ១៩៨៩ និងបន្តកាន់អំណាននេះរហូតដល់ថ្ងៃទី១១ខែមេសាឆ្នាំ២០១៩ ដោយការធ្វើរដ្ឋប្រហារទម្លាក់វិញ។

ព័ត៌មានមានមូលដ្ឋានប្រចាំតំបន់មជ្ឈិមបូព៌ា Al Jazeera បានលើកឡើងថា បន្ទាប់ពីកាន់អំណាចរយៈពេល៣០ឆ្នាំ អំណាចរបស់លោក Omar al-Bashir បានបញ្ចប់ទៅវិញស្ទើរតែដូចរបៀបដែលលោកដណ្តើមកាន់អំណាចដែរ។
Omar al-Bashir ក៏បានប្រឈដីកាចាប់ខ្លួនលើកទី២ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលបានចេញក្រោយមកនៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១០ ដោយបន្ថែមបទចោទចំនួន៣ករណីទៀត គឺបទចោទអំពើប្រល័យពូជសាសន៍។ លោកជាប្រមុខរដ្ឋដំបូងគេដែលត្រូវបានតុលាការ ICC ចោទប្រកាន់។
តាមការអត្ថាធិប្បាយរបស់អ្នកច្បាប់ដែលបានចុះផ្សាយនៅសារព័ត៌មាន The Dailystar រដ្ឋាភិបាលស៊ូដង់បានបដិសេធការអនុវត្តដីកានោះ ដោយសារប្រទេសស៊ូដង់មិនមែនជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមដែលបង្កើត ICC ដូច្នេះហើយបានអះអាងថាខ្លួនមិនចាំបាច់ប្រតិបត្តិដីកានោះទេ។
ទោះជាយ៉ាងណាក៏ដោយ ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ១៥៩៣ បានបង្វែរប្រទេសស៊ូដង់ទៅ ICC ដែលផ្តល់យុត្តាធិការរបស់ ICC លើឧក្រិដ្ឋកម្មអន្តរជាតិដែលបានប្រព្រឹត្តនៅក្នុងប្រទេសស៊ូដង់ និងកាតព្វកិច្ចរដ្ឋាភិបាលរបស់ខ្លួនក្នុងការសហការជាមួយ ICC ។
បន្ទាប់ពីការចោទប្រកាន់ លោក al-Bashir បានធ្វើទស្សនកិច្ចទៅប្រទេសមួយចំនួននៅអាស៊ី អឺរ៉ុប និងអាហ្វ្រិក ដែលប្រទេសទាំងអស់នេះបដិសេធមិនចាប់ខ្លួនគាត់។ ក្នុងឆ្នាំ២០១៥ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងសម្រាប់កិច្ចប្រជុំសហភាពអាហ្រ្វិក (AU) តុលាការអាហ្រ្វិកខាងត្បូងបានហាមឃាត់លោក al-Bashir មិនឱ្យចាកចេញពីប្រទេស ខណៈពេលដែលវាពិចារណាថាតើត្រូវប្រគល់លោកទៅឱ្យ ICC ហើយក្រោយមកក៏ដោះលែងវិញ។

ក្រោយមកទៀត al-Bashir បានទៅចូលរួមប្រជុំកំពូលប្រទេសតំបន់អារ៉ាប់ហៅថា Arab League ក្នុងឆ្នាំ២០១៧ ក្នុងប្រទេសហ្ស៊កដានី ដែលមិនបានអនុវត្តតាមដីកាចាប់ខ្លួននោះដែរ។
អង្គការសហប្រជាជាតិបាននិយាយថា ស្ថិតក្រោមអំណាចរបស់ al-Bashir ប្រជាជន៣០ម៉ឺននាក់ត្រូវបានសម្លាប់ និង២,៥លាននាក់បានបាត់បង់ទីជម្រកក្នុងជម្លោះដ៏ធំមួយនៅភាគខាងលិចប្រទេសក្នុងឆ្នាំ២០០៣ក្នុងជម្លោះដ៏សែនរុំារ៉ៃ។
ទោះបីមានការទាមទារម្តងហើយម្តងទៀតពីស្ថាប័នអន្តរជាតិឱ្យបង្វែរការឃុំខ្លួន al-Bashir
ទៅឱ្យទទួលទោសនៅ ICC រដ្ឋាភិបាលស៊ូដង់ដែលស្ថិតក្រោមក្រុមប្រឹក្សាមានទាំងយោធា និងស៊ីវិល បានត្រឹមសន្យាប៉ុណ្ណោះ ហើយរហូតដល់ពេលនោះអតីតប្រមុខរដ្ឋស៊ូដង់ដែលរងការចោទពីបទឧក្រិដ្ឋនៅតែមិនត្រូវបានបញ្ជូនប្រឈមមុខច្បាប់អន្តរជាតិនៅឡើយ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


