ព័ត៌មានអន្ដរជាតិ
អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើសមយុទ្ធរួមគ្នា ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលអន្តរទ្វីប
កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាមួយកាលពីថ្ងៃអាទិត្យ ដោយប្រើយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ ជាការឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយចុងក្រោយបង្អស់របស់កូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៤ខែវិច្ឆិកានេះ។
សមយុទ្ធនេះបានធ្វើឡើងរយៈពេលបីថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះមីស៊ីលអន្តរទ្វីប (ICBM) ដ៏ខ្លាំងក្លាបំផុត និងទំនើបផុតរបស់ខ្លួន ដែលអ្នកជំនាញនិយាយថាអាចហោះទៅដល់ទឹកដីអាមេរិក។ បើតាមយោធាក្រុងសេអ៊ូល សមយុទ្ធនេះបានប្រើយន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាមេរិក យន្តហោះចម្បាំង F-15K និង KF-16 របស់កូរ៉េខាងត្បូង និងយន្តហោះ F-2 របស់ជប៉ុន។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងក៏បានឲ្យដឹងដែរថា «សមយុទ្ធនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តកូរ៉េខាងត្បូង-អាមេរិក ក្នុងការទប់ស្កាត់បន្ថែម ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីប្រទេសកូរ៉េខាងជើង» ។
ក្នុងអំឡុងពេលសមយុទ្ធពីលើអាកាស យន្តហោះរបស់កូរ៉េខាងត្បូង និងជប៉ុនបានអមដំណើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិកទៅកាន់ទីតាំងដែលបានកំណត់នៅភាគខាងត្បូងនៃឧបទ្វីបកូរ៉េ ដែលនេះបង្ហាញពីសមត្ថភាពដ៏លើសលប់ក្នុងការវាយលុកគោលដៅបានយ៉ាងរហ័ស និងត្រឹមត្រូវ។ យោធាបាននិយាយថា នេះជាលើកទីបួនហើយនៅឆ្នាំនេះដែលយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ត្រូវបានដាក់ពង្រាយទៅកាន់ឧបទ្វីបកូរ៉េ និងជាលើកទីពីរសម្រាប់សមយុទ្ធដែនអាកាសត្រីភាគីដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកយោធារបស់ទីក្រុងព្យុងយ៉ាង។
គួររម្លឹកថា ការបាញ់បង្ហោះមីស៊ីល ICBM ចុងក្រោយបង្អស់របស់កូរ៉េខាងជើង បានហោះខ្ពស់ជាង និងឆ្ងាយជាងមីស៊ីលមុនៗ នេះបើយោងតាមកូរ៉េខាងជើង ក៏ដូចជាយោធារបស់ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូដែលបានតាមដាន។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានសាទរថាវាជា «មីស៊ីលយុទ្ធសាស្ត្រខ្លាំងបំផុតរបស់ពិភពលោក» ហើយមេដឹកនាំលោក គីម ជុងអ៊ុន «បានសម្តែងការពេញចិត្តយ៉ាងខ្លាំង» ចំពោះការបាញ់បង្ហោះដ៏ជោគជ័យនេះ។ ទីភ្នាក់ងារនេះក៏បានបញ្ជាក់ដែរថា ប្រទេសកូរ៉េខាងជើង «នឹងមិនផ្លាស់ប្តូរគោលដៅក្នុងការពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឡើយ»។
គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះបានកើតឡើងចំពេលមានការត្រួតពិនិត្យជាអន្តរជាតិកាន់តែខ្លាំងឡើង ជុំវិញការដាក់ពង្រាយទាហានកូរ៉េខាងជើងរាប់ពាន់នាក់ទៅប្រទេសរុស្ស៊ី ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ដែលបង្កើនការព្រួយបារម្ភថាទាហានកូរ៉េខាងជើងក្នុងឯកសណ្ឋានរុស្ស៊ីអាចចូលរួមក្នុងការប្រយុទ្ធក្នុងពេលឆាប់ៗនេះ៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី