ព័ត៌មានអន្ដរជាតិ
រដ្ឋបាល បៃដិន នឹងសម្រុកផ្តល់ជំនួយឲ្យអ៊ុយក្រែន ទុកប្រយុទ្ធជាមួយរុស្ស៊ី នៅឆ្នាំក្រោយ
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែវិច្ឆិកាឆ្នាំ២០២៤ បានបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនៃរដ្ឋបាលលោក ចូ បៃដិន, ទីក្រុងវ៉ាស៊ីនតោន នឹងសម្រុកផ្តល់ជំនួយតាមដែលអាចធ្វើទៅបានដើម្បីធានាថា អ៊ុយក្រែនរឹងដៃរឹងជើង អាចបន្តប្រយុទ្ធជាមួយរុស្ស៊ីនៅឆ្នាំក្រោយទៀត។

លោក Blinken និយាយថា «ប្រធានាធិបតី បៃដិន បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយធានាថា រាល់ប្រាក់ដុល្លារដែលយើងមាន នឹងត្រូវបញ្ចេញចាប់ពីពេលនេះដល់ថ្ងៃទី២០ខែមករា នៅពេលប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ត្រូវស្បថចូលកាន់តំណែង»។
អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង ព្រុចសែល នៃប្រទេសបែលហ្ស៊ិក លោក Blinken លើកឡើងថា រដ្ឋជាសមាជិកអង្គការណាតូ ត្រូវតែខិតខំឲ្យខ្លាំងមែនទែនដើម្បីធានាថា អ៊ុយក្រែនមានប្រាក់ គ្រាប់បែក និងកម្លាំងចល័ត ដើម្បីប្រយុទ្ធប្រកបដោយប្រសិទ្ធភាពក្នុងឆ្នាំ២០២៥។

កាលពីសប្តាហ៍មុន ក្នុងបទសម្ភាសដែលចេញផ្សាយដោយទូរទស្សន៍ CBS ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ក៏បញ្ជាក់ដែរថា សេតវិមាននឹងបញ្ចេញកញ្ចប់ជំនួយនៅសល់ប្រមាណ៦ពាន់លានដុល្លារទៀតឲ្យទៅអ៊ុយក្រែន មុនពេលលោក ត្រាំ ឡើងកាន់តំណែងជាផ្លូវការក្នុងខែមករាឆ្នាំ២០២៥។
លោក Sullivan លើកឡើងថា «គោលដៅសំខាន់មួយក្នុងចំណោមគោលដៅសំខាន់ៗរបស់រដ្ឋបាលបៃដិន នារយៈពេលប៉ុន្មានខែចុងក្រោយនៃអាណត្តិរបស់គាត់ គឺត្រូវធ្វើឲ្យអ៊ុយក្រែនឈរជើងក្នុងទីតាំងដ៏រឹងមាំបំផុតលើសមរភូមិ ដើម្បីធានាថា ពួកគេជាភាគីមិនអាចខ្វះបាន នៅពេលចូលមកកាន់តុចរចា»។

ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកពេញទំហឹងលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២មក សហរដ្ឋអាមេរិក បានជួយផ្នែកយោធាអស់ទឹកប្រាក់១៧៤ពាន់លានដុល្លារហើយ ប៉ុន្តែជំនួយនេះ ត្រូវក្រុមអ្នកសាធារណរដ្ឋរិះគន់យ៉ាងខ្លាំង ដោយមានអ្នកខ្លះចោទថា រដ្ឋាភិបាលលោក ចូបៃដិន ហាក់ដូចជាយកលុយវាល់លានទៅបោះចោលនៅអ៊ុយក្រែន អ៊ីចឹង។
ដូច្នេះហើយទើប ឥឡូវទីក្រុងកៀវ កំពុងភ័យខ្លួនចំពោះការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ហើយសូម្បីរុស្ស៊ីក៏គំរាមដែរថា ការជាប់ឆ្នោតប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក គឺជាដំណឹងដ៏អាក្រក់បំផុតសម្រាប់លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក សន្យាជួយអ៊ុយក្រែន ៦ពាន់លានដុល្លារទៀត មុនលោក ត្រាំ ឡើងកាន់តំណែង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


