Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន៖ មីស៊ីល​ល្បឿន​លឿន​ជា​ង​សំឡេង Oreshnik អាច​យក​ទៅ​ដាក់​នៅ​ប្រទេស​បេឡារុស

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាល​​ពី​ថ្ងៃ​ទី​៦​ធ្នូ​​ថា រុស្ស៊ីអាចដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ថ្មី នៅលើទឹកដីនៃប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន នៅឆមាសទីពីរនៃឆ្នាំ​២០២៥។

លោក វ៉្លាឌឺមៀរ ពូទីន និង​លោក Alexander Lukashenko (រូបភាព៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ គឺ​ជា​ការ​ឆ្លើយតបទៅនឹងសំណើរបស់ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Minsk ដែល​ជាកន្លែងមេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក។

លោក ពូទីន បានរៀបរាប់​ថា៖ «ចាប់តាំងពីថ្ងៃនេះ យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការធានាសន្តិសុខ ដោយប្រើកម្លាំង និងមធ្យោបាយដែលមានទាំងអស់ ខ្ញុំចាត់ទុកថា ការដាក់ពង្រាយប្រព័ន្ធដូចជា Oreshnik នៅលើទឹកដីនៃសាធារណរដ្ឋបេឡារុសគឺអាចធ្វើទៅបាន»។

រុស្ស៊ី បានបាញ់មីស៊ីល​ Oreshnik ជាលើកដំបូងទៅកាន់ទីក្រុង Dnipro របស់អ៊ុយក្រែន កាលពីថ្ងៃទី២១​ខែវិច្ឆិកា ជាអ្វីដែលលោក ពូទីន បញ្ជាក់​ថា​ជាការឆ្លើយតបទៅនឹងការ​ដែល​អ៊ុយក្រែន​ប្រើប្រាស់​មីស៊ីល​​​​ ATACMs របស់​អាមេរិក និង Storm Shadows របស់ចក្រភពអង់គ្លេស ដើម្បីវាយប្រហារ​ចូល​ជ្រៅ​ក្នុង​ទឹកដីរុស្ស៊ី។

លោក ពូទីន បាន​អះអាង​ថា រុស្ស៊ីអាចប្រើប្រាស់​មីស៊ីល Oreshnik ម្តងទៀត បើអ៊ុយក្រែន នៅតែបន្តវាយប្រហាររុស្ស៊ី ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយពីលោកខាងលិច។ លោក ពូទីន និយាយថា​ មីស៊ីល Oreshnik ហោះក្នុងល្បឿន​​លឿន​ជាង​សំឡេង ១០​ដង ហើយមិនអាចស្ទាក់ចាប់បានដោយប្រព័ន្ធការពារដែនអាកាស​ឡើយ។

សូម​រំឭក​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាន​​ប្រាប់​ថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ត្រូវ​ស្វែង​យល់​ឲ្យ​ច្បាស់លាស់ អំពី​ការប្រើប្រាស់​មីស៊ីល​ល្បឿនលឿនជាងសំឡេង​របស់​ក្រុង​មូស្គូ នៅ​ក្នុង​សង្គ្រាម​កាល​ពី​ពេលថ្មីៗកន្លង​ទៅ ហើយ​ព្រមានថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់ «គ្រប់​មធ្យោបាយទាំង​អស់» ដើម្បីការពារខ្លួន៕

ដោយ៖ ឈាង

ចុចអាន៖ រុស្ស៊ី ព្រមាន​ហ៊ាន​ប្រើ​គ្រប់​មធ្យោបាយ នៅ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម