Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

បានផុស

នៅ

ជាដំណឹងល្អសម្រាប់ពិភពលោក ដែលប្រទេសរុស្ស៊ី ប្រកាសពីការព្យាបាលអ្នកជំងឺមហារីកចំនួន៧នាក់ឲ្យជាសះស្បើយ ជាមួយវ៉ាក់សាំងមហារីកថ្មីរបស់ខ្លួន ហើយវ៉ាក់សាំងនេះ នឹងសម្រុកបញ្ចប់ការធ្វើតេស្តដំណាក់កាលចុងក្រោយនាពេលឆាប់ៗ រួចត្រៀមរៀបចំដាក់លក់លើទីផ្សារពិភពលោកនៅខែកញ្ញាឆ្នាំ២០២៥ ត្បិតដំបូងឡើយរុស្ស៊ីគ្រោងចែក Free ឲ្យអ្នកជំងឺក្នុងស្រុកនៅដើមឆ្នាំក្រោយក៏ដោយ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសជាមួយ RT ចេញផ្សាយកាលពីថ្ងៃអង្គារទី២៤ខែធ្នូឆ្នាំ២០២៤ លោក Alexander Gintsburg ប្រធានវិទ្យាស្ថានស្រាវជ្រាវរោគរាតត្បាតនិងមីក្រូជីវវិទ្យា Gamaleya បានលើកឡើងថា «វ៉ាក់សាំងនេះ គឺផលិតឡើងតាមបច្ចេកវិទ្យា mRNA ដូចទៅនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែរ ហើយលទ្ធផលបង្ហាញថា យើងទទួលបានជោគជ័យ វាមានសមត្ថភាពព្យាបាលលជំងឺមហារីកសឹងតែគ្រប់ប្រភេទ។ មានអ្នកជំងឺ៧នាក់ហើយ ត្រូ​វបានព្យាបាលឲ្យជាសះស្បើយ ហើយនេះគឺជាបច្ចេកវិទ្យា ដែលអភិវឌ្ឍក្នុងស្រុកសុទ្ធសាធ»។

លោកបន្តថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ចាប់ផ្តើមបំផ្លាញកោសិកាកាចសាហាវ ហើយវ៉ាក់សាំងនេះ ដាស់ឲ្យកោសិកា Cytotoxic lymphocytes ឬកោសិកាឈាមសដែលមាននៅក្នុងខ្លួនរបស់អ្នកចាក់វ៉ាក់សាំង ឲ្យទទួលស្គាល់អង់ទីហ្សែននៅលើផ្ទៃនៃកោសិកាដុំសាច់។ បន្ទាប់មក lymphocytes Cytotoxic នឹងបន្តរីកសាយភាយ រួចទៅបំផ្លាញដុំសាច់ពេញរាងកាយតែម្តង។

លោក Alexander Gintsburg (រូបថត៖ CNN)

ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធតម្លៃវ៉ាក់សាំងនេះនៅលើទីផ្សារពិភពលោក ប្រមុខវិទ្យាស្ថាន Gamaleya មិនទាន់បង្ហើបឲ្យដឹងឡើយ។

លើសពីនេះ វិទ្យាស្ថាន Gamaleya ក៏កំពុងធ្វើតេស្តលើថ្នាំព្យាបាលជំងឺមហារីកសួតផងដែរ ខណៈជំងឺប្រភេទនេះ ខុសពីមហារីកឯទៀត ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញញឹកញាប់បំផុតជាមួយនឹងអត្រាមរណភាពខ្ពស់។ គេក៏មិនអាចព្យាបាលជំងឺមហារីកនេះតាមរយៈវិធីសាស្ត្រព្យាបាលដែលមានស្រាប់ដូចជាការវះកាត់ វិទ្យុសកម្ម ឬការព្យាបាលដោយប្រើគីមីដែរ។

ជំងឺមហារីក គឺជាមូលហេតុចម្បងមួយ នៃការស្លាប់មនុស្សជាសកល ខណៈបើយោងតាមស្ថិតិរបស់ WHO, ក្នុងឆ្នាំ២០២២ មានករណីមហារីកថ្មីប្រហែល២០លានករណី និងមនុស្សស្លាប់ចំនួន ៩.៧លាននាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ផលិតបានវ៉ាក់សាំងព្យាបាលមហារីក ហើយគ្រោងចែក Free នៅដើមឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម