ព័ត៌មានអន្ដរជាតិ
ស្លាប់មេប៉ូលិសនៅហ្គាហ្សា ក្រោយអ៊ីស្រាអែលទម្លាក់គ្រាប់បែក
ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦៨នាក់ ក្នុងនោះមានទាំងមេប៉ូលិស និងអនុប្រធានកងកម្លាំងសន្តិសុខនៅតំបន់ហ្គាហ្សាផងដែរ បានបាត់បង់ជីវិត បន្ទាប់ពីការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃទី២ខែមករាឆ្នាំ២០២៥។

យោងតាមអាជ្ញាធរហ្គាហ្សា មេប៉ូលិសដែលបានស្លាប់ មានឈ្មោះថា Mahmoud Salah និងអនុប្រធានកងកម្លាំងសន្តិសុខមានឈ្មោះ Hussam Shahwan។ មុនការវាយប្រហារ អ្នកទាំងពីរកំពុងត្រួតពិនិត្យប្រជាជននៅក្នុងជំរុំតំបន់ Al-Mawasi ដែលត្រូវបានគេចាត់ទុកថាជាតំបន់មនុស្សធម៌សម្រាប់ជនស៊ីវិលនៅក្នុងសង្គ្រាមរយៈពេល១៤ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សា។
ក្រសួងមហាផ្ទៃហ្គាហ្សា បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «តាមរយៈការប្រព្រឹត្តឧក្រិដ្ឋកម្មនៃការធ្វើឃាតអគ្គស្នងការប៉ូលិសនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប អ្នកឈ្លានពានកំពុងទទូចឲ្យមានការរីករាលដាលនូវភាពវឹកវរ និងធ្វើឲ្យពលរដ្ឋកាន់តែឈឺចាប់ជាខ្លាំង»។
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារដែលមានមូលដ្ឋាននៅតំបន់ Al-Mawasi ស្ថិតនៅភាគខាងលិចនៃទីក្រុង Khan Younis ហើយបានកម្ចាត់លោក Shahwan ដែលជាមេដឹកនាំកងកម្លាំងហាម៉ាសនៅភាគខាងត្បូងតំបន់ហ្គាហ្សា។
លោក Philippe Lazzarini ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា៖ «នៅពេលឆ្នាំថ្មីចាប់ផ្ដើម យើងទទួលបានការរំលឹកមួយទៀតថា វាគ្មានទេតំបន់មនុស្សធម៌ ចុះទម្រាំតែតំបន់ដែលមានសុវត្ថិភាពទៅទៀត។ រាល់ថ្ងៃបើគ្មានបទឈប់បាញ់ទេ សោកនាដកម្មនឹងកាន់តែច្រើនឡើង»។
សូមបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាលហ្គាហ្សា អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៥ ៥០០នាក់នៅក្នុងសង្រ្គាម ខណៈពលរដ្ឋប្រមាណ ២,៣លាននាក់ត្រូវបង្ខំឲ្យផ្លាស់ប្ដូរទីលំនៅ។
សង្គ្រាមនេះ ត្រូវបានបង្កឡើងដោយការវាយប្រហារឆ្លងព្រំដែនមួយកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣របស់ក្រុមហាម៉ាសទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលក្នុងនោះមនុស្ស ១ ២០០នាក់ត្រូវបានសម្លាប់ និង ២៥១នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងទៅកាន់តំបន់ហ្គាហ្សា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


