ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិក្នុងរដ្ឋបាលលោក ត្រាំ មិនដឹងអាស៊ានមានប៉ុន្មានប្រទេស ត្រូវគេរិះគន់យ៉ាងចាស់ដៃ
លោក Pete Hegseth ដែលជាបុគ្គលត្រូវបានប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ តែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិក្នុងរដ្ឋបាលថ្មី ត្រូវគេរិះគន់យ៉ាងចាស់ដៃ ព្រោះតែលោកមិនដឹងថា តើអាស៊ានមានប៉ុន្មានប្រទេស ទាំងដែលប្លុកនៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ គឺជាដៃគូយុទ្ធសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន។

លោក Pete Hegseth ជាជើងចាស់នៅក្នុងវិស័យយោធាអាមេរិកជាយូរណាស់មកហើយ ចាប់តាំងពីឆ្នាំ២០០៣រហូតដល់ឆ្នាំ២០២១ ដោយធ្លាប់បម្រើការនៅប្រទេសអាហ្វហ្គានីស្ថាន គុយបា និងអ៊ីរ៉ាក់។ ពិធីករទូរទស្សន៍ Fox News រូបនេះ ក៏មានតួនាទីជាអ្នកប្រឹក្សាក្រៅផ្លូវការរបស់លោក ត្រាំ អស់រយៈពេលជាច្រើនឆ្នាំផងដែរ ចាប់តាំងពីអាណត្តិជាប់ឆ្នោតលើកដំបូង និងក្រោយពេលផុតអាណត្តិ។
នៅក្នុងសវនាការរដ្ឋសភាកាលពីថ្ងៃពុធទី១៥ខែមករាឆ្នាំ២០២៥ លោកធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង នៅពេលឆ្លើយតបទៅសំណួររបស់តំណាងរាស្រ្តអ្នកស្រី Tammy Duckworth ដែលសួរថា «តើអ្នកអាចចង្អុលបង្ហាញពីសារៈសំខាន់នៃរដ្ឋសមាជិកអាស៊ានយ៉ាងតិចមួយបានទេ? សូមប្រាប់ពីកិច្ចព្រមព្រៀងដែលអាមេរិក មានជាមួយប្រទេសអាស៊ានឲ្យបានយ៉ាងតិចមួយ ហើយតើអាស៊ានមានសមាជិកប៉ុន្មានប្រទេសដែរ?»។
សម្រាប់ចម្លើយរបស់លោក Hegseth គឺថា «ខ្ញុំមិនដឹងច្បាស់ទេថាអាស៊ានមានប៉ុន្មានប្រទេស ប៉ុន្តែខ្ញុំដឹងថា អាមេរិក ជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង ជប៉ុន និងមានកិច្ចព្រមព្រៀង AUKUS ជាមួយអូស្រ្តាលី ដែលយើងត្រូវសហការគ្នាពាក់ព័ន្ធនឹងនាវាមុជទឹក»។

ភ្លាមៗនោះ អ្នកស្រី Duckworth ដែលមានដើមកំណើតនៅប្រទេសថៃ បាននិយាយកាត់ថា «ប្រទេសទាំង៣ដែលអ្នកលើកឡើងនោះ គឺមិនមែនជាសមាជិកអាស៊ានទេ។ សូមអ្នកមើលកិច្ចការបន្តិចទៅមុនពេលត្រៀមខ្លួនចូលរួមក្នុងជំនួបបែបនេះនៅថ្ងៃមុខ»។
ក្រោយការលើកឡើងបែបនេះហើយនោះ ស្រាប់តែលោក Hegseth ត្រូវគេរិះគន់យ៉ាងចាស់ដៃ ដោយក្រុមអ្នកប្រជាធិបតេយ្យនៅក្នុងគណៈកម្មការកិច្ចការបរទេសសភាអាមេរិក បានបង្ហោះលើបណ្តាញសង្គម X ថា «អាស៊ាន មកពីពាក្យពេញ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ មានសមាជិក១០ប្រទេស តែគ្មានជប៉ុន កូរ៉េខាងត្បូង និងអូស្រ្តាលីទេ។ ថៃនិងហ្វីលីពីនស្ថិតនៅក្នុងតំបន់អាស៊ាន ហើយជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីការពារជាតិថ្មី គួរតែស្គាល់ដៃគូឥណ្ឌូប៉ាស៊ីហ្វិករបស់យើង»។
ទន្ទឹមនោះ អតីតតំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យ Debbie Mucarsel-Powell ក៏រិះគន់ដែរថា «លោក Hegseth មិនស្គាល់សមាជិកអាស៊ាន និងមិនដឹងពីកិច្ចព្រមព្រៀងសន្តិសុខអន្តរជាតិរបស់អាមេរិកផង តើអ្នកចង់បានសន្តិភាពនិងសន្តិសុខ តាមរបៀបណាទៅ?»។
សូមបញ្ជាក់ថា សមាជិកអាស៊ានទាំង១០គឺមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ តំបន់នេះមានប្រជាជនជាង ៧០០លាននាក់ និងគ្របដណ្តប់លើផ្ទៃដី ៤.៥លានគីឡូម៉ែត្រការ៉េ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហេតុអ្វីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែងតាំងសម្ដេចតេជោជាទីប្រឹក្សាផ្ទាល់ស្ដីពីអាស៊ាន?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


