ព័ត៌មានអន្ដរជាតិ
ភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរនៅហ្គាហ្សា ខណៈអ៊ីស្រាអែលរារាំងការដឹកជំនួយចូល
អគ្គស្នងការនៃទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បានព្រមានថា ស្ថានការណ៍នៅហ្គាហ្សាកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើង ជាងមួយសប្តាហ៍មកនេះបន្ទាប់ពីអ៊ីស្រាអែលបានបញ្ឈប់ការផ្គត់ផ្គង់ទាំងអស់ចូលទៅក្នុងហ្គាហ្សាម្តងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១១ខែមីនានេះ។

លោក Philippe Lazzarini អគ្គស្នងការនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មាននៅឯការិយាល័យអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទថា «នេះជាចេតនាយ៉ាងច្បាស់ ដែលរារាំងជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា»។
លោក បាននិយាយថា «វាជារឿងសំខាន់ដែលជំនួយមនុស្សធម៌ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្គាហ្សា ម្តងទៀតដើម្បីរក្សាវឌ្ឍនភាពដែលបានធ្វើឡើងក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ និងបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាជន» ខណៈប្រជាជនហ្គាហ្សានៅតែរងភាពអត់ឃ្លានដូចមុនពេលមានបទឈប់បាញ់នៅឡើយ»។
ជាមួយគ្នានេះលោក Lazzarini បានបន្ថែមថា ស្ថានភាពហិរញ្ញវត្ថុរបស់ទីភ្នាក់ងារនេះគឺកាន់តែយ៉ាប់យឺននិងមានភាពមិនច្បាស់លាស់។ កាលពីមុនថ្ងៃទី ២៦ខែមករា ឆ្នាំ២០២៤ សហរដ្ឋអាមេរិកគឺជាអ្នកផ្តល់មូលនិធិដ៏ធំបំផុតរបស់ UNRWA ប៉ុន្តែបន្ទាប់ពីការចោទប្រកាន់ពីអ៊ីស្រាអែល រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក Joe Biden បានកាត់បន្ថយការរួមចំណែករបស់ខ្លួនចំពោះ UNRWA ទាំងស្រុង ដោយសន្យាថា ខ្លួននឹងបន្តផ្តល់ជំនួយដល់តំបន់ហ្គាហ្សា តាមរយៈទីភ្នាក់ងារផ្សេងទៀតរបស់អង្គការសហប្រជាជាតិ ដូចជាកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការមិនមែនរដ្ឋាភិបាលជាដើម។
មកដល់ពេលនេះការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយដល់តំបន់ហ្គាហ្សា ប្រហែលជាត្រូវបានជាប់គាំងនៅក្នុងការកាត់ផ្តាច់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។

ទោះបីជាយ៉ាងណាលោក Lazzarini បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកសាងតំបន់ហ្គាហ្សាជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman កាលពីថ្ងៃចន្ទ ខណៈអារ៉ាប៊ីសាអូឌីតគឺជាប្រទេសមួយក្នុងចំណោមប្រទេសរាប់សិបដែលបានសម្តែងការគាំទ្រសម្រាប់ផែនការដែលដឹកនាំដោយអេហ្ស៊ីបចំនួន ៥៣ ពាន់លានដុល្លារក្នុងការកសាងតំបន់ហ្គាហ្សាឡើងវិញជាជម្រើសមួយរារាំងផែនការរបស់លោក Trump ក្នុងការបណ្តេញប្រជាជនប៉ាឡេស្ទីនដោយបង្ខំចេញពីហ្គាហ្សា។
ផែនការកសាងតំបន់ហ្គាហ្សាឡើងវិញនេះគឺកំពុងត្រូវបានពិចារណាដោយអ្នកចរចាមកពីអ៊ីស្រាអែល និងក្រុមហាម៉ាស និងអ្នកសម្រុះសម្រួលពីអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិកក្នុងកិច្ចពិភាក្សាក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានជាប់គាំងបន្ទាប់ពីអ៊ីស្រាអែលបដិសេធមិនចូលទៅក្នុងដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


