ព័ត៌មានអន្ដរជាតិ
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់មួយចំនួននៅតំបន់អាស៊ី ដោយលើកឡើងពីការចោទប្រកាន់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ចំណាត់ការនេះគឺជាជំហានដ៏សំខាន់មួយក្នុងការស្វែងរកយុត្តិធម៌របស់ ICC សម្រាប់ជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្ស។

លោក Duterte ត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីល
អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ទីក្រុងម៉ានីល កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២៥ បន្ទាប់ពី ICC បានចេញដីកា ពាក់ព័ន្ធនឹងយុទ្ធនាការ«សង្គ្រាមប្រឆាំងគ្រឿងញៀន» ដ៏ចម្រូងចម្រាសរបស់ប្រទេសហ្វីលីពីន។ យុទ្ធនាការដែលបានចាប់ផ្តើមក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់គាត់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩ បានបណ្តាលឲ្យមានការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការក្នុងចំនួនរាប់ពាន់នាក់ឯណោះ។ ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ជាយូរមកហើយថា លោក Duterte បានរៀបចំការបង្រ្កាបដោយហិង្សា ដែល ICC ចាត់ថ្នាក់ថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

លោក Min Aung Hlaing នៅមីយ៉ាន់ម៉ា ត្រូវ ICC ចេញដីកាចាប់ខ្លួន ព្រោះការធ្វើទុក្ខបុកម្នេញជនជាតិរ៉ូហ៊ីងយ៉ា
នៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ ICC បានចេញដីកាមួយសម្រាប់លោក Min Aung Hlaing អគ្គមេបញ្ជាការរបបសឹកមីយ៉ាន់ម៉ា ទាក់ទិននឹងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ាកាលពីឆ្នាំ២០១៧។ យុទ្ធនាការដែលដឹកនាំដោយយោធា បានបង្ខំឲ្យជនមូស្លីមរ៉ូហ៊ីងយ៉ាជាង ៧០០ ០០០នាក់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ចំពេលមានរបាយការណ៍អំពីការសម្លាប់រង្គាល អំពើហិង្សាផ្លូវភេទ និងការដុតបំផ្លាញ។ ICC កំពុងស្វែងរកការធ្វើបត្យាប័នលើលោក Min Aung Hlaing ដើម្បីឲ្យប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

មេដឹកនាំតាលីបង់រងការចោទប្រកាន់ពីបទបៀតបៀនយេនឌ័រ
ឥស្សរជនតាលីបង់ជាន់ខ្ពស់ពីររូបគឺ លោក Haibatullah Akhundzada មេដឹកនាំកំពូលអាហ្វហ្គានីស្ថាន និងលោក Abdul Hakim Haqqani ប្រធានចៅក្រម ក៏ជាកម្មវត្ថុនៃដីកាចាប់ខ្លួនរបស់ ICC ដែរ។ កាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២៥ តុលាការ ICC ចោទប្រកាន់ពួកគេពីការអនុវត្តគោលនយោបាយដែលគាបសង្កត់ស្ត្រី ក្មេងស្រី និងសហគមន៍ LGBTQ+ ជាប្រព័ន្ធ។ ចាប់តាំងពីការដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានឡើងវិញនៅឆ្នាំ២០២១ ក្រុមតាលីបង់បានដាក់កម្រិតយ៉ាងធ្ងន់ធ្ងរលើការអប់រំ ការងារ និងការធ្វើដំណើររបស់ស្ត្រី ដែល ICC ចាត់ទុកថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ប្រតិកម្មអន្តរជាតិ និងជំហានបន្ទាប់
សកម្មភាពរបស់ ICC បានបង្កឲ្យមានប្រតិកម្មជុំវិញពិភពលោក។ ហ្វីលីពីនបានអនុវត្តដីការបស់ ICC ដោយបញ្ជូនលោក Duterte ទៅកាន់ទីក្រុងឡាអេប្រទេសហូឡង់ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ ខណៈរបបយោធាមីយ៉ាន់ម៉ាបានច្រានចោលការចោទប្រកាន់នេះ។ ទន្ទឹមគ្នានេះដែរ ក្រុមតាលីបង់បានបដិសេធភាពស្របច្បាប់របស់ ICC ដោយហៅការចោទប្រកាន់នេះថាមានហេតុផលនយោបាយ។
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ICC ទទូចថាខ្លួននឹងបន្តការស្វែងរកយុត្តិធម៌ ដោយជំរុញឲ្យសហគមន៍អន្តរជាតិគាំទ្រកិច្ចខិតខំប្រឹងប្រែងចំពោះចំណាត់ការទាំងនោះ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


