ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ប្រកាសដំឡើងប្រាក់ខែឲ្យយោធា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ខែមីនានេះ តៃវ៉ាន់នឹងដំឡើងប្រាក់ខែឲ្យយោធាក្នុងការជំរុញមួយ ដើម្បីដោះស្រាយកង្វះខាតកម្លាំងពលកម្ម ខណៈដែលកោះនេះប្រឈមមុខនឹងសម្ពាធយោធាកាន់តែខ្លាំងពីប្រទេសចិន។

ក្នុងដំណើរទស្សនៈកិច្ចនៅថ្ងៃសុក្រនេះទៅកាន់ជុំរុំយោធា លោកប្រធានាធិបតី Lai Ching-te បានប្រកាសពីការដំឡើងប្រាក់បៀវត្សរ៍ ហើយបានប្តេជ្ញាថានឹង «បន្តមើលថែមន្ត្រី និងទាហានដែលខិតខំធ្វើការពីគ្រប់ទិដ្ឋភាពទាំងអស់»។
លោកបានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ខែមេសា នាយទាហាន ដែលមានឋានៈក្រោមវរសេនីយត្រី បូករួមទាំងទាហានដែលបានចូលបម្រើការងារជាអង្គភាពប្រយុទ្ធភាគច្រើន នឹងឡើងប្រាក់ខែចន្លោះពី ១០ ០០០ដុល្លារតៃវ៉ាន់(៣០៣ ដុល្លាអាមេរិក) ទៅ ១៥ ០០០ដុល្លារតៃវ៉ាន់ (៤៥៤.៥០ ដុល្លារអាមេរិក)។
ចំពោះវរសេនីយ៍ទោ និងវរសេនីយឯកនឹងទទួលប្រាក់ខែបន្ថែមប្រហែល ៤ ០០០ដុល្លារតៃវ៉ាន់ ខណៈដែលប្រាក់ឧបត្ថម្ភរបស់នាយឧត្តមសេនីយ៍នឹងកើនឡើង ៣ ០០០ដុល្លារតៃវ៉ាន់។ ប្រាក់ឧបត្ថម្ភរបស់អង្គភាពប្រយុទ្ធនឹងកើនឡើងផងដែរ ដោយអង្គភាពប្រយុទ្ធប្រភេទ១ ដែលឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់បំផុត និងមានភារកិច្ចច្រើនជាងគេ នឹងមានការកើនឡើងពី ៥ ០០០ដុល្លារតៃវ៉ាន់ ទៅ ១២ ០០០ដុល្លារតៃវ៉ាន់។ ចំណែកអង្គភាពប្រយុទ្ធប្រភេទ២នឹងកើនឡើងពី ៣ ០០០ដុល្លារតៃវ៉ាន់ ទៅ ៧ 000ដុល្លារតៃវ៉ាន់។

បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ ការដំឡើងប្រាក់ខែ និងអត្ថប្រយោជន៍មិនត្រឹមតែជាវិធានការរយៈពេលខ្លីដើម្បីដោះស្រាយ «ការថយចុះកម្លាំងពលកម្ម» ប៉ុណ្ណោះទេ ប៉ុន្តែក៏ជា «ការវិនិយោគរយៈពេលវែងដើម្បីនាំមកនូវទេពកោសល្យដែលមានស្ថិរភាព និងបង្កើនប្រសិទ្ធភាព» រួមជាមួយគោលបំណងគឺដើម្បី «ស្ថិរភាពសមត្ថភាពការពារ និងលើកទឹកចិត្តសមាជិកយោធាស្ម័គ្រចិត្តឱ្យបន្តនៅរយៈពេលយូរ និងទាក់ទាញយុវជនឱ្យចូលរួមយោធា»។
ជាមួយគ្នានេះការដំឡើងប្រាក់បៀវត្សរ៍ក៏បានធ្វើឡើងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗដែលថាចំនួនទាហានដែលបានដកខ្លួនចេញពីកិច្ចសន្យាមុនកាលកំណត់ បានកើនឡើងស្ទើរតែបួនដងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីឆ្នាំមុន បុគ្គលិកយោធាស្ម័គ្រចិត្តចំនួន ១ ៥៦៥នាក់បានចាកចេញមុនកាលកំណត់។ ក្រសួងការពារជាតិបានឱ្យដឹងថា ចំនួននៃការបម្រើយោធាស្ម័គ្រចិត្តមានចំនួន ១៥២ ៨៨៥នាក់ក្នុងខែមិថុនា ឆ្នាំ២០២៤ដែលជាចំនួនទាបបំផុតចាប់តាំងពីឆ្នាំ ២០១៨។

លោក Lai ក៏បានជំរុញឱ្យគណបក្សប្រឆាំងបង្ហាញ «ការគាំទ្រដ៏ធំបំផុត» ដល់យោធា ហើយគិតឡើងវិញពីផលប៉ះពាល់នៃការបង្កក និងកាត់បន្ថយថវិកាការពារជាតិ ដោយសារកិច្ចសហប្រតិបត្តិការទ្វេភាគីគឺចាំបាច់ដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ។ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់គ្រោងនឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់កំណត់ត្រា ៦៤៧ ពាន់លានដុល្លារតៃវ៉ាន់(១៩.៦០ ពាន់លានដុល្លារអាមេរិក)ក្នុងឆ្នាំ២០២៥នេះឬប្រហែល ២,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប។
ទោះជាយ៉ាងណាក៏ដោយ សម្ភារៈចំនួនត្រូវបានកាត់បន្ថយ ឬបង្កកដោយសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង រួមទាំងការបង្កក ៥០ភាគរយលើការចំណាយសម្រាប់កម្មវិធីនាវាមុជទឹក និងទីលានឧស្សាហកម្មយន្តហោះគ្មានមនុស្សបើក។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានទាមទារកោះតៃវ៉ាន់ធ្វើជាផ្នែកនៃទឹកដីរបស់ខ្លួននិងបានគំរាមប្រើកម្លាំងតាមរយៈការដាក់ពង្រាយយន្តហោះចម្បាំង និងនាវាចម្បាំងនៅជុំវិញកោះនេះ ហើយបានធ្វើសមយុទ្ធយោធាធំៗជាច្រើនចាប់តាំងពីប្រធានាធិបតី Lai Ching-te ចូលកាន់តំណែងនៅទីក្រុងតៃប៉ិឆ្នាំមុន៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


