ព័ត៌មានអន្ដរជាតិ
អឺរ៉ុប ព្រមានដល់ពលរដ្ឋ ត្រូវទិញនិងត្រៀមស្តុកទុកសម្ភារៈចាំបាច់ ឲ្យហើយ
សហភាពអឺរ៉ុប បានព្រមានឲ្យពលរដ្ឋប្រមាណ ៤៥០លាននាក់របស់ខ្លួន ត្រូវទិញនិងត្រៀមរបស់របរសំខាន់ៗស្តុកទុកឲ្យហើយ សម្រាប់ការប្រើប្រាស់រយៈពេលយ៉ាងតិច៧២ម៉ោង ដែលនេះគឺជាការត្រៀមលក្ខណៈសម្រាប់វិបត្តិដែលអាចកើតមានដូចជាគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ការវាយប្រហារតាមអ៊ីនធឺណិត និងជម្លោះយោធាជាដើម។

សម្ភារៈដែលត្រូវណែនាំឲ្យពលរដ្ឋទិញស្តុកទុកសម្រាប់ការប្រើប្រាស់ក្នុងគ្រាអាសន្នរយៈពេល៣ថ្ងៃនោះ រួមមានទឹកសុទ្ធ អាហារដែលមិនឆាប់ខូច ថ្នាំពេទ្យ ពិល ថ្ម ឆ្នាំងសាក ខោអាវរងា និងឧបករណ៍ចាំបាច់ផ្សេងៗទៀត។
ស្នងការ EU ទទួលបន្ទុកគ្រប់គ្រងវិបត្តិ អ្នកស្រី Hadja Lahbib បានថ្លែងកាលពីថ្ងៃពុធទី២៦ខែមីនាឆ្នាំ២០២៥ថា ការអំពាវនាវនេះ គឺឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រដ៏ធំមួយ ដើម្បីពង្រឹងវិធានការត្រៀមខ្លួនរបស់ពលរដ្ឋនៅទូទាំងប្លុកនេះ។

ដ្បិតមិនចង្អុលចំឈ្មោះរុស្ស៊ី ប៉ុន្តែអ្នកស្រីបានសង្កត់ធ្ងន់ថា «ជម្លោះអ៊ុយក្រែន នៅតែគំរាមកំហែងដល់សន្តិសុខអឺរ៉ុប។ អស់រយៈពេលបីឆ្នាំនៅអ៊ុយក្រែន យើងបានឃើញសមរភូមិគ្រាប់បែក និងគ្រាប់កាំភ្លើង ដ្រូន យន្តហោះចម្បាំង លេណដ្ឋាន និងនាវាមុជទឹក។ ព្រោះតែរឿងនេះ សន្តិសុខអឺរ៉ុបរបស់យើងត្រូវបានគំរាមកំហែងដោយផ្ទាល់»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រីគូសបញ្ជាក់ថា «យើងមិនមែនស្លន់ស្លោអ្វីទេ ប៉ុន្តែយើងចង់ឲ្យប្រជាជនត្រៀមខ្លួន ហើយការត្រៀមខ្លួននេះទៀតសោត មិនមែនជាការសាបព្រោះការភ័យខ្លាចឡើយ តែវាជាគំនិតសមហេតុផលក្នុងពេលដែលយើងអាចកើតមានព្រឹត្តិការណ៍ណាមួយ»។
សូមជម្រាបថា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រត្រៀមខ្លួនពេញលេញ របស់ EU ដែលព្យាយាមបង្កើនសមត្ថភាពឆ្លើយតបទៅនឹងវិបត្តិនៅទូទាំងរដ្ឋជាសមាជិក។ យុទ្ធសាស្ត្រគ្រប់គ្រងវិបត្តិ ក៏គ្រោងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សាលារៀននានានៅអឺរ៉ុបផងដែរ។

តាមពិតទៅពាក់ព័ន្ធរឿងនេះ កាលពីសប្តាហ៍មុន ប្រទេសប៉ូឡូញ ក៏ជំរុញពលរដ្ឋរបស់ខ្លួនឲ្យទិញសម្ភារៈស្តុកទុកសម្រាប់ការប្រើប្រាស់ឲ្យបានយ៉ាងតិចបីថ្ងៃ ដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមឬវិបត្តិផ្សេងៗរួចទៅហើយដែរ។
សេចក្តីប្រកាសនេះគឺចេញពីមាត់អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Wieslaw Lesniakiewicz ដោយលោកនិយាយថា «ពលរដ្ឋម្នាក់ៗត្រូវតែអាចរស់រានមានជីវិតយ៉ាងតិចបីថ្ងៃដោយគ្មានជំនួយពីរដ្ឋ ក្នុងករណីមានសង្គ្រាមឬស្ថានភាពធ្ងន់ធ្ងរផ្សេងទៀត។ ពលរដ្ឋត្រូវស្តុកទុករបស់សំខាន់ៗដូចជា ទឹក ថ្នាំសង្កូវ ស្បៀងអាហារ និង Power Bank។ ប្រជាជនក៏គួរតែមានវិទ្យុទាក់ទង សម្រាប់ទំនាក់ទំនងក្នុងគ្រាអាសន្នផងដែរ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូឡូញ ប្រាប់ពលរដ្ឋ ឲ្យទិញសម្ភារៈស្តុកទុក ត្រៀមខ្លួនសម្រាប់សង្គ្រាមឬវិបត្តិផ្សេងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


