Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាល ត្រាំ ប្រកាស​ឲ្យ​លុយ ១ ០០០​ដុល្លារ​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់សម្រាប់​ការ​និរទេស​ដោយ​ខ្លួនឯង

បានផុស

នៅ

រដ្ឋបាល​លោក ដូណាល់ ត្រាំ បានណែនាំកម្មវិធី​ថ្មី​ដែលផ្តល់ប្រាក់ចំនួន ១ ០០០​ដុល្លារ​​​ដល់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារ​ត្រឹមត្រូវ សម្រាប់​​ការ​ស្ម័គ្រចិត្តចាកចេញពី​ទឹក​​ដី​សហរដ្ឋអាមេរិក។

(រូបថត៖ NBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្ម័គ្រ​ចិត្ត​និរទេស​ដោយ​ខ្លួន​ឯង​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​តាម​​រយៈ​កម្មវិធី​ទូរសព្ទ​មួយ​ហៅ​ថា CBP Home របស់​​ក្រសួង​សន្តិសុខមាតុភូមិ ដែល​​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី​៥​ខែ​ឧសភា​ឆ្នាំ​២០២៥។

ដើមឡើយ​ កម្មវិធី​​នេះ​បានបើកដំណើរការជា CBP One ក្នុងអំឡុងពេល​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន ដើម្បីគ្រប់គ្រង​ និង​តាមដាន​​សិទ្ធិជ្រកកោន​ជន​អន្តោប្រវេសន៍។ យ៉ាង​ណា កម្មវិធីនេះត្រូវបានប្តូរឈ្មោះ និងរចនាឡើងវិញក្រោម​រដ្ឋបាល​លោក ត្រាំ សម្រាប់​ឲ្យ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​​ធ្វើ​ការ​និរទេស​​ខ្លួន​​ដោយ​ស្ម័គ្រ​ចិត្ត​។ តាមរយៈ​កម្មវិធី CBP Home ជន​អន្តោប្រវេសន៍​អាច​ដាក់​ពាក្យ​​ដើម្បី​ចាកចេញ រៀបចំការធ្វើដំណើរ និងទទួលបានជំនួយហិរញ្ញវត្ថុនៅពេល​ត្រឡប់​ទៅ​​កាន់​ប្រទេសកំណើតរបស់ពួកគេ​វិញ។ ក្រសួង​​សន្តិសុខមាតុភូមិ នឹងរ៉ាប់រងថ្លៃធ្វើដំណើរ ហើយអ្នក​ដែល​ដាក់​ពាក្យ​រួច​នឹង​មិន​ត្រូវ​​​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ឡើយ ខណៈពេល​កំពុង​រៀបចំ​ការចាកចេញរបស់ពួកគេ។

រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានសង្កត់ធ្ងន់លើប្រសិទ្ធភាពនៃការចំណាយរបស់កម្មវិធី​នេះ ដោយកត់សម្គាល់ថា ដំណើរការនិរទេស​ពីមុន​មានតម្លៃជាមធ្យម ១៧ ១២១​ដុល្លារក្នុង​​​ការ​ចាប់​ខ្លួន និង​​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ម្នាក់​ទៅ​ប្រទេស​កំណើត​វិញ។ លោកស្រី Noem បាននិយាយថា៖ «ការនិរទេសខ្លួនឯងគឺជាជម្រើសដ៏ល្អបំផុត សុវត្ថិភាពបំផុត និងមានប្រសិទ្ធភាពបំផុត»។ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ បាន​ប៉ាន់ប្រមាណថា កម្មវិធីនេះអាចកាត់បន្ថយ​ចំណាយលើការនិរទេសបាន​​ប្រមាណ ៧០%។

ប្រធានាធិបតី ត្រាំ បានផ្សព្វផ្សាយគំនិតផ្តួចផ្តើមនេះជាផ្នែកមួយនៃយុទ្ធនាការទូលំទូលាយ ដើម្បីអនុវត្តច្បាប់អន្តោប្រវេសន៍កាន់តែតឹងរ៉ឹង។ នៅក្នុងសារវីដេអូថ្មីៗនេះ លោក ត្រាំ បានជំរុញឲ្យជនអន្តោប្រវេសន៍ដែលគ្មានឯកសារប្រើប្រាស់កម្មវិធី CBP Home ដោយព្រមានថា ការបរាជ័យក្នុងការធ្វើដូច្នេះនឹងបណ្តាល​ឲ្យ​មានការ​ចាប់​ខ្លួន​និរទេស និង​ត្រូវ​ហាមឃាត់​​មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក​ជាអចិន្ត្រៃយ៍៕

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម