ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន ផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹក ជាមួយកម្លាំងដ៏ខ្លាំងអស្ចារ្យ
ក្នុងសុន្ទរថាពេលរាត្រី នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានប្តេជ្ញាឆ្លើយតបនិងផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹកជាមួយកម្លាំងដ៏ខ្លាំងអស្ចារ្យ ចំពោះការដែលទីក្រុងញូវដែលី វាយប្រហារឆ្លងដែន សម្លាប់ជនស៊ីវិល៣១នាក់នៅតំបន់កាស្មៀរ កាលពីថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥។

ទោះបែបនេះ លោកមិនបញ្ជាក់ពីពេលវេលានិងទីតាំងនៃការសងសឹកនោះទេ ដោយនិយាយថា បើប៉ាគីស្ថានចង់បាញ់ទីណាឬពេលណា គឺស្រេចលើខ្លួន។
យ៉ាងណាក៏ដោយ បើយោងតាមរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif, ទីក្រុងអ៊ីស្លាម៉ាបាដ ទំនងជានឹងវាយប្រហារតែលើគោលដៅយោធាក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ មិនមែនគោលដៅស៊ីវិលទេ ព្រោះខ្លួនគោរពច្បាប់អន្តរជាតិ។

សុន្ទរកថារបស់លោក Sharif កើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះបើកដៃឲ្យកងទ័ពប៉ាគីស្ថាន ចាត់វិធានការសងសឹកឥណ្ឌាវិញ ដោយការិយាល័យរបស់លោកបានចេញសេចក្តីថ្លែងការណ៍មួយថា «ស្របតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ, ប៉ាគីស្ថានសូមរក្សាសិទ្ធិក្នុងការឆ្លើយតបដើម្បីការពារខ្លួនក្នុងពេល ទីកន្លែង និងរបៀបដែលខ្លួននឹងសម្រេចចិត្ត ដើម្បីសងសឹកចំពោះការបាត់បង់ជីវិតជនជាតិប៉ាគីស្ថានស្លូតត្រង់ និងការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ កងកម្លាំងប្រដាប់អាវុធនៃប្រទេសប៉ាគីស្ថាន ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពឆ្លើយតបទៅវិញហើយ»។
សូមជម្រាបជាថ្មី នៅថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥ ឥណ្ឌាបានបើកប្រតិបត្តិការយោធា «Sindoor» ដោយកំណត់គោលដៅលើជំរំភេរវករនៅក្នុងទឹកដីប៉ាគីស្ថាន ឆ្លើយតបទៅការបាញ់សម្លាប់អ្នកទេសចរហិណ្ឌូ២៦នាក់ នៅតំបន់កាស្មៀរ កាលពីថ្ងៃទី២២ខែមេសា។

ក្នុងការវាយប្រហារទាំងនោះ ឥណ្ឌាអះអាងថាបានចាយពេលអស់២៥នាទី ហើយកម្ទេចគោលដៅបានយ៉ាងជោគជ័យ។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ាគីស្ថាន ក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន៥គ្រឿងនិងដ្រូនមួយគ្រឿងផងដែរ ដូចជាយន្តហោះចម្បាំង Rafale ផលិតដោយបារាំងចំនួន៣គ្រឿង, យន្តហោះចម្បាំង MiG-29 មួយគ្រឿងនិងយន្តហោះចម្បាំង SU-30 មួយគ្រឿង ចំណែកដ្រូននោះគឺជាប្រភេទ Heron ខណៈមកទល់ពេលនេះ ស្ថានការណ៍កាន់តែឡើងកម្តៅថែមទៀត ឈានដល់ក្តីបារម្ភផ្ទុះសង្គ្រាមធំ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


