ព័ត៌មានអន្ដរជាតិ
១សប្តាហ៍ ជនស៊ីវិលមីយ៉ាន់ម៉ា៩១នាក់ស្លាប់ដោយសារការវាយប្រហារតាមអាកាស៦៤ដង
យោធាមីយ៉ាន់ម៉ាបើកការវាយប្រហារតាមអាកាសចំនួន ៦៤ដងក្នុងមួយសប្តាហ៍សម្លាប់ជនស៊ីវិលយ៉ាងតិច ៩១ នាក់នៅទូទាំងប្រទេស ដែលជាការបំពានបទឈប់បាញ់របស់ខ្លួនដែលបន្តរហូតដល់ដាច់ខែឧសភានេះឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mizzima នៅថ្ងៃទី១៦ខែឧសភានេះ។

ចន្លោះពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៣ ខែឧសភា យោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមអាកាសចំនួន ៦៤ លើកនៅទីប្រជុំជនចំនួន ២៦ ដោយសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៩១នាក់ និងរបួស ២២៧ នាក់ផ្សេងទៀត។ នេះបើយោងតាមទិន្នន័យដែលត្រូវបានផ្ទៀងផ្ទាត់ដោយ Mizzima។ ចំនួនពិតប្រាកដនៃអ្នកស្លាប់និងរបួសត្រូវបានគេជឿថាមានច្រើនជាងនេះ ដោយសារតែរបាយការណ៍តាមមូលដ្ឋានខ្លះមិនពេញលេញ។
ការវាយប្រហារដ៏សាហាវបំផុតបានកើតឡើងនៅថ្ងៃទី ១២ ខែឧសភា ទៅលើសាលារៀនមួយកន្លែងនៅក្នុងភូមិ Ohtein Dwin តំបន់ Sagaingបណ្តាលឲ្យមនុស្ស ២៤នាក់ស្លាប់ ក្នុងនោះមានសិស្ស២២នាក់និងគ្រូ២នាក់ ដែលសហភាពអឺរ៉ុបក៏បានថ្កោលទោសផងដែរ។
ការវាយប្រហារសំខាន់ៗចំនួនបីផ្សេងទៀតនៅសប្តាហ៍នោះក៏មានការស្លាប់ជនស៊ីវិលច្រើនផងដែរ។ កាលពីថ្ងៃទី១៣ ខែឧសភា ការវាយប្រហារតាមអាកាសរបស់របបយោធាទៅលើភូមិ Tun Ra Wai ក្នុងក្រុង Rathedaung ដែលជាតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ Arakan Army (AA) បានសម្លាប់មនុស្សចំនួន ១៣ នាក់។ មុននោះ កាលពីថ្ងៃទី១០ ឧសភា ការវាយប្រហារតាមអាកាសលើភូមិ Ywardawkone ក្នុងក្រុង Wetlet ក្នុងតំបន់ Sagaing បានសម្លាប់ជនស៊ីវិល១០នាក់។ រួមទាំងកាលពីថ្ងៃទី៨ ខែឧសភា វត្ត Taunglaylone ក្នុងក្រុង Bhamo រដ្ឋ Kachin ដែលជាជម្រកជនស៊ីវិលដែលផ្លាស់ទីលំនៅត្រូវបានបំផ្ទុះសម្លាប់មនុស្ស ១៥ នាក់។
ការវាយប្រហារទាំងបួននេះគឺជាការវាយប្រហារដ៍សាហាវបំផុតក្នុងអំឡុងសប្តាហ៍នេះ ដែលបង្ហាញពីការពឹងផ្អែកកាន់តែខ្លាំងឡើងលើការទម្លាក់គ្រាប់បែកពីលើអាកាសរបស់របបយោធានៅក្នុងតំបន់ជម្លោះសកម្ម។

ទាហានកងទ័ពឯករាជ្យ Kachin (KIA) ដែលឈរជើងនៅ Bhamo បានប្រាប់ Mizzima ថា យោធាកំពុងធ្វើការវាយប្រហារតាមអាកាសយ៉ាងហោចណាស់ប្រាំបីដងក្នុងមួយថ្ងៃ ចំពេលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា។ យោធាក៏បានបង្កើនការវាយប្រហារនៅភាគខាងជើងរដ្ឋ Shan និងតំបន់ Mandalay ដែលកាន់កាប់ដោយកងទ័ពរំដោះជាតិ Ta’ang (TNLA)។ យ៉ាងហោចណាស់ការវាយប្រហារតាមអាកាសចំនួន ១០ត្រូវបានធ្វើឡើងនៅសប្តាហ៍នេះលើតំបន់មួយចំនួនរួមមាន Nawnghkio, Kyaukme, Mantong, Mongngawt និង Mogok។
ការកើនឡើងនេះបន្ទាប់ពីការដួលរលំនៃការចរចារវាង TNLA និងយោធានៅក្នុងទីក្រុង Kunming ប្រទេសចិន កាលពីថ្ងៃទី ២៨ និង ២៩ ខែមេសា។ ក្នុងជំនួបនោះ យោធាបានទាមទារឲ្យ TNLA ដកខ្លួនចេញពីទីប្រជុំជនដែលដណ្ដើមបាន តែត្រូវបានTNLA បានបដិសេធ។ TNLA បានបញ្ជាក់ជាផ្លូវការអំពីការបរាជ័យនៃការចរចានៅថ្ងៃទី ២ ខែឧសភា បន្ទាប់ពីរបបនេះបានបង្កើនការវាយប្រហាររបស់ខ្លួន។

យោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី ១៤ ខែឧសភាដោយវិទ្យាស្ថានសម្រាប់យុទ្ធសាស្រ្ត និងគោលនយោបាយ-មីយ៉ាន់ម៉ា (ISP) យោធាបានប្រព្រឹត្តការសម្លាប់រង្គាលជនស៊ីវិលយ៉ាងហោចណាស់ ៨០ លើក តាមរយៈការវាយប្រហារតាមអាកាស ការសម្លាប់ និងការដុតបំផ្លាញភូមិប្រជាជនចាប់តាំងពីរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដែលបណ្តាលឱ្យជនស៊ីវិលយ៉ាងហោចណាស់ ១,៥៩៩ នាក់ស្លាប់។ ទាំងនេះមិនរាប់បញ្ចូលការវាយប្រហារតូចៗជាច្រើនដែលបណ្តាលឱ្យចំនួនអ្នកស្លាប់តិចជាងនេះទេ។
លើសពីនេះ ISP-Myanmar បានកត់សម្គាល់ថា ចាប់តាំងពីរបបយោធាបានប្រកាសបទឈប់បាញ់ជាបណ្តោះអាសន្នបន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី ២ ខែមេសា យោធានៅតែធ្វើការវាយលុកតាមអាកាសយ៉ាងហោចណាស់ចំនួន ៥១៦លើក ដែលបណ្តាលឱ្យមានជនស៊ីវិលយ៉ាងតិច ៣៥៩ នាក់ស្លាប់៕





អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


