ព័ត៌មានអន្ដរជាតិ
សម្ដេចប៉ាប Leo ប្រាប់ថាបើកទ្វារបុរីវ៉ាទីកង់ឲ្យរុស្ស៊ី-អ៊ុយក្រែនធ្វើជាកន្លែងចរចាសន្ដិភាព
សម្ដេចប៉ាប Leo XIV បានបញ្ជាក់ពីឆន្ទៈរបស់បុរីវ៉ាទីកង់ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី។ នេះបើយោងតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីអីតាលី លោកស្រី Giorgia Meloni កាលពីថ្ងៃទី២០ខែឧសភា បន្ទាប់ពីការសន្ទនាតាមទូរសព្ទជាមួយសម្ដេចប៉ាប Leo។

ក្រោយត្រូវរើសតាំងឲ្យបន្តវេនពីសម្ដេចប៉ាប Francis នៅក្នុងខែឧសភានេះ សម្តេចប៉ាប Leo បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពពិភពលោក។ នៅក្នុងសុន្ទរកថានាពេលថ្មីៗ ទ្រង់បានសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់បុរីវ៉ាទីកង់ ក្នុងការដើរតួជាអ្នកសម្រុះសម្រួលក្នុងជម្លោះអន្តរជាតិ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអ៊ីតាលី បានសរសេរថា «ដោយទទួលបានការបញ្ជាក់ពីព្រះបិតាដ៏បរិសុទ្ធអំពីការត្រៀមខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចចរចាបន្ទាប់រវាងភាគីនានានៅបុរីវ៉ាទីកង់ លោកស្រីនាយករដ្ឋមន្ត្រីបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប៉ាប Leo XIV ចំពោះការប្តេជ្ញាចិត្តមិនឈប់ឈររបស់ទ្រង់ចំពោះសន្តិភាព»។
កិច្ចចរចាចុងក្រោយបំផុតរវាងអ៊ុយក្រែន និងរុស្ស៊ី បានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគីកាលពីថ្ងៃទី១៦ឧសភា ដែលជាការចរចាដោយផ្ទាល់លើកដំបូងរវាងភាគីទាំងពីរចាប់តាំងពីឆ្នាំ២០២២។ កិច្ចពិភាក្សាមានរយៈពេលតិចជាងពីរម៉ោងដោយមិនឈានដល់កិច្ចព្រមព្រៀងធំដុំអ្វីឡើយ ក្រៅតែពីការផ្លាស់ប្ដូរអ្នកទោស។
កាលពីថ្ងៃទី១៩ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រុស្ស៊ី និងអ៊ុយក្រែននឹងចាប់ផ្តើមការចរចាបទឈប់បាញ់ភ្លាមៗ បន្ទាប់ពីការសន្ទនាតាមទូរសព្ទរយៈពេលជាងពីរម៉ោងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន។ លោក ត្រាំ ចាត់ទុកការហៅទូរសព្ទលើកនេះថាទទួលបានផ្លែផ្កាល្អ ដោយបញ្ជាក់ថា មេដឹកនាំទាំងពីរបានយល់ព្រមការផ្តួចផ្តើមកិច្ចចរចាក្នុងគោលបំណងដើម្បីសម្រេចបាននូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយ។ លោកបានស្នើបុរីវ៉ាទីកង់ជាកន្លែងដ៏សក្ដិសមសម្រាប់ការចរចា ដោយមានសម្តេចប៉ាប Leo XIV ស្ម័គ្រចូលរួមសម្រួលដល់កិច្ចពិភាក្សា។
ចំណែកឯប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានឆ្លើយតបដោយបញ្ជាក់សាជាថ្មីអំពីការត្រៀមខ្លួនរបស់អ៊ុយក្រែន សម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ និងបានអំពាវនាវឲ្យមានការបង្កើនសម្ពាធអន្តរជាតិលើប្រទេសរុស្ស៊ីឲ្យចូលរួមក្នុងការចរចាដោយស្មោះត្រង់។ លោកក៏បានស្នើផងដែរថា ការពិភាក្សានៅពេលអនាគតអាចត្រូវបានរៀបចំនៅទីតាំងអព្យាក្រឹត ដូចជា បុរីវ៉ាទីកង់ ស្វីស ឬតួកគី៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


