ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ព្រមានចាត់«វិធានការពិសេស» បើអ៊ីស្រាអែល និងអាមេរិកហ៊ានវាយទីតាំងនុយក្លេអ៊ែររបស់ខ្លួន
អ៊ីរ៉ង់ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដោយអះអាងថា ទីក្រុងតេហេរ៉ង់នឹងចាត់«វិធានការពិសេស» បើមានការវាយប្រហារយោធាណាមួយលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ហើយការឆ្លើយតបនោះនឹងអាចបង្កជាសង្គ្រាមដ៏ធំនៅក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi កាលពីថ្ងៃទី២២ខែឧសភាបានសង្កត់ធ្ងន់ថា ការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងក្លាយជា«កំហុសប្រវត្តិសាស្ត្រដ៏ធំបំផុតមួយ ដែលសហរដ្ឋអាមេរិកបង្កឡើង» ហើយអ៊ីរ៉ង់នឹងឆ្លើយតប«ភ្លាមៗ និងយ៉ាងម៉ឺងម៉ាត់»។
លោក Araghchi បានលើកឡើងថា «ខ្ញុំបានអំពាវនាវឲ្យសហគមន៍អន្តរជាតិចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងការបន្តការគំរាមកំហែងរបស់អ៊ីស្រាអែល ដែលប្រសិនបើមិនមានការត្រួតពិនិត្យ នោះនឹងបង្ខំឲ្យអ៊ីរ៉ង់ចាត់វិធានការពិសេស ក្នុងការការពារគ្រឿងបរិក្ខារ និងសម្ភារៈនុយក្លេអ៊ែររបស់យើង»។
ការព្រមាននេះ កើតឡើងចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើង និងមុនការចរចានុយក្លេអ៊ែរជុំទីប្រាំរវាងអ៊ីរ៉ង់ និងអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងរ៉ូមនាថ្ងៃសុក្រសប្ដាហ៍នេះ។ អ៊ីរ៉ង់បានសម្តែងការខកចិត្តចំពោះអ្វីដែលខ្លួនយល់ថាជាការទាមទារហួសហេតុពីអាមេរិក ជាពិសេសទាក់ទងនឹងការបញ្ឈប់សកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងស្រុងរបស់ទីក្រុងតេហេរ៉ង់។ បច្ចុប្បន្ននេះ អ៊ីរ៉ង់កំពុងបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមដល់ទៅកម្រិតភាពសុទ្ធ ៦០% ខិតជិតដល់កម្រិត ៩០% ដែលអាចផលិតអាវុធប្រល័យលោកបាន។ ទោះជាបែបនេះក្ដី អ៊ីរ៉ង់នៅតែអះអាងដដែលៗថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ។

កាលពីពេលថ្មីៗនេះ អត្ថបទព័ត៌មានមួយរបស់ CNN បានចេញផ្សាយថា របាយការណ៍ស៊ើបការណ៍សម្ងាត់អាមេរិក បានបង្ហាញថា អ៊ីស្រាអែលកំពុងរៀបចំយ៉ាងសកម្មសម្រាប់ការវាយប្រហារយោធាដ៏ធំប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បើទោះជាទីក្រុងតេហេរ៉ង់កំពុងបន្តកិច្ចចរចាការទូតជាមួយក្រុងវ៉ាស៊ីនតោនក៏ដោយ។ របាយការណ៍ដដែល បានបន្តទៀតថា អ៊ីស្រាអែលកំពុងវាយតម្លៃជម្រើសយោធាផ្សេងៗ រួមទាំងការវាយប្រហារតាមអាកាស និងប្រតិបត្តិការកងកុម្ម៉ង់ដូ សំដៅរារាំងសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ គោលដៅដែលគ្រោងទុក រូមមានទីតាំងនុយក្លេអ៊ែរសំខាន់ៗដូចជា រោងចក្រ Fordow និង Natanz។
ប្រភពដែលដកស្រង់ដោយ CNN បាននិយាយថា៖ «ឱកាសនៃការវាយប្រហាររបស់អ៊ីស្រាអែលលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ បានកើនឡើងយ៉ាងខ្លាំង» ជាពិសេសបើកិច្ចព្រមព្រៀងរបស់ទីក្រុងវ៉ាស៊ីនតោនបរាជ័យក្នុងការទប់ស្កាត់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ឲ្យបានពេញលេញ៕
ដោយ៖ ឈាង
ចុចអាន៖ ចារកម្មអាមេរិក បង្ហាញថា អ៊ីស្រាអែលត្រៀមវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


