ព័ត៌មានអន្ដរជាតិ
ចារកម្មអាមេរិក បង្ហាញថា អ៊ីស្រាអែលត្រៀមវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥ របាយការណ៍ស៊ើបការណ៍សម្ងាត់អាមេរិក បានបង្ហាញថា អ៊ីស្រាអែលកំពុងរៀបចំយ៉ាងសកម្មសម្រាប់ការវាយប្រហារយោធាដ៏ធំប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បើទោះជាទីក្រុងតេហេរ៉ង់កំពុងបន្តកិច្ចចរចាការទូតជាមួយក្រុងវ៉ាស៊ីនតោនក៏ដោយ។

បើតាមរបាយការណ៍ចារកម្មអាមេរិកនាពេលថ្មីៗ អ៊ីស្រាអែលកំពុងវាយតម្លៃជម្រើសយោធាផ្សេងៗ រួមទាំងការវាយប្រហារតាមអាកាស និងប្រតិបត្តិការកងកុម្ម៉ង់ដូ សំដៅរារាំងសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ គោលដៅដែលគ្រោងទុក រូមមានទីតាំងនុយក្លេអ៊ែរសំខាន់ៗដូចជា រោងចក្រ Fordow និង Natanz។
ខណៈពេលដែលអ៊ីស្រាអែលហាក់មិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយ CNN ដោយដកស្រង់សម្តីមន្ត្រីដែលស្គាល់ពីព័ត៌មានសម្ងាត់ បានរាយការណ៍ថា លទ្ធភាពនៃការវាយប្រហារបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានខែថ្មីៗនេះ។ ពួកគេបានកត់សម្គាល់ថា ចំណាត់ការរបស់អ៊ីស្រាអែល នឹងធ្វើឡើងឬអត់ គឺអាស្រ័យលើលទ្ធផលនៃការចរចារវាងអាមេរិក និងអ៊ីរ៉ង់ទាក់ទងនឹងមហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។
ប្រភពដែលដកស្រង់ដោយ CNN បាននិយាយថា៖ «ឱកាសនៃការវាយប្រហាររបស់អ៊ីស្រាអែលលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ បានកើនឡើងយ៉ាងខ្លាំង» ជាពិសេសបើកិច្ចព្រមព្រៀងរបស់ទីក្រុងវ៉ាស៊ីនតោនបរាជ័យក្នុងការទប់ស្កាត់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ឲ្យបានពេញលេញ។
សូមរឭកថា កាលពីថ្ងៃទី២០ខែឧសភា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានសម្តែងការសង្ស័យទាក់ទងនឹងការចរចានុយក្លេអ៊ែរដែលកំពុងបន្តជាមួយអាមេរិក ដោយបង្ហាញពីភាពមិនច្បាស់លាស់លើការរំពឹងទុកនៃការឈានទៅដល់កិច្ចព្រមព្រៀងថ្មីមួយ។ លោក Khamenei បាននិយាយថា «ខ្ញុំគិតថា កិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនឹងមិននាំមកនូវលទ្ធផលទេ»។
កន្លងមក អាមេរិកតែងទទូចឲ្យអ៊ីរ៉ង់បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងអស់ ដោយអនុញ្ញាតឲ្យមានតែការនាំចូលសារធាតុអ៊ុយរ៉ាញ៉ូមដែលបន្សុទ្ធរួចសម្រាប់គោលបំណងស៊ីវិលប៉ុណ្ណោះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភលើកម្រិតចម្រាញ់ភាពសុទ្ធនៃសារធាតុអ៊ុយរ៉ាញ៉ូមបច្ចុប្បន្នរបស់អ៊ីរ៉ង់ ខណៈទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានរាយការណ៍ថា អ៊ីរ៉ង់មានអ៊ុយរ៉ាញ៉ូមដែលបន្សុទ្ធរួចដល់ទៅកម្រិត ៦០% ជិតដល់កម្រិត ៩០% ដែលត្រូវការសម្រាប់ការផលិតសព្វាវុធប្រល័យលោក។
យ៉ាងណាមិញ អ៊ីរ៉ង់នៅតែនិយាយដដែលៗថា សកម្មភាពនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពតែមួយគត់ ហើយចាត់ទុកសិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមថាជារឿងដែលមិនអាចចរចាបាន។
កាលពីខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានគំរាមថា អ៊ីស្រាអែលនឹងត្រូវដឹកនាំសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ បើការចរចាបរាជ័យក្នុងការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ លោក ត្រាំ បានលើកឡើងថា «បើវាត្រូវការយោធា យើងនឹងមានយោធា។ អ៊ីស្រាអែលច្បាស់ជានឹងចូលរួមយ៉ាងច្រើនក្នុងរឿងនេះ។ ពួកគេនឹងក្លាយជាអ្នកដឹកនាំ(ការវាយប្រហារ)»។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសម្តែងការយល់ស្របទៅនឹងជំហររបស់លោក ត្រាំ ដោយបានរំលឹកឡើងវិញនូវការប្រឆាំងដ៏យូរអង្វែងរបស់អ៊ីស្រាអែលចំពោះអ៊ីរ៉ង់ដែលមានអាវុធនុយក្លេអ៊ែរ៕

ដោយ៖ ឈាង
ចុចអាន៖ មេដឹកនាំកំពូលអ៊ីរ៉ង់៖ «ខ្ញុំគិតថា កិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកបែបមិនជោគជ័យទេ»
-
សន្តិសុខសង្គម២៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


