Connect with us

ព័ត៌មានអន្ដរជាតិ

លោក Pazeshkian៖ អ៊ីរ៉ង់​គ្មាន​បំណង​បង្កើត​អាវុធ​ប្រល័យ​លោក​ទេ

បានផុស

នៅ

ខណៈ​ជម្លោះ​និង​ការ​បាញ់​ផ្លោង​គ្រាប់​ដាក់​គ្នា​​ជាមួយ​អ៊ីស្រាអែល​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៤ ប្រធានាធិបតី​អ៊ីរ៉ង់លោក Masoud Pezeshkian បាន​អះអាង​សាជាថ្មី​​ថា សាធារណរដ្ឋអ៊ីស្លាម​​របស់​លោក​គ្មានចេតនាក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ​អ្វី​នោះទេ ក្រៅ​តែ​ពី​គោល​បំណង​សម្រាប់​បម្រើ​ជា​​ថាមពល​ស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Masoud Pezeshkian (រូបថត៖ Reuters)

នៅក្នុងសុន្ទរកថាទៅកាន់សភានា​ថ្ងៃ​ចន្ទ​ទី​១៦​ខែ​មិថុនា​ឆ្នាំ​២០២៥ លោក Pezeshkian បាននិយាយថា «ពួកគេកំពុងអង្គុយហើយនិយាយថា អ៊ីរ៉ង់មិនគួរទទួលបានអាវុធនុយក្លេអ៊ែរទេ ខណៈដែលយើងគ្មានចេតនាចង់ទទួលបានអាវុធទាំងនេះទាល់តែសោះ» ដែលជាការលើកឡើងជាក់ស្តែងចំពោះអ៊ីស្រាអែល និងបណ្តាប្រទេសលោកខាងលិច ដែលបានចោទប្រកាន់ក្រុងតេហេរ៉ង់ជាយូរមកហើយថាកំពុងស្វែងរកអាវុធនុយក្លេអ៊ែរ។

លោក Pezeshkian បាន​បន្ថែម​ថា «យើងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ពីថាមពលនុយក្លេអ៊ែរ និងការស្រាវជ្រាវដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមនេះ ហើយគ្មាននរណាម្នាក់​មាន​អំណាច​អាច​ដក​ហូត​សិទ្ធិនេះ​ចេញ​ទេ»។

ថ្មីៗ​នេះ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានរាយការណ៍ថា អ៊ីរ៉ង់បានបង្កើន​ការ​ចម្រាញ់​សារធាតុអ៊ុយរ៉ាញ៉ូម​ដល់​កម្រិត​ភាព​សុទ្ធ ៦០% ដែល​កៀក​ជិតដល់កម្រិត ៩០% ក្នុង​ការ​​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ទោះ​ជា​បែប​នេះ​ក្ដី អ៊ីរ៉ង់​នៅ​តែ​អះអាង​ដដែលៗ​ថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ។

សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ បាន​ធ្វើ​កិច្ចប្រជុំ​ចំនួន​៥​លើក​រួច​មក​ហើយ​គិត​ចាប់​តាំង​ពី​ខែ​មេសា​ ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេហេរ៉ង់ និង​ការ​ស្ដារ​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​ដែល​លោក ត្រាំ ធ្លាប់​បាន​ដក​ខ្លួន​ចេញ​ជា​ឯកតោភាគី​កាល​ពី​ឆ្នាំ​២០១៨ ដើម្បី​ដាក់​កម្រិត​លើ​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម។ យ៉ាង​ណា ដំណើរការ​ការទូត​នេះ បាន​រលាយ​សាបសូន្យ​ទៅ​វិញ ក្រោយ​កិច្ច​ប្រជុំ​ជុំ​ទី​៦​​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​​ក្នុង​ប្រទេស​អូម៉ង់​ត្រូវ​បាន​លុប​ចោល បន្ទាប់ពី​អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​តាម​ដែន​អាកាស​ប្រឆាំង​នឹង​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​សុក្រ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម