ព័ត៌មានអន្ដរជាតិ
៩ប្រទេស ដែលបំពាក់ដោយអាវុធនុយក្លេអ៊ែរច្រើនជាងគេលើពិភពលោក
ថ្វីបើមានសន្ធិសញ្ញាគ្រប់គ្រងអាវុធជាច្រើនទសវត្សរ៍ និងការខិតខំប្រឹងប្រែងមិនរីកសាយភាយក៏ដោយ ក៏ឃ្លាំងអាវុធនុយក្លេអ៊ែរជាសកលនៅតែប្រមូលផ្តុំនៅក្នុងដៃបណ្ដាប្រទេសមួយចំនួនដដែល។ យោងតាមការប៉ាន់ប្រមាណចុងក្រោយរបស់សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក និងភ្នាក់ងារឃ្លាំមើលវិស័យការពារជាតិ ប្រជាជាតិចំនួន៩បានប្រមូលផ្តុំក្បាលគ្រាប់នុយក្លេអ៊ែរជាង ១២ ០០០គ្រាប់ ដោយក្នុងនោះរុស្ស៊ី និងសហរដ្ឋអាមេរិកកាន់កាប់ប្រហែល ៩០%។

ប្រទេសទាំង៩ ដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេក្នុងឆ្នាំ២០២៥ មានដូចជា៖
១.រុស្ស៊ី
រុស្សី គឺជាមហាអំណាចនុយក្លេអ៊ែរកំពូលរបស់ពិភពលោក និងមានប្រព័ន្ធអាតូមិកទំនើបបំផុត។ ប្រទេសនេះមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៥ ៤៤៩គ្រាប់ ដែលអាចបាញ់ចេញពីនាវាមុជទឹក យន្តហោះ ឬមីស៊ីល។
២.សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក ជាប្រទេសដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកនៅពីក្រោយរុស្ស៊ី បើគិតពីលើចំនួនអាវុធនុយក្លេអ៊ែរ។ នៅក្នុងឃ្លាំងយោធារបស់ខ្លួន មហាអំណាចផុតលេខមួយនេះមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៥ ២៧៧គ្រាប់។
៣.ចិន
ចិនជាប្រទេសអាស៊ីតែមួយគត់ ដែលស្ថិតក្នុងចំណោមមហាអំណាចនុយក្លេអ៊ែរកំពូលទាំងបី។ ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៦០០គ្រាប់ ប្រទេសនេះបានធ្វើការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ១៩៦៤ ហើយចាប់តាំងពីពេលនោះមក ខ្លួនបានអភិវឌ្ឍអាវុធនុយក្លេអ៊ែរជាច្រើនបន្តបន្ទាប់គ្នា។
៤.បារាំង
ប្រទេសបារាំង គឺជាឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេទីបួនរបស់ពិភពលោក ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ២៩០គ្រាប់។ មិនតែប៉ុណ្ណោះ ប្រទេសនេះគឺជាមហាអំណាចនុយក្លេអ៊ែរតែមួយគត់របស់សហភាពអឺរ៉ុប បន្ទាប់ពីការចាកចេញរបស់ចក្រភពអង់គ្លេស។
៥.ចក្រភពអង់គ្លេស
ចក្រភពអង់គ្លេសរក្សាឃ្លាំងអាវុធនុយក្លេអ៊ែរចំនួន ២២៥គ្រាប់ ដែលក្នុងនោះប្រហែល ១២០គ្រាប់អាចបំពាក់លើនាវាមុជទឹកមីស៊ីលបាលិស្ទិក។
៦.ឥណ្ឌា
យោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក ឥណ្ឌាមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១៨០គ្រាប់ដែលត្រូវបានរក្សាទុក។
៧.ប៉ាគីស្ថាន
ប៉ាគីស្ថាន គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងប្រាំបួននៅលើពិភពលោកដែលមានអាវុធនុយក្លេអ៊ែរ។ ប្រទេសនេះបានក្លាយជាមហាអំណាចនុយក្លេអ៊ែរនៅថ្ងៃទី២៨ខែឧសភាឆ្នាំ១៩៩៨ នៅពេលដែលខ្លួនបានធ្វើតេស្តនុយក្លេអ៊ែរដំបូងនៅខេត្ត Balochistan។ ប៉ាគីស្ថាន មានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ១៧០គ្រាប់។
៨.អ៊ីស្រាអែល
ថ្វីបើអ៊ីស្រាអែលមិនបានបញ្ជាក់ជាផ្លូវការអំពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ តែបើតាមរបាយការណ៍ប្រទេសនេះមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៩០គ្រាប់។
៩.កូរ៉េខាងជើង
ទោះបីជាមានការដាក់ទណ្ឌកម្មជាច្រើនពីសហគមន៍អន្តរជាតិ កូរ៉េខាងជើងនៅតែអាចធ្វើការសាកល្បងនុយក្លេអ៊ែរជាច្រើនដង ហើយសព្វថ្ងៃគេជឿថា ប្រទេសមួយនេះមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៥០គ្រាប់។

សូមជម្រាបថា នៅលើពិភពលោក អាវុធនុយក្លេអ៊ែរ ធ្លាប់ត្រូវបានប្រើប្រាស់ចំនួនតែ២ដងប៉ុណ្ណោះ ដោយសហរដ្ឋអាមេរិក កាលពីកំឡុងសង្គ្រាមលោកលើកទី២។ គ្រាប់បែកនុយក្លេអ៊ែរដំបូងគេបង្អស់ ដែលមានឈ្មោះថា «Little Boy» ត្រូវបានទម្លាក់កាលពីថ្ងៃទី៦ខែសីហាឆ្នាំ១៩៤៥ ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន បណ្ដាលឲ្យមនុស្សស្លាប់ប្រមាណ ១៤០ ០០០នាក់។ គ្រាប់បែកនុយក្លេអ៊ែរបន្ទាប់ ក៏ត្រូវអាមេរិកទម្លាក់នៅក្នុងប្រទេសជប៉ុនដូចគ្នា ស្ថិតនៅក្នុងទីក្រុងណាហ្គាសាគី កាលពីថ្ងៃទី៨ខែសីហាឆ្នាំ១៩៤៥។ គ្រាប់បែកនុយក្លេអ៊ែរនោះមានឈ្មោះថា «Fat Man» បណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិតប្រមាណ ៧០ ០០០នាក់។
ចាប់ពីពេលនោះមក គ្មានអាវុធនុយក្លេអ៊ែរណាផ្សេងទៀតដែលត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមនោះទេ។ ទោះបីជាយ៉ាងណា ការសាកល្បងនុយក្លេអ៊ែរនៅតែមាន ដោយក្បាលគ្រាប់នុយក្លេអ៊ែរជាង ២ ០០០គ្រាប់ ត្រូវបានធ្វើតេស្តនៅទូទាំងពិភពលោក ដោយបណ្ដាប្រទេសផ្សេងៗសម្រាប់ការបង្កើនសមត្ថភាពអភិវឌ្ឍ និងការរារាំង៕
ដោយ៖ ឈាង
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


