ព័ត៌មានអន្ដរជាតិ
[វិចារណកថា] តើកត្តាអ្វីខ្លះនឹងរារាំង ផែថងថាន ស៊ីណាវ៉ាត្រ ទទួលបានអំណាចវិញ?
តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានព្យួរតំណែងនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ពីតួនាទីរបស់លោកស្រីដោយរង់ចាំការសម្រេចថាតើលោកស្រីបានរំលោភលើបទដ្ឋានសីលធម៌ក្នុងការរំលោភរដ្ឋធម្មនុញ្ញដែរឬទេ បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទដ៏ចម្រូងចម្រាសជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ការព្យួរតំណែងនាយករដ្ឋមន្ត្រីថៃនាពេលនេះ គឺជារបត់នយោបាយថ្មីមួយទៀត បន្ទាប់ពីមានរឿងរ៉ាវជាហូរហែរក្នុងការដឹកនាំរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រក្នុងរយៈពេលត្រឹម១០ខែ ហើយរលកនៃនយោបាយថៃ ទំនងជាមិនអាចឲ្យលោកស្រី ផែថងថាន វិលទៅកាន់អំណាចដឹកនាំរដ្ឋាភិបាលជាថ្មីម្តងទៀតទេក្នុងអាណត្តិនេះ។
តើកត្តាអ្វីខ្លះដែលធ្វើឲ្យលោកស្រី ផែថងថាន មិនអាចវិលមកកាន់តួនាទីជានាយករដ្ឋមន្ត្រីវិញ?
មកដល់ពេលនេះ សំណុំរឿងនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ ស្ថិតនៅក្នុងកណ្តាប់ដៃនៃតុលាការធម្មនុញ្ញដែលត្រូវការពេលវេលា១៥ថ្ងៃ ដើម្បីត្រួតពិនិត្យពាក្យបណ្តឹងរបស់ក្រុមសមាជិកព្រឹទ្ធសភា៣៦រូប បន្ទាប់ពីតុលាការធម្មនុញ្ញ បានសម្រេចទទួលយក និងផ្អាកតួនាទីនាយករដ្ឋមន្ត្រី បណ្តោះអាសន្ន មុនការសម្រេចសាលក្រមជាផ្លូវការនៅពាក់ខែកក្កដានេះ។
សាលដីកាតុលាការធម្មនុញ្ញដែលគេរំពឹងថា នឹងមិនអាចប្រគល់តូនាទីដល់លោកស្រី ផែថងថាន ឲ្យវិលត្រឡប់ទៅកាន់អំណាចវិញនោះទេ ដោយសំអាងលើកត្តាមួយចំនួនដែលលេចធ្លោរក្នុងនយោបាយថៃដែលនាំទៅដល់ភាពវឹកវរ។
ការលេចធ្លាយសំឡេងសន្ទនា
សម្រាប់អ្នកនយោបាយថៃ និងមជ្ឈដ្ឋានប្រជាជនថៃ វាជាករណីដ៏ធ្ងន់ធ្ងរបំផុត ដែលនាយករដ្ឋមន្ត្រីនៃប្រទេសដែលមានសេដ្ឋកិច្ចរីកលួតលាស់លំដាប់លេខ២ក្នុងអាស៊ាន ទៅចរចាជាសម្ងាត់ជាមួយមេដឹកនាំនៃប្រទេសមួយទៀត ដែលតូចជាងខ្លួន ក្នុងលក្ខណៈចាញ់ប្រៀប ដែលនាំទៅដល់ការបាក់មុខបាក់មាត់ក្នុងឆាកអន្តរជាតិ។ ប៉ុន្តែផ្អែកតាមការពិតជាក់ស្តែង នាយករដ្ឋមន្ត្រី ដែលមិនមានអំណាចគ្រប់គ្រាន់ ក្តោបអំណាចពេញលេញក្នុងដៃ មិនអាចបញ្ជាទាហានរបស់ខ្លួន គឺតែងតែប្រើរបៀបចរចាសម្ងាត់ដើម្បីឲ្យភាគីម្ខាងទៀតយោគយល់ល់ខ្លួន ដើម្បីធ្វើឲ្យយ៉ាងឲ្យជីវិតនយោបាយរបស់ខ្លួនបន្តរស់។
ការដាក់សម្ពាធពីគណបក្សនយោបាយប្រឆាំង
គណបក្សនយោបាយក្នុងរដ្ឋាភិបាលចម្រុះ Bhumjaithai បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាល ដោយដាក់ការទាមទារឲ្យនយោបាយរដ្ឋមន្ត្រីចុះចេញពីអំណាច គឺជាទម្ងន់នយោបាយមួយដ៏ធ្ងន់ និងជាបន្ទុកដែលពិបាកដោះខ្លួនរបស់លោកស្រី ផែថងថាន ដោយសារតែគណបក្សដកខ្លួនចេញនេះ ជាគណបក្សដ៏ធំទី២ក្នុងរដ្ឋាភិបាលចម្រុះ។ ក្រៅពីគណបក្សនេះ គណបក្ស United Thai Nation ដែលជាគណបក្សធំលេខ៣ក្នុងរដ្ឋាភិបាលចម្រុះក៏បានទាមទារដាច់ខាតឲ្យ លោកស្រី ផែថងថាន ចុះចេញពីអំណាច បើទោះបីជាខ្លួនបង្ហាញជំហរបន្តរួមរស់ជាមួយរដ្ឋាភិបាលចម្រុះ។ ក្នុងបុព្វហេតុនេះ ធ្វើឲ្យរដ្ឋាភិបាលចម្រុះប្រឈមការដួលរលំដោយសារតំណាងរាស្រ្តក្នុងរដ្ឋាភិបាលចម្រុះតិចជាងក្រៅរដ្ឋាភិបាល។
ការដាក់សម្ពាធពីក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល
ក្រុមអ្នកតវ៉ាបានប្រកាសរួចជាស្រេចទៅហើយក្នុងថ្ងៃតវ៉ាលើកដំបូងកាលថ្ងៃទី២៨ខែមិថុនា ពីការទាមទារដាច់ខាតឲ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ចុះចេញពីអំណាចដាច់ខាត ហើយការតវ៉ារបស់ពួកគេគឺជាផ្នែកមួយនៃការដាក់សម្ពាធលើការសម្រេចរបស់តុលាការធម្មនុញ្ញ។ ក្នុងពេលតវ៉ានោះ ពួកគេបានបេ្តជ្ញាថា «ការតវ៉ារបស់ពួកគេនឹងកាន់តែធំ នៅពេលដែលនាយករដ្ឋមន្ត្រីបដិសេធចុះចេញពីអំណាច»។ បន្ទាប់ពីការតវ៉ានោះ តុលាការធម្មនុញ្ញ បានព្យួរតំណែងនាយករដ្ឋមន្ត្រី ផែថងថាន ដូចការរំពឹងទុក ហើយ លោកស្រី ផែថងថាន ក៏មិនបានរឹងទទឺងបដិសេធការសម្រេចនោះដែរ ដែលជាការបង្ហាញថា លោកស្រី ផែថងថាន ដឹងខ្លួនរួចជាស្រេចអំពីអំណាចដ៏ទន់ខ្សោយរបស់ខ្លួន។
អំណាចព្រឹទ្ធសភា
បណ្តឹងរបស់ព្រឹទ្ធសមាជិកថៃទៅកាន់តុលាការធម្មនុញ្ញមិនមែនជាលើកទី១ទេ សម្រាប់ការបញ្ឈរជើងនាយករដ្ឋមន្ត្រីនោះ។ កាលឆ្នាំមុន អតីតនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន មកពីគណបក្សភឿថៃដូចគ្នា បានរងបណ្តឹងរំលោភរដ្ឋធម្មនុញ្ញនេះ ដោយសារតែការតែងតាំងអតីតមេធាវីដែលស្និទ្ធជាមួយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រឲ្យចូលបម្រើការក្នុងគណៈរដ្ឋមន្ត្រីរបស់លោក។ ពេលនោះ តុលាការធម្មនុញ្ញ បានសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន និងឈានទៅបណ្តេញចេញជាផ្លូវការកាលខែសីហាឆ្នាំ២០២៤ ដោយចោទប្រកាន់ពីការខ្វះសុចរិភាព។ ក្នុងន័យនេះ កំហុសរបស់លោក សេដ្ឋា ថាវីស៊ីន ហាក់តូចតាចណាស់ធៀបនឹងអ្វីដែលកើតមានចំពោះលោស្រី ផែថងថាន ស៊ីណាវ៉ាត្រនៅពេលនេះ។
ជម្លោះជាមួយក្រុមយោធា
នៅក្នុងប្រទេសថៃ គេដឹងយ៉ាងទូលំទូលាយថា ក្រុមមេដឹកនាំយោធាមានទំនាក់ទំនងជិតស្និទ្ធនឹងព្រះរាជវាំងថៃ ដែលមិនអាចអនុញ្ញតឲ្យបុគ្គល ឬគណបក្សណាមួយប្រឆាំងបានឡើយ។ ក្នុងសារសំឡេងបែកធ្លាយ ច្បាស់ណាស់ថា លោកស្រី ផែថងថាន បានទម្លាក់កំហុសទៅលើមេដឹកនាំយោធាថៃ ដែលបង្កភាពល្អក់កករ បង្កអរិភាពនៅតាមព្រំដែនថៃនិងកម្ពុជា ដែលនាំទៅដល់ជម្លោះបង្ហូរឈាមផ្ទុះឡើង និងរាលដាលដល់ជម្លោះពាណិជ្ជកម្មឆ្លងដែន និងជម្លោះផ្សេងៗផ្ទុះឡើងជាបន្តបន្ទាប់។ នៅក្នុងស្ថាប័ន ព្រឹទ្ធសភា និងចៅក្រមតុលាការធម្មនុញ្ញ សុទ្ធតែមានឥទ្ធិពលយ៉ាងខ្លាំងពីក្រុមយោធា ព្រោះថាមេយោធាសំខាន់ៗដែលចូលនិវត្តន៍ គឺបានតួនាទីជាសមាជិកព្រឹទ្ធសភា។
រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ