Connect with us

កីឡា

ឥទ្ធិពល Messi នឹងធ្វើឱ្យ Miami បាត់បង់លុយច្រើនជាង ៣០០ លានដុល្លារ បើគាត់ចាកចេញ

បានផុស

នៅ

ក្លិប Inter Miami អាចប្រឈមមុខបាត់បង់ទឹកប្រាក់យ៉ាងច្រើនមហាសាល ប្រសិនបើ Lionel Messi សម្រេចចិត្តចាកចេញនៅចុងបញ្ចប់រដូវកាលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Lionel Messi និងថ្នាក់ដឹកនាំក្លិប Inter Miami

ថ្មីៗនេះមានសេចក្តីរាយការណ៍ថា ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ៣៨ ឆ្នាំកំពុងពិចារណាចាកចេញពីក្លិប Inter Miami ដោយសារមានការខកចិត្ត ចំពោះលទ្ធផលចាញ់ក្រុម Paris Saint-Germain ៤-០ នៅវគ្គ ១៦ ក្រុមចុងក្រោយពាន FIFA Club World Cup។ មូលហេតុធំមួយទៀត គឺគាត់ចង់ចាកចេញពីលីគកំពូល អាមេរិក MLS ដើម្បីស្វែងរកក្លិបផ្សេង ដែលមានកម្រិតប្រកួតប្រជែងខ្ពស់ ជាការត្រៀមខ្លួន និងពង្រឹងសមត្ថភាពឱ្យបានល្អប្រសើរ មុនព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (FIFA World Cup ២០២៦) មកដល់។

Lionel Messi ទល់នឹង Nuno Mendes

យោងតាមការចុះផ្សាយដោយសារព័ត៌មាន BOLA VIP បានឱ្យដឹងថា ក្លិប Inter Miami នឹងបាត់បង់ចំណូលប្រហែល ៣៥៤ លានដុល្លារអាមេរិក ប្រសិនបើតារាឆ្នើមម្ចាស់ពាន Ballon d’Or ៨ សម័យចាកចេញ។ ចាប់តាំងពី Leo Messi មកកាន់ក្រុម ដែលមានមូលដ្ឋាននៅរដ្ឋ ផ្លរីដា មួយនេះ បានធ្វើឱ្យ Inter Miami ទទួលបានកំណើនប្រាក់ចំណូលពីការលក់សំបុត្ររហូតដល់ទៅ ៣១២.៧ លានដុល្លារអាមេរិក។ ចំណែកចំណូលពីការផ្សាយការប្រកួតនៅលើ Apple TV ក៏មានការកើនឡើងផងដែរ ពោលពួកគេរកបានរហូតដល់ទៅ ៣៥ លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា Messi បានចូលរួមជាមួយ Inter Miami កាលពីរដូវក្តៅឆ្នាំ ២០២៣ ខណៈកិច្ចសន្យារបស់គាត់ នឹងអស់សុពលភាពនៅចុងឆ្នាំនេះហើយ ពោលគឺត្រឹមខែ ធ្នូ ឆ្នាំ ២០២៥។ យ៉ាងណា មកដល់ពេលនេះ គឺមិនទាន់មានព័ត៌មានណាមួយ បានបញ្ជាក់អំពីឆន្ទៈរបស់ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន ចង់បន្តកិច្ចសន្យថ្មីឡើយ៕

Lionel Messi

ប្រែសម្រួល៖ កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម