Connect with us

ព័ត៌មានអន្ដរជាតិ

​តូ ឡឹម ផ្តើម​ទស្សនកិច្ចនៅកូរ៉េខាងត្បូង​​ សម្រាប់​​​ចំណង​វិស័យពាណិជ្ជកម្ម​និង​ថាមពល​នុយ​ក្លេអ៊ែរ​​

បានផុស

នៅ

មេដឹកនាំកំពូល និង ជាអគ្គលេខាបក្សកុម្មុយនិស្តរបស់វៀតណាម លោក តូ ឡឹម (To Lam) បាន​ចាកចេញ​ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកូរ៉េ​​ខាង​ត្បូង​ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី​១៣ ខែសីហា ដើម្បី​​​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដែល​ទើប​ឡើង​កាន់​អំណាច​​កាល​ពី​ខែ​​​មថុនា​​​។ តាមការ​គ្រោង​ទុក​ភាគី​​​ទាំងពី​រ​នឹង​​​ផ្តើម​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​ក្នុងវិស័យជាច្រើន ទាំង​វិស័យពាណិជ្ជកម្ម​​ ទំនាក់​វប្បធម៌ ពិសេស​ថាម​ពល​នុយក្លេអ៊ែរ។​

អគ្គលេខាធិការ​បក្ស​កុម្មុយនិស្តវៀតណាម លោក To Lam និង ជំទាវ​ទី១​ Ngo Phuong Ly។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​មេដឹកនាំ​វៀតណាមរូប​នេះ​ បាន​ក្លាយ​ជាមេដឹកនាំបរទេសដំបូងដែ​ល​​បំពេញទស្សនកិច្ច​​​ផ្លូវរដ្ឋ​នៅប្រទេស​​កូរ៉េខាងត្បូង​ ចាប់តាំងពីរដ្ឋបាល ​របស់​​លោក Lee ឡើងកាន់តំណែង ក្រោយ​ការ​ឈ្នះឆ្នោត​​​​ដែលរៀបចំ​ឡើង​ បន្ទាប់​ពីតុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ទម្លាក់​ លោក ​​Yoon Suk Yeol ​ដោយសារ​តែ​មានកំហុស​​​ប្រកាស​ឲ្យ​ប្រើច្បាប់អាជ្ញាសឹក​ដ៏ចម្រូង​ចម្រាស​​កាល​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​២០២៤​។

តាមសេចក្តីរាយការណ៍របស់ korea.net អ្នកនាំពាក្យប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី​ Kang Yu-jung បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន​​ក្នុង​ពេលកន្លងមកថា ​ដោយនិយាយថា «តាមរយៈកិច្ចប្រជុំកំពូលរបស់​ថ្នាក់​ដឹកនាំ​កំពូល​ទាំងពីរ​ និងអាហារពេលល្ងាច​ផ្លូវ​រដ្ឋដែលគ្រោងធ្វើនៅថ្ងៃទី ១១ខែសីហា លោកប្រធានាធិបតី Lee គ្រោងនឹងជួបពិភាក្សាស៊ីជម្រៅជាមួយអគ្គលេខាធិការ Lam ស្តីពីហេដ្ឋារចនាសម្ព័ន្ធជាតិ ដូចជា រោងចក្រថាមពលនុយក្លេអ៊ែរ ផ្លូវរថភ្លើងល្បឿនលឿន និងទីក្រុងឆ្លាតវៃ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ធនធានមនុស្ស បន្ថែមលើនយោបាយ ពាណិជ្ជកម្ម និងការវិនិយោគ»​។

លោកស្រីបានបន្ថែមថា៖«​វៀតណាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កូរ៉េ និងជាសម្ព័ន្ធមិត្តស្នូលនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន»។

តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិកា​​បក្ស​វៀតណាម​ ទៅកាន់ប្រទេសកូរ៉េ​ខាងត្បូង​ មន្ត្រី​កូរ៉េខាងត្បូង រំពឹងថា នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានទិសដៅឆ្ពោះទៅអនាគត និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយប្រើប្រាស់ដំណើរទស្សនកិច្ចនេះជាឱកាសដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានបន្ថែមទៀត។

នៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់វៀតណាម VNA ដែលចេញផ្សាយនៅថ្ងៃដដែលនោះ លោកប្រធានាធិបតី Lee បាននិយាយថា «ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិកា Lam ទៅកាន់ប្រទេសកូរ៉េ នឹងកត់សម្គាល់ជាលើកដំបូងរបស់មន្ត្រីបរទេស និងជាភ្ញៀវរដ្ឋដំបូងគេដែលរដ្ឋបាលរបស់យើងបានស្វាគមន៍»​ ដោយបន្ថែមថា «នេះគឺជាភស្តុតាងនៃចេតនាដ៏រឹងមាំរបស់រដ្ឋបាលរបស់ខ្ញុំ និងខ្ញុំក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរតាមទិសដៅនាពេលអនាគត»។

ដោយលើកឡើងពីភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរ លោកបានមានប្រសាសន៍ថា៖​«មួយសែនគ្រួសារពហុវប្បធម៍ និងកម្មករវៀតណាមគឺជា«អ្នកការទូតឯកជន» ដែលជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី» ដោយបន្ថែមថា កូរ៉េ និងវៀតណាមគឺជា «ប្រទេសសាច់ថ្លៃ​​»​ តាមរយៈចំណង​​អាពាហ៍ពិពាហ៍​។

ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA/VLLF បាន​រាយការណ៍ថា​ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកដំបូង​ទៅកាន់​កូរ៉េខាងត្បូង​របស់​លោក​អគ្គលេខាធិការ Lam។ ​ដំណើរ​ទស្សនកិច្ច​នេះ​​​នឹង​ផ្តល់​ឱកាស​សម្រាប់​ភាគី​ទាំងពីរ​ដើម្បី​ចូលរួម​ក្នុង​ការពិភាក្សា​យុទ្ធសាស្ត្រ​ស៊ីជម្រៅ កំណត់​ទិសដៅ និង​វិធានការ​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​ក្នុង​លក្ខណៈ​សំខាន់ ទូលំទូលាយ និង​ប្រកបដោយ​ប្រសិទ្ធភាព៕​

រ៉ាន់ រើយ​

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-Myung
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម