ព័ត៌មានអន្ដរជាតិ
ស៊ុយអែតនឹងបាត់បង់«ឋានៈ»ជាប្រទេសលើកស្ទួយសនិ្តភាព សិទ្ធិមនុស្ស និងគួរឲ្យគោរព បើបន្តលក់ Gripen ឲ្យថៃ សម្រាប់ទង្វើឈ្លានពាន
ថៃជាប្រទេសតែមួយគត់នៅអាស៊ីអាគេ្នយ៍ ហៅកាត់ «អាស៊ាន» ដែលបានទិញយន្តហោះចម្បាំងប្រភេទ Gripen ផលិតដោយប្រទេសស៊ុយអែតសម្រាប់ប្រើប្រាស់ឈ្លានពានប្រទេសជាប់ខ្លួន។ ការប្រើប្រាស់សម្រាប់ការឈ្លានពានរបស់ថៃ ត្រូវបានអ្នកលេងបណ្តាញសង្គមមានទាំងជនជាតិកម្ពុជា និង ជនបរទេសផង បង្ហាញការតវ៉ាយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលស៊ុយអែត ដើម្បីឲ្យពិចារណាឡើងវិញនូវកិច្ចសន្យាដែលខ្លួនធ្វើជាមួយអាជ្ញាធរថៃ។

ប្រទេសស៊ុយអែតធ្លាប់តែមានកេរ្តិ៍ឈ្មោះល្អខ្លាំងក្នុងចំណោមប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អឺរ៉ុប ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសតាមរយៈគោលនយោបាយការបរទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អង្គការអន្តរជាតិ ដើម្បីធ្វើសកម្មភាពលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
ប្រទេសស៊ុយអ៊ែត អាចនឹងបាត់បង់ឋានៈជាប្រទេសដែលមានកេរ្តិ៍ល្អ ស្អាតស្អំ និងអាចថាជាជើងឯកក្នុងលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និង ជាប្រទេសដែលគួរឲ្យកោតសរសើរលើកកត្តាជាច្រើនទៀតក្នុងឆាកអន្តរជាតិ ដរាបណា ស៊ុយអែតនៅតែបន្តលក់យន្តហោះចម្បាំង Gripen E/F ជំនាន់ថ្មីទៅឲ្យប្រទេសថៃដែលប្រើប្រាស់សម្រាប់ទង្វើឈ្លានពានមកលើប្រទេសកម្ពុជាដែលនៅជិតខាង។
ក្នុងអំឡុងពេលផ្ទុះអាវុធរយៈពេល៥ថ្ងៃ៥យប់ ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែសីហា សារព័ត៌មានថៃ បានផ្សាយជាបន្តបន្ទាប់ថា យោធាថៃ (RTA) បានប្រើប្រាស់យន្តហោះចម្បាំង ប្រភេទ Gripen C/D ដែលថៃបានទិញពីប្រទេសស៊ុយអែតកាលឆ្នាំ២០១១ ដាក់ឲ្យប្រតិបត្តិការយោធា រួមជាយន្តយន្តហោះចម្បាំង F-16។
ក្នុងប្រតិបត្តិការវាយប្រហារកម្ពុជា ដោយការប្រើប្រាស់យន្តហោះចម្បាំងទំនើបដែលមានល្បឿនលឿនជាងសំឡេង និងមានប្រសិទ្ធភាពខ្ពស់ក្នុងការវាយប្រហារទម្លាក់គ្រាប់បែក យោធាថៃត្រូវបានរកឃើញថា បានវាយប្រហារប្រាសាទ ព្រះវិហារដែលជាទីតាំងសម្បត្តិបេតកភណ្ឌពិភពលោក វត្តអារាម និងលំនៅឋានរបស់ប្រជាជន និង បានសម្លាប់ប្រជាជនស៊ីវិលជាច្រើននាក់ទៀតផង។
ក្នុងចេតនាបំបាក់ស្មារតីកងទ័ព និងប្រជាជនកម្ពុជា សារព័ត៌មានថៃ បានប្រឹងបំពងសំឡេងរបស់មេទ័ពថៃ អំពីការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រភេទយន្តចម្បាំងសេរីទំនើបខាងលើ ប៉ុន្តែថៃខ្លួនឯង អាចនឹងប្រឈមបទល្មើស «ឧក្រិដ្ឋកម្មសង្គ្រាម (War Crime)» នៅបេលដែលកម្ពុជា និង ប្រជាជនក្នុងសហគមន៍ដាក់ពាក្យប្តឹងទៅកាន់តុលាការអន្តរជាតិនៅពេលក្រោយការប្រយុទ្ធគ្នា។

ប្រទេសស៊ុយអែត បានលក់យន្តហោះចម្បាំង ប្រភេទ Gripen C/D ដែលប្រទេសថៃកាលឆ្នាំ២០០៨ និងទទួលយកមកប្រើប្រាស់កាលឆ្នាំ២០១១។ រហូតដល់ពេលនេះ ប្រទេសថៃមានយន្តហោះចម្បាំង Gripen C/D ចំនួន១១គ្រឿង ហើយ គ្រោងទិញយន្តហោះ Gripen E/F ជំនាន់ថ្មី។
កាលពីថ្ងៃអង្គារសប្តាហ៍មុន គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តជាផ្លូវការនូវការទិញយន្តហោះចម្បាំង Saab JAS 39 Gripen E/F ចំនួន៤គ្រឿងពីប្រទេសស៊ុយអែត ដែលមានតម្លៃ ១៩,៥ ពាន់លានបាត (៥៥០លានដុល្លារ) ដើម្បីបង្កើនចំនួនយន្តហោះចម្បាំងGripen បន្ថែមពីលើក Gripen C/D ដែលមានស្រាប់ចំនួន ១១គ្រឿង។ យោងសារព័ត៌មានថៃ The Nation ប្រទេសថៃគ្រោងនាំចូលយន្តហោះ Gripen E/F ចំនួន១២គ្រឿងរហូតដល់ឆ្នាំ២០២៩។

មេយោធាថៃសំខាន់ៗ ប្រឈម«ឧក្រិដ្ឋកម្មសង្គ្រាម» ដោយសារតែការចេញបញ្ជាឲ្យប្រើប្រាស់យន្តហោះចម្បាំង F-16 និង Gripen C/D វាយប្រហារតំបន់វប្បធម៌ និងជនស៊ីវិល ដែលជាបម្រាមដាច់ខាតក្នុងគោលដៅវាយប្រហារក្នុងសមរភូមិសង្គ្រាម។
កម្ពុជាអាចប្តឹង ប្រទេសថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយសារតែថៃបើកការបាញ់ប្រហារតាមផ្លូវអាកាសដោយការប្រើប្រាស់យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក និង យន្តហោះចម្បាំង Gripen ដែលទិញពីស៊ុយអែតនេះ។
សារព័ត៌មានថៃ បានដកស្រង់ប្រភពពីកងទ័ពថៃ (RTA) និងមេញ្ជាការកងទ័ពជើងគោកភូមិភាគ២ ដែលបាននិយាយម្តងហើយម្តងទៀតអំពីការប្រើប្រាស់យន្តហោះចម្បាំង ប្រភេទ F-16 ដែលទិញពីអាមេរិក និងប្រភេទយន្តចម្បាំង Gripen C/D ពីប្រទេសស៊ុយអែតកាលឆ្នាំ២០១១ សម្រាប់ការវាយប្រហារលើប្រទេសកម្ពុជា។
ការប្រើប្រាស់យន្តហោះចម្បាំងទាំងនោះក្នុងគោលដៅការពារខ្លួនគឺមិនខុសទេ ប៉ុន្តែការប្រើប្រាស់ដើម្បីគោលដៅវាយប្រហារឈ្លានពាន គឺជារឿង«ខុសច្បាប់» ជាពិសេសនោះ គឺការប្រើប្រាស់វាយប្រហារលើទីតាំងជនស៊ីវិល មន្ទីរពេទ្យ ឬក៏ទីតាំងសម្បត្តិវប្បធម៌។
ការវាយប្រហារលើទីតាំងទាំងនេះត្រូវបានចែងថា ជា«ឧក្រិដ្ឋកម្មសង្គ្រាម»។
ប្រទេសថៃបានចាប់ផ្តើមទិញយន្តហោះចម្បាំងប្រភេទ Gripen C/D ដំបូងក្នុងឆ្នាំ២០០៨ ពេលដែលប្រទេសថៃបានបង្កជម្លោះរួចចូលឈ្លានពានកម្ពុជាលើតំបន់ប្រាសាទព្រះវិហារ ក្រោយកម្ពុជាបានដាក់បញ្ចូលតំបន់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយជោគជ័យ។
តំបន់ប្រាសាទព្រះវិហារ កម្ពុជាបានឈ្នះក្តីនៅតុលាការយុត្តិធម៌អន្តរជាតិកាលឆ្នាំ១៩៦២។ តំបន់បុរាណដ្ឋានដ៏ពិសិដ្ឋនេះ ត្រូវបានថៃចូលឈ្លានពានកាន់កាប់ ដោយខុសច្បាប់រំលោភលើផែនទីដែលរដ្ឋាភិបាលសៀម (បច្ចុប្បន្នថៃ) បានចុះហត្ថលេខាយល់ព្រមក្នុងឆ្នាំ១៩០៤-១៩០៧៕
អ្នកលេងបណ្តាញសង្គមម្នាក់ដែលបានបន្តបញ្ចេញមតិជាបន្តបន្ទាប់នៅលើទំព័របណ្តាញសង្គម Embassy of Sweden ដែលជាទំព័រផ្លូវការរបស់ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកកថា៖«សូមគោរពស៊ុយអែត៖ មុនលក់យន្តហោះឬអាវុធណាមួយទៅឲ្យថៃ សូមចងចាំថា ការលក់បែបនោះអាចបណ្តាលឲ្យស្លាប់ជនស្លូតត្រង់ «សូមគិតពីប្រជាជន សូមគិតពីមនុស្សជាតិ»។
អ្នកលេងបណ្តាញសង្គមម្នាក់ទៀត លោក Visy Kim បានសរសេរថា ប្រទេសស៊ុយអែតជាប្រទេសទទួលបានការកោតសរសើរជាយូរមកហើយចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព អព្យាក្រឹត្យភាព និងការលើកកម្ពស់សេចក្តីថ្លៃថ្នូរមនុស្សជាតិ ត្រូវតែឆ្លុះបញ្ចាំងលើការអនុវត្តអន្តរកម្មឲ្យកាន់តែទូលំទូលាយ។
លោកថា វាជារឿងដ៏គួរឲ្យខកចិត្តខ្លាំងណាស់ ដោយការបន្តលក់យន្តហោះចម្បាំង Gripen ពីស៊ុយអែតទៅឲ្យប្រទេសថៃនៅពេលវេលានៃភាពតានតឹងក្នុងតំបន់កើនឡើងខ្ពស់៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


