Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ នឹងជួបព្យុះថ្មីមួយទៀត ខណៈព្យុះចាស់កំពុងបង្កការខូចខាតធ្ងន់ធ្ងរ

បានផុស

នៅ

ទុក្ខជាន់ទុក្ខ ព្យុះត្រូពិចថ្មីមួយទៀតនឹងបក់មកកាន់ប្រទេសថៃ ដែលអាចប៉ះពាល់ដល់ភាគខាងជើង ភាគឦសាន និងភាគខាងកើត ខណៈប្រទេសនេះកំពុងរងគ្រោះដោយសារព្យុះ Kajiki ធ្ងន់ធ្ងរស្រាប់ទៅហើយ។

ទឹកជំនន់ក្នុងខេត្ត Mae Hong Son
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន The Nation ផ្សាយថា បើតាមទំព័រហ្វេសប៊ុក «fahfonth» កាលនៅថ្ងៃព្រហស្បតិ៍នេះបានបង្ហោះព័ត៌មានថ្មីៗទាក់ទងនឹងការកកើតនៃព្យុះត្រូពិចថ្មីមួយនៅភាគខាងកើតនៃប្រទេសវៀតណាម ដែលរំពឹងថានឹងបោកបក់មកលើប្រទេសថៃចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា។ គេហទំព័រនេះក៏ព្រមានពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ ជាពិសេសប៉ះពាល់ដល់តំបន់ភាគខាងជើង ឦសាន និងភាគខាងកើតនៃប្រទេសថៃ។

លើសពីនេះនាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១១ ខែកញ្ញា។ ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៦ ខែកញ្ញា នឹងមានភ្លៀងធ្លាក់ទូទាំងប្រទេស ដោយមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើង និងឦសាន។ ចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ៣ ខែកញ្ញា​នឹងមានខ្យល់បក់ខ្លាំង។ អាជ្ញាធរថៃកំពុងជំរុញឱ្យប្រជាពលរដ្ឋខ្លួនប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយទាំងនេះ ខណៈកំពុងកើតឡើងញឹកញាប់និងកាន់តែធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា​ប្រទេសថៃនៅពេលនេះកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះ Kajiki យ៉ាងធ្ងន់ធ្ងរ ជាពិសេសខេត្តស្ថិតនៅប៉ែកខាងជើងប្រទេស​ ដូចជា Mae Hong Son, Chiang Mai និង Chiang Rai ដោយទឹកជំនន់វាយប្រហារដាច់ផ្លូវ លិចផ្ទះពលរដ្ឋ បាក់ដីភ្នំ មនុស្សម្នាជម្លៀសចេញ និងបណ្ដាលឲ្យមានពលរដ្ឋស្លាប់និងរបួសជាច្រើននាក់ទៀត៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម